ភ្នំពេញ ៖ ក្លិបបាល់ទាត់ក្រសួងការពារជាតិ បានសម្រេចចិត្តដាក់កីឡាករបរទេសឲ្យលេងនៅក្នុងក្រុមរបស់ខ្លួនសម្រាប់ការប្រកួត League ឆ្នាំ២០១៥នេះ។ លោកឧត្តមសេនីយ៍ឯក តែម ម៉ឺន ប្រធានមជ្ឈមណ្ឌលកីឡាកងយោធពលខេមរភូមិន្ទមានប្រសាសន៍ថា យោងតាមបទបញ្ជាប្រកួត League របស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជាដែលអនុញ្ញាតឲ្យក្រុមដែលលេងក្នុង Leagueមានសិទ្ធិចុះបញ្ជីកីឡាករបរទេសបាន០៥រូប និងអនុញ្ញាតឲ្យមាន០៣រូបក្នុងទីលាននោះ ក្លិបបាល់ទាត់របស់ក្រសួងការពារជាតិសម្រេចទិញកីឡាករបរទេសចំនួន០៥រូប។
កីឡាករបរទេសទាំង០៥រូបនោះ មាន០២រូបជាជនជាតិជប៉ុន និង០៣រូបទៀតជាកីឡាករស្បែកខ្មៅមកពីអាហ្វ្រិក។ ជាមួយនឹងការទិញកីឡាករបរទេសឲ្យមកជួយលេងនេះ លោក តែម ម៉ឺន មានជំនឿចិត្តថា ក្រុមរបស់លោកនឹងស្ថិតក្នុងចំណាត់ថ្នាក់ល្អក្នុង League ឆ្នាំ២០១៥នេះ។
ការប្រកួតក្នុងក្របខ័ណ្ឌLeague គ្រប់ប្រទេសទាំងអស់សុទ្ធតែទិញកីឡាករបរទេសមកដាក់ឲ្យលេង។ ក្លិបបាល់ទាត់ក្រសួងការពារជាតិគឺជាក្លិបចុងក្រោយហើយ ដែលដាក់ឲ្យមានកីឡាករបរទេសលេងនោះ។
គួរបញ្ជាក់ថា ក្លិបបាល់ទាត់ក្រសួងការពារជាតិ គឺជាក្លិបបាល់ទាត់ដែលលេងក្នុង Leagueតែមួយគត់ ដែលមិនទទួលយកកីឡាករបរទេសដាក់ឲ្យលេង។ ក្នុង League ឆ្នាំ២០១៤កន្លងមក ទោះបីក្រុមក្រសួងការពារជាតិរក្សាកៅអីក្នុងLeague បានមែនក៏ដោយ ក៏រក្សាបានទាំងប្រផិតប្រផើយដែរ៕
0 Comments