Ad Code

អ្នកនាំពាក្យ ៖ សមត្ថកិច្ច​មិនបាន​បន្ធូរដៃ​ក្នុង​ការ​តាម​ចាប់ខ្លួន​ទណ្ឌិត ឈូក បណ្ឌិត អតីត​អភិបាលក្រុង​បាវិត​នោះ​ទេ

ភ្នំពេញ ៖ លោក​ឧត្តមសេនីយ៍​ឯក គៀត ច័ន្ទ​ថា​រិ​ទ្ធ អគ្គ​ស្នងការ​រង និង​ជា​អ្នកនាំពាក្យ​អគ្គស្នងការ​នគរបាល​ជាតិ បាន​ថ្លែងប្រាប់​សារព័ត៌មាន​នគរបាល​ជាតិ​ កាលពី​ថ្ងៃទី​២៨ ខែកក្កដា ថា នគរបាល​កំពុង​បន្ត​យ៉ាងសកម្ម​ក្នុង​ការ​ស្វែងរក​ចាប់ខ្លួន​ទណ្ឌិត ឈូក បណ្ឌិត អតីត​អភិបាលក្រុង​បាវិត ខេត្ត​ស្វាយរៀង ពាក់ព័ន្ធ​ករណី​ប្រើប្រាស់​អាវុធ​បាញ់​ឲ្យ​របួស​ទៅលើ​កម្ម​ការ​នី​រោងចក្រ នៅ​ក្រុង​បាវិត ខេត្តស្វាយរៀង។


នៅ​ព្រឹក​ថ្ងៃទី​២៧ ខែកក្កដា ឆ្នាំ​២០១៥ កម្មការិនី​ចំនួន​៣ នាក់ បម្រើ​ការងារ​នៅ​រោងចក្រ​កៅ​វ៉េ ស្ថិត​នៅ​ក្រុង​បាវិត ខេត្តស្វាយរៀង ដែល​រងគ្រោះ ​ដោយ​ការ​បាញ់ប្រហារ​ពី​សំណាក់​លោកឈូក បណ្ឌិត​អតីត​អភិបាលក្រុង​បាវិត កាល​អំឡុង​ខែកុម្ភៈ ឆ្នាំ​២០១២ បាន​ឡើង​ដាក់ពាក្យ​បណ្ដឹង​មក​រដ្ឋសភា ស្នើសុំ​កិច្ច​អន្តរាគមន៍​ពី​រដ្ឋសភា និង​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ព្រមទាំង​សម្តេច​ក្រឡាហោម ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ដើម្បី​ចាប់​លោក ឈូក បណ្ឌិត ដាក់ទោស​តាមច្បាប់។


លោក​ឧ​ត្ត​ម​សេនីយ៍​ឯក គៀត ច័ន្ទ​ថា​រិ​ទ្ធ បាន​បញ្ជាក់​ថា ក្រសួងមហាផ្ទៃ និង​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ មិន​មាន​ការ​ធ្វេសប្រហែស ឬ​បន្ធូរដៃ​ក្នុង​ការ​ស្រាវជ្រាវ ដើម្បី​ស្វែងរក​ចាប់ខ្លួន​ពិរុទ្ធជន ឈូក បណ្ឌិត យក​មក​ផ្ដន្ទាទោស​នោះ​ទេ​។ រយៈពេល​កន្លង​មកនេះ ករណី​ពិរុទ្ធជន ឈូក បណ្ឌិត គឺជា​ករណី​មួយ​ដែល​តុលាការ​បាន​ជំនុំជម្រះ​សម្រេច​ទោស​រួចហើយ ហើយក៏​បាន​ចេញ​ដីកា​ឲ្យ​ចាប់ខ្លួន​ផងដែរ កាលពី​ថ្ងៃទី​២៥ ខែមិថុនា ឆ្នាំ​២០១៥ មក​ម្ល៉េះ​។ លោក​បន្ត​ថា ចាប់​ពី​ពេលនោះ​មក​កង​កម្លាំង​មាន​សមត្ថកិច្ច​បាន​ស្រាវជ្រាវ និង​កំពុង​បន្ត​ស្រាវជ្រាវ​ជា​បន្តបន្ទាប់ ជាពិសេស​ដោយមាន​ការ​ដាក់​បទបញ្ជា​យ៉ាង​ម៉ឺងម៉ាត់​ដាច់ខាត​ពី​ស​ម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ និង​ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ បាន​ធ្វើការ​ក្រើន​រំ​ឮ​ក​ជា​បន្តបន្ទាប់ និង​បាន​ប្រគល់​ភារកិច្ច​ច្បាស់លាស់​ឲ្យ​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ ដែល​មាន​កម្លាំង​ជំនាញ​មួយ​ក្រុម​ធ្វើការ​ងារ​នេះ និង​ស្រាវជ្រាវ​ធ្វើ​ម៉េច​តាម​ចាប់​ទណ្ឌិត ឈូក បណ្ឌិត យក​មក​ផ្ដន្ទាទោស​ឲ្យ​បាន។


លោក​ឧ​ត្ត​ម​សេនីយ៍​ឯក គៀត ច័ន្ទ​ថា​រិ​ទ្ធ បាន​បញ្ជាក់​ថា សមត្ថកិច្ច​បាន​ខិតខំ​ប្រឹងប្រែង​ណាស់​កន្លង​មក​នេះ​មិនបាន​បន្ធូរដៃ​នោះ​ទេ ហើយ​រយៈពេល​កន្លង​យើង​ទទួល​បាន​ព័ត៌មាន​ថា លាក់ខ្លួន​នៅ​កន្លែង​នេះ នៅ​កន្លែង​នោះ ប៉ុន្តែ​រក​ទៅ​ចេះតែ​ឃ្វាង និង​គេច​ផុត តែ​ទោះជា​យ៉ាងណា​យើង​នៅតែ​មិន​បន្ធូរដៃ​ក្នុង​ការ​តាម​ចាប់​នោះ​ទេ​។ លោក​អគ្គ​ស្នង​ការ​រង​នគរបាល​ជាតិ​បាន​បញ្ជាក់​ថា ចុង​ក្រោយនេះ​សមត្ថកិច្ច​បាន​ស្នើ​ទៅ​អគ្គលេខាធិការដ្ឋាន​នគរបាល​អន្តរជាតិ ដើម្បី​ចេញ​និ​វេទ​ក្រហម ហើយ​ក្រោយមក​អគ្គលេខាធិការដ្ឋាន​នគរបាល​អន្តរជាតិ បាន​ចេញ​និវេទ​ក្រហម​ឲ្យ​ប្រទេស​ជាង​១៩០​លើ​ពិភពលោក​តាម​ចាប់​ពិរុទ្ធជន រូបនេះ ប្រគល់​ឲ្យ​កម្ពុជា ដើម្បី​យក​មក​ផ្ដន្ទាទោស​តាមច្បាប់។


លោក​បន្ត​ថា ចំពោះ​ករណីនេះ ក្រសួងមហាផ្ទៃ ក៏ដូចជា​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ នឹង​បន្ត​ខិតខំ​ស្រាវជ្រាវ​ចាប់​ពិរុទ្ធជន ឈូក បណ្ឌិត យក​មក​ផ្ដន្ទាទោស​ឲ្យ​បាន ដើម្បី​រក​យុត្តិធម៌​ឲ្យ​កម្ម​ការ​នី​យើង​ឲ្យ​បាន​។ ហើយ​ក្នុងករណី​ប្រជាពលរដ្ឋ​បានឃើញ​ទណ្ឌិត ឈូក បណ្ឌិត នៅ​ទីកន្លែង​ណា សូម​មេត្តា​សហ​ការ​ជួយ​ផ្តល់​ព័ត៌មាន​ដល់​សមត្ថកិច្ច ដើម្បី​ចាប់ខ្លួន​យក​មក​ផ្ដន្ទាទោស​តាប​ច្បាប់។


យោង​តាម​ពាក្យបណ្ដឹង​របស់​កម្មការិនី​ទាំង​៣ នាក់​ផ្ញើ​ទៅ​សម្តេច ហេង សំរិន ប្រធានរដ្ឋសភា​បាន​ឲ្យ​ដឹង​ថា កាលពី​ឆ្នាំ ២០១២ មាន​កម្មករ​ជាច្រើន​នាក់ នៅ​រោងចក្រ​កៅ​វ៉េ បាន​ធ្វើ​បាតុកម្ម ក្នុង​នោះ​មាន មាន​ពួកគេ​ទាំង​បីនាក់​ចូលរួម ដើម្បី​ទាមទារ​ឲ្យ​ថៅកែ​ដំឡើង​ប្រាក់​ឈ្នួល​ដល់​ពួកគេ ស្រាប់តែ​ពេល​នោះ​លោក ឈូក បណ្ឌិត បាន​ដក​កាំភ្លើង​បាញ់​ចូល​ហ្វូង​កម្មករ​ជាច្រើន​គ្រាប់ ដែល​ជា​ហេតុ​នាំឲ្យ​ពួក​យើងខ្ញុំ​ទាំង​បី​នាក់ ត្រូវ​គ្រាប់កាំភ្លើង ស្ទើរតែ បាត់បង់​ជីវិត​។ ប៉ុន្តែ​រហូត​មក​ដល់ពេល​បច្ចុប្បន្ន​នេះ នាង​ខ្ញុំ​ទាំង​បី​នាក់ ពុំ​ទាន់​ទាន់​ទទួល​បាន​យុត្តិធម៌​នៅឡើយ​ទេ ដោយ​ជន​ប្រព្រឹត្ត​បទល្មើស (​ឈូក បណ្ឌិត​)​អតីត អភិបាលក្រុង​បាវិត កំពុង​រស់នៅ ក្រៅ​សំណាញ់​ច្បាប់​នៅឡើយ​។ ក្នុង​លិខិត​នោះ​អះអាង​ថា ការ​ចេញ​តវ៉ា ជាថ្មី​នេះ​ធ្វើឡើង ដោយ​យោង​តាម​ប្រសាសន៍ របស់​សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា និង​សម្ដេច​ក្រឡាហោម ស ខេង​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​ចេញ​មក​អន្តរាគមន៍ ឲ្យ​ចាត់​វិធានការណ៍ ទៅតាម​ផ្លូវច្បាប់​ចំពោះ លោក​ឧកញ៉ា សុខ ប៊ុន ជាមួយ កញ្ញា​សា​សា។


ជនរងគ្រោះ​ទាំងនេះ រួមមាន​ឈ្មោះ ប៊ុន ចិន្តា , នុត សុខន និង កែវ នា ដែល​ជា​កម្មករ​នៅ​រោងចក្រ កៅ​វេ នៅ​ក្រុង​បាវិត បាន​ស្នើ​សុំ​ឲ្យ​សម្ដេច​ប្រធានរដ្ឋសភា​ជួយ​ជំរុញ​លើ​ករណី​សំណុំរឿង​របស់​ពួកគេ​ទាំង​បី​នាក់ ដើម្បីអោយ​សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា និង​សម្ដេច​ក្រឡាហោម ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ធ្វើ​អន្តរាគមន៍ ដើម្បី​តាម​ចាប់ខ្លួន​ជនល្មើស​យក​មក​ផ្ដន្ទាទោស​ទៅតាម​ផ្លូវ​ច្បាប៕


 



អ្នកនាំពាក្យ ៖ សមត្ថកិច្ច​មិនបាន​បន្ធូរដៃ​ក្នុង​ការ​តាម​ចាប់ខ្លួន​ទណ្ឌិត ឈូក បណ្ឌិត អតីត​អភិបាលក្រុង​បាវិត​នោះ​ទេ

Post a Comment

0 Comments

Close Menu