Ad Code

អគ្គិសនី​កម្ពុជា​ចុះ​ភ្ជាប់​ចរន្ត​ដល់​ផ្ទះ​ជួល​ និង​បន្ទប់​ជួល​នៅ​ខណ្ឌ​ចំនួន​៣​បាន​៨,១៤៨​បន្ទប់​


ភ្នំពេញ ៖ សេចក្តី​ប្រកាស​ព័ត៌មាន​របស់​អគ្គិសនី​កម្ពុជា ចាប់ពី​ថ្ងៃទី​២៩​ ខែ​មករា ​មកដល់​ថ្ងៃទី​៨ ខែ​កុម្ភៈ​ អគ្គិសនី​កម្ពុជា​បាន​ចុះ​យុទ្ធនាការ​ត​ភ្ជាប់​ចរន្តអគ្គិសនី​តំលៃ​៦១០​រៀល ដែល​ជា​អត្រា​ថ្លៃ​អនុ​គ្រោះ​ជូន​ដល់​អ្នកប្រើប្រាស់​ក្រោម​៥០​គីឡូវ៉ាត់ម៉ោង​ក្នុង​មួយ​ខែ​នៅ​ខណ្ឌ​ចំនួន​៣​បាន​៨,១៤៨​បន្ទប់​។​

កាលពី​ថ្ងៃទី​៩ ខែ​កុម្ភៈ អគ្គិសនី​កម្ពុជា​បាន​សេចក្តី​ប្រកាស​ព័ត៌មាន​មួយ​បាន​ឲ្យ​ដឹង​ថា អគ្គិសនី​កម្ពុជា​បាន​ត​ភ្ជាប់​ចរន្តអគ្គិសនី​៦១០​រៀល ដែល​ជា​អត្រា​ថ្លៃ​អនុគ្រោះ​ជូន​ដល់​អ្នកប្រើប្រាស់​ក្រោម ៥០​គីឡូវ៉ាត់ម៉ោង​ក្នុង​មួយ​ខែ​ ចាប់ពី​ថ្ងៃទី​២៩ ខែ​មករា មកដល់​ថ្ងៃទី​៨ ខែ​កុម្ភៈ ឆ្នាំ​២០១៥​នេះ​ បាន​ចំនួន​៨,១៤៨​បន្ទប់​។​

អគ្គិសនី​កម្ពុជា​កោតសរសើរ និង​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ជូន​ចំពោះ​ម្ចាស់​ផ្ទះ​ជួល បន្ទប់​ជួល ដែល​បាន​ផ្តល់​សហការ​យ៉ាង​ល្អ អាជ្ញាធរ​មូលដ្ឋាន និង​កងកម្លាំង​ប្រដាប់​អាវុធ​គ្រប់​ជាន់​ថ្នាក់ ដែល​បាន​ផ្តល់​ការ​គាំទ្រ និង​សហការ​ពេញលេញ​បងប្អូន​ប្រជាពលរដ្ឋ ដែល​ជួល​ផ្ទះ​ បន្ទប់​ជួល ហើយ​និយោជិត​អគ្គិសនី​កម្ពុជា​ដែល​បាន​ខិតខំ​មិន​ខ្លាច​នឿយហត់​។

លោក​ កែវ រតនៈ ប្រតិភូ​ទទួលបន្ទុក​អគ្គ​នាយក​អគ្គិសនី​កម្ពុជា​បាន​ប្រាប់​អ្នកកាសែត​កាលពី​ថ្ងៃទី​៨​ ខែកុម្ភៈ​ថា ​អគ្គិសនី​កម្ពុជា​បាន​ត​ភ្ជាប់​បណ្ដាញ​អគ្គិសនី​ដែល​មាន​តម្លៃ​អនុគ្រោះ​៦១០​រៀល ក្នុង​១​គីឡូវ៉ាត់ម៉ោង ក្នុង​ខណ្ឌ​ទាំង​៣ ​«​ឫស្សីកែវ ដង្កោ និង​មានជ័យ​»​ បាន​ចំនួន​៨.១៤៨​បន្ទាប់​។​ អគ្គិសនី​កម្ពុជា​នឹង​បន្តការងារ​នេះ​យ៉ាង​សស្រាក់សស្រាំ រហូតដល់​យុទ្ធនាការ​ត្រូវ​បាន​បញ្ចប់​ទាំងស្រុង​។ សូម​រឭក​ថា​ កាល​ពី​ពេល​ថ្មីៗ អាជ្ញាធរ​រាជធានី​ភ្នំពេញ និង​អគ្គិសនី​កម្ពុជា​បាន​ធ្វើ​កិច្ច​ប្រជុំ​បន្ត​ពិនិត្យ​ការងារ​ត​បណ្ដាញ​ភ្លើងអគ្គិសនី​ចូល​ផ្ទះ និង​បន្ទប់​ជួល​របស់​កម្មករ​នៅ​រាជធានី​ភ្នំពេញ​។​ តាម​តួលេខ​បន្ទប់​ជួល​កម្មករ​នៅ​រាជធានី​ត្រូវ​គេ​និយាយ​ថា មាន​ចំនួន​រហូតដល់​៨​ម៉ឺន​២​ពាន់​៤៧៥​បន្ទប់ ដោយ​មិនទាន់​រាប់​បញ្ជូន​ស្ថិតិ​នៅ​ខណ្ឌ​ព្រែក​ព្នៅ ដែល​មិន​ទាន់​មាន​របាយការណ៍​នៅឡើយ​នោះ​ទេ​។ អភិបាល​រាជធានី​ភ្នំពេញ លោក ប៉ា សុជាតិ​វង្ស បាន​ថ្លែង​ថា អាជ្ញាធរ​ខណ្ឌ​ត្រូវ​ចាត់​វិធានការ​ធ្វើ​យ៉ាង​ណា​ឲ្យ​ប្រជាពលរដ្ឋ​ក្រីក្រ​នៅ​តាម​ជាយក្រុង​បាន​ប្រើប្រាស់​ភ្លើង​ក្នុង​តម្លៃថោក​សមរម្យ​ដើម្បី​មិន​ឲ្យ​មាន​គម្លាត​ឆ្ងាយ រវាង​ពី​អ្នកមាន និង​អ្នកក្រ​នោះ​ឡើយ៕​

លី សុវណ្ណ​ឌួង​


Post a Comment

0 Comments

Close Menu