Ad Code

អ្នកលក់​ផ្កាអង្គារសិល្ប៍​ថ្ងួចថ្ងូរ​រឿង​បង់​តាមផ្លូវ​ច្រើន​ ហើយ​ផ្កា​ត្រូវ​រីក​មុន​រដូវ​


បាត់ដំបង ​៖ ឆ្នាំនេះ​អ្នកលក់​ផ្កាអង្គារសិល្ប៍​មួយចំនួន​បាន​ថ្ងួចថ្ងូរ​យ៉ាង​ខ្លាំង​ ដោយសារតែ​ផ្កា​ឆាប់​រីក នៅ​មុន​ថ្ងៃ​ចូលឆ្នាំ ហើយ​ម្យ៉ាងទៀត​ការ​ដឹក​ដើម​ផ្កា​មក​តាម​ផ្លូវត្រូវ​បង់លុយ​ជាច្រើន​កន្លែង​ថែមទៀត​

គឺ​តាំងពី​ចេញដំណើរ​ពី​ជើងភ្នំ​ក្រវាញ​ខេត្តពោធិ៍សាត់​រហូតដល់​កន្លែង​លក់​នៅ​ខេត្តបាត់ដំបង គឺ​ស្ទើរតែ​រក​ប្រាក់​ចំណេញ​ត្រឡប់​ទៅ​ផ្ទះ​វិញ​មិនឃើញ​ឡើយ​។​

ជា​រៀងរាល់​ឆ្នាំ​នៅក្នុង​អំឡុង​ខែកុម្ភៈ គឺជា​ថ្ងៃ​ចូលឆ្នាំ​ប្រពៃណី​របស់​ជនជាតិ​ចិន និង​វៀតណាម​

ដូច្នេះ​ការរៀបចំ​ការ​តុបតែង​លំអ​តាម​លំនៅដ្ឋាន ​ត្រូវ​បាន​គេ​រៀបចំ​យ៉ាង​ប្រណិត​សម្រាប់​អបអរ​ថ្ងៃ​បុណ្យ​ចូលឆ្នាំ​ ដែល​ការ​តុបតែង​នោះ​គឺ​គេ​មិនដែល​រំលង​ឡើយ​នូវ​ដើម​ផ្កាអង្គារសិល្ប៍​ ដោយ​គេ​បាន​រៀបចំ​ដាក់​នៅក្នុង​ថូ​ត្រាំ​ទឹក​ ដើម្បីឲ្យ​ដើម​ផ្កា​នេះ​ចេញ​ផ្កា​ពណ៌​លឿង​ស្រស់បំព្រង​ នា​ថ្ងៃ​ចូលឆ្នាំ ព្រម​ទាំង​មាន​ចង​ព្យួរ​នូវ​ស្រោម​អាំង​ប៉ាវ​ព្រោងព្រាត​ ដើម្បី​ជា​និម្មិត​សញ្ញា​នូវ​ការ​ប្រកប​របរ​រក​ស៊ី​ឲ្យបាន​រីក​ចម្រើន​នា​ឆ្នាំ​បន្ទាប់​ទៅ​ខាង​មុខ​ផង​ដែរ​។​

ទន្ទឹម​នឹង​តម្រូវការ​របស់​ជនជាតិ​ចិន និង​វៀតណាម​នេះ​ដែរ​ ប្រជាពលរដ្ឋ​ដែល​ភាគច្រើន​រស់នៅ​ខេត្តពោធិ៍សាត់ ​ក៏បាន​ចេញដំណើរ​ឡើង​ទៅ​លើ​ខ្នងភ្នំ​ក្រវាញ និង​វាល​ប្រា​សាក់ វាលវែង នៅ​មុន​ថ្ងៃ​ចូលឆ្នាំ​ប្រហែល​កន្លះ​ខែ ដើម្បី​ស្វែងរក​កាប់​ដើម​ផ្កាអង្គារសិល្ប៍​ដែល​មាន​មែក​តូចៗ​បែក​សាខា​នាំ​យក​មកកាន់​ទីផ្សារ​នានា​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា និង​ដាក់​លក់​ជូន​ដល់​អតិថិជន​ដែល​ត្រូវការ​ដើម​ផ្កា​នេះ។​

បុរស​ម្នាក់​ដែល​កំពុង​អង្គុយ​យក​ខ្សែ​រុំ​ដើម​ផ្កា​ដើម្បី​ដាក់​ត្រាំ​ក្នុង​ទឹក​ធុង​នា​ក្បាល​ស្ពានថ្ម​ថ្មី​ត្រើយ​ខាងកើត ក្នុង​ក្រុង​បាត់ដំបង​បាន​រៀបរាប់​ក្នុង​ន័យ​ត្អូញត្អែរ​ថា ​ឆ្នាំនេះ​ការ​នាំ​ដើម​ផ្កា​យក​មក​លក់​ប្រហែលជា​មិន​ចំណេញ​ដូច​ឆ្នាំមុនៗ​ទេ​មើលទៅ ព្រោះ​ការ​ដឹក​យក​មក​ពី​តំបន់​ជួរ​ភ្នំក្រវាញ​មក​លក់​នៅ​ខេត្តបាត់ដំបង​នេះ ​ត្រូវ​ជួល​រថយន្ត​គេ​ដឹក ហើយ​ក្នុង​មួយ​គ្រឿង​ត្រូវ​ដាក់​០៤​ទៅ​០៥​ម្ចាស់​ទើប​ពេញ​រថយន្ត ម្យ៉ាងទៀត​កុំ​ឲ្យ​ខាត​ថ្លៃ​សោហ៊ុយ​ផង​។​

បុរស​រូប​នោះ​បាន​បន្ត​ថា គ្រាន់តែ​រថយន្ត​ចាប់ផ្តើម​វិល​កង់​ភ្លាម​គឺ​មាន​ក្រុម​នេះ ក្រុម​នោះ​មក​ចាំ​យក​លុយ​ជាស្រេច ដោយ​តម្រូវ​ក្នុង​មួយ​រថយន្ត​ចាប់ពី៥០.០០០​ម៉ឺន​ដល់​២០០.០០០ម៉ឺន​រៀល​ បើ​មិន​បាន​បង់​លុយ​ឲ្យ​ពួកគេ​ទេ​នោះ​ គេ​នឹង​ចាប់​ទាំង​រថយន្ត ទាំង​មនុស្ស​យក​ទៅ​កន្លែង ដោយសារតែ​ខ្លាច​ពួកគាត់​ចេះតែ​នាំគ្នា​រៃអង្គាស ប្រមូលគ្នា​ដើម្បី​បង់​ឲ្យ​គេ​ទើប​ចេញដំណើរ​ទៅ​បាន​។​

អ្នកលក់​ផ្កា​បាន​សង្កត់​ធ្ងន់​ថា បើ​ទោះ​បី​ជា​មាន​ការ​យក​លុយ​នៅ​តាម​ផ្លូវ​ជា​ហូរហែ​ក៏ដោយ​ ក៏​គ្មាន​ត្រង់ណា​ថ្លៃ​ជាង​ការ​ឆ្លង​ព្រំប្រទល់​ចូល​ទឹកដី​ខេត្តបាត់ដំបង​ឡើយ​គឺ​មាន​មួយ​កន្លែង​ទារ​លុយ​

រហូតដល់​២០០​ដុល្លារ​ក្នុង​រថយន្ត​មួយ​គ្រឿង ​ដែល​ធ្វើ​ឲ្យ​ពួកគាត់​ស្ទើរ​លោះ​ព្រលឹង ប៉ុន្តែ​ទោះបី​ជា​យ៉ាង​ណាក៏ដោយ​ក៏​ចេះតែ​ទ្រាំ​អង្វរ​គេ​រហូត​ធ្លាក់​នៅ​ត្រឹម​ជាង​មួយ​រយ​ដុល្លារ​ប៉ុណ្ណោះ​។​

ការចាយវាយ​លើ​ការ​ដឹកជញ្ជូន​វា​អស់​ក្រឺត​ទៅ​ហើយ ពេល​មក​ដល់​កន្លែង​ដាក់​លក់​គឺ​ត្រូវ​កម្លាំង​សមត្ថកិច្ច​ក្រុង​បាន​ចុះ​មក​កត់​ឈ្មោះ​អ្នកលក់​ផ្កា​ទាំងអស់​ដោយ​បាន​បង្ហើប​តិចៗ​ថា​ឆ្នាំនេះ​មិន​យក​ច្រើន​ដូច​ឆ្នាំមុន​នោះ​ទេ ​ហើយក៏​គេ​ទៅ​បាត់ លុះ​ទើបនឹង​រៀបចំ​ដើម​ផ្កា​ដើម្បី​ដាក់​លក់​បានតែ​ប៉ុន្មាន​ថ្ងៃ​ស្រាប់តែ​ដើម​ផ្កា​បាន​ចាប់​ផ្តើម​ចេញ​ផ្កា​មុន​រដូវ​ទៀត​ដែល​ធ្វើឲ្យ​អតិថិជន​លែង​ចង់​ទិញ ព្រោះ​ពេល​គេ​យក​ទៅ​រៀបចំ​ដាក់​តាំង​ទម្រាំ​ដល់​ថ្ងៃ​ចូលឆ្នាំ​គឺ​ផ្កា​នោះ​នឹង​រោយ​អស់​ជា​មិន​ខាន​ឡើយ ដូច្នេះ​គេ​ទិញ​យក​តែ​ដើម​ណា​ដែល​ទើបតែ​ចេញ​ពន្លក​តែប៉ុណ្ណោះ ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​ពួកគាត់​កាន់តែ​ដុនដាប​ខ្លាំង​ឡើង​ថែមទៀត​។ ​ទាំងនេះ​គឺជា​ការ​ថ្ងួចថ្ងូរ​របស់​អាជីវករ​លក់​ផ្កាអង្គារសិល្ប៍​នៅក្នុង​ទឹកដី​ខេត្តបាត់ដំបង​៕

សោ និយម​រ័ត្ន​

Post a Comment

0 Comments

Close Menu