កំពង់ស្ពឺ ៖ យុវជនម្នាក់បានស្លាប់បាត់បង់ជីវិតភ្លាមៗលើស្ពានគុណគ្រូ ដោយសារតែជិះម៉ូតូក្នុងល្បឿនលឿនជ្រុលទៅបុកបង្កាន់ដៃស្ពាន បានបោកក្បាលស្លាប់ ព្រោះមិនមួកការពារសុវត្ថិភាព។
ហេតុគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតមានឡើងនៅវេលាម៉ោង១៣ និង៣០នាទី ថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០១៥ ស្ថិតលើស្ពានគុណគ្រូ ផ្លូវជាតិលេខ៤១ ក្នុងភូមិកំណប់ ឃុំរលាំងគ្រើល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
លោក ស៊ុន ស្រុន មន្ត្រីកងរាជអាវុធហត្ថស្រុកសំរោងទងដែលឈរជើងប្រចាំស្នាក់សន្តិសុខផ្លូវជាតិលេខ៤១ ក្បែរគល់ស្ពាននោះបានប្រាប់ឱ្យដឹងថា ជនរងគ្រោះដែលជិះម៉ូតូបុកបង្កាន់ដៃស្ពានគុណគ្រូមានឈ្មោះ សី ចៅវណ្ណ ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរកម្មកររោងចក្រសាងវ៉ូ មានទីលំនៅភូមិដែកភ្លើង ឃុំរលាំងគ្រើល ស្រុកសំរោង ទងជិះម៉ូតូម្នាក់ឯង ម៉ាកហុងដាស្កុបពីពណ៌ស ពាក់ស្លាកលេខភ្នំពេញ1BL.4037 ធ្វើដំណើរមកពីទិសខាងជើងទៅត្បូង ដោយគ្មានពាក់មួកការពារសុវត្ថិភាពឡើយ។ សាក្សីបាននិយាយថា មុនពេលកើតហេតុ ពួកគាត់បានឃើញម៉ូតូស្កុបពីមួយគ្រឿង ពណ៌សរ បើកដោយយុវជនម្នាក់ក្នុងល្បឿនយ៉ាងលឿនមកពីជើងទៅត្បូង លុះមកដល់លើស្ពានគុណគ្រូ ស្រាប់តែរេចង្កូតជ្រុលទៅបុកបង្កាន់ដៃស្ពានពេញមួយទំហឹង។ ប្រភពបន្តថា បន្ទាប់ពីគ្រោះថ្នាក់ជនរងគ្រោះបានបោកក្បាលបែកលលាដ៍ស្លាប់ក្នុងថ្លុកឈាម ហើយសមត្ថកិច្ចបានស្រាវជ្រាវរកសាច់ញាតិក្រុមគ្រួសារទទួលយកទៅធ្វើបុណ្យតាមប្រពៃណី។
សមត្ថកិច្ចបានបញ្ជាក់ថា ចំណុចស្ពានគុណបានក្លាយទៅជាកន្លែងគ្រោះបំផុតសម្រាប់ផ្លូវជាតិលេខ៤១នេះ ដោយសារតែនៅរង្វង់មូលសួនច្បារលម្អក្បាលស្ពានទាំងសងខាង មន្ត្រីជំនាញមន្ទីរសាធារណៈការមិនបានដាក់ស្លាកសញ្ញាណចរាចរណ៍ឱ្យបានត្រឹមត្រូវ ដែលបណ្ដាលឱ្យអ្នកបើកបរ បើកបុករង្វង់មូលនោះមានអ្នកស្លាប់ និងរបួសជាញឹកញាប់ ហើយបញ្ហានេះខាងអាជ្ញាធរហាក់នៅតែមិនបានចាប់អារម្មណ៍ ទើបអ្នករស់នៅក្បែរៗកន្លែងកើតបាននាំគ្នាយកសន្លឹកឌីសចាស់ៗបិតតាមខឿនសួនច្បារដើម្បីធ្វើជាសញ្ញាចំណាំងផ្លាតបណ្ដោះអាសន្ន ពេលខ្លះមានអ្នកហាមឃាត់ទៀតផង។
ប្រជាពលរដ្ឋបានសំណូមពរដល់ខាងមន្ត្រីជំនាញមេត្តាត្រួតពិនិត្យមើលចំណុចរង្វង់មូលគល់ស្ពានគុណគ្រូនេះផង ដើម្បីដាក់ស្លាកសញ្ញាចរាចរណ៍សម្រាប់អ្នកបើកបរមើលឃើញ និងការពារគ្រោះថ្នាក់ផ្សេងៗ។
មន្ត្រីជំនាញចរាចរណ៍ក្រើនរំឮកថា អ្នកបើកបរទោចចក្រយានយន្ត គ្រប់រូបរាល់ពេលធ្វើដំណើរ ត្រូវតែពាក់មួកការពារសុវត្ថិភាពគ្រប់ពេលវេលា ដើម្បីការពារអាយុជីវិតរបស់យើងនៅពេលកើតមានករណីគ្រោះថ្នាក់ចរាចរណ៍ ដូចជាករណីខាងលើនេះ បើសិនជាជនរងគ្រោះមានពាក់មួកសុវត្ថិភាពអាចគេចផុតពីថ្នាក់ដល់ជីវិតបាន៕
រដ្ឋឋានៈ
0 Comments