Ad Code

កម្ពុជា​បន្ត​ស្ថិត​ក្នុង​ចំណាត់ថ្នាក់​លេខ​២​ក្នុង​បញ្ជី​តាមដាន​ នៅក្នុង​របាយការណ៍​ ស្តីពី​ការ​ជួញដូរ​មនុស្ស​ឆ្នាំ​២០១៥

ភ្នំពេញ ៖ លោក John Kerry រដ្ឋមន្ត្រី​ក្រសួងការបរទេស​សហរដ្ឋអាមេរិក​ បាន​ចេញ​របាយការណ៍​សម្រាប់​ឆ្នាំ​២០១៥ ស្តីពី​ការ​ជួញដូរ​មនុស្ស (TIP) ពី​ទីក្រុង​វ៉ាស៊ីនតោន ហើយ​សំរាប់​របាយការណ៍​នោះ​អះអាង​ថា កម្ពុជា​បន្ត​ស្ថិត​ក្នុង​ចំណាត់ថ្នាក់​លេខ​២ ក្នុង​បញ្ជី​តាមដាន។


តាម​សេចក្ដីប្រកាស​ព័ត៌មាន​ពី​ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា ចុះ​ថ្ងៃទី​២៨ ខែកក្កដា ឆ្នាំ​២០១៥ ដែល​ការិយាល័យ​របស់​យើង​ ទើប​ទទួល​បាន​កាលពី​វេលា​ម៉ាង​២ និង​៣០ នាទី​មុន​នេះ បាន​ឲ្យ​ដឹង​ថា តាម​ការ​តំរូវ​នៃ​ច្បាប់​របស់​សហរដ្ឋ អាមេរិក​ ស្តីពី​ការ​ការពារ​ជនរងគ្រោះ​ ដោយ​ការ​ជួញដូរ​របាយ​ការណ៍ TIP វាយ​តម្លៃ​រដ្ឋាភិបាល​ នៅ​ជុំវិញ​ពិភព លោក​លើ​ការ​ខិតខំ​របស់​គេ​ ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ទាសភាព​សម័យ​ទំនើប។ របាយការណ៍ TIP ប្រចាំឆ្នាំ​លើក​ទី ១៥ នេះ​មានការ​រៀបរាប់​ពី​ប្រទេស និង​ទឹកដី​ចំនួន​១៨៨ ដោយ​រួម​ទាំង​សហរដ្ឋអាមេរិក​ផងដែរ។ នៅក្នុង​ពិធី​ប្រកាស​ពី​របាយការណ៍​នេះ​លោក​រដ្ឋមន្ត្រី Kerry បាន​ផ្តល់​កិត្តិយស​ដល់​វីរជន​ក្នុង​របាយការណ៍ TIP ឆ្នាំ ២០១៥ និង​មនុស្ស​ប្រុស ស្រី​ដែល​ការ​ខិតខំ​ផ្ទាល់ខ្លួន​របស់​គេ​ បាន​ធ្វើឲ្យ​មាន​លទ្ធផល​ប្រែប្រួល​អស្ចារ្យ​នៅក្នុង​ការប្រយុទ្ធ​ជា​សាកល​ប្រឆាំង​នឹង​ទាសភាព​សម័យ​ទំនើប​នេះ។


នៅក្នុង​របាយការណ៍ TIP ឆ្នាំ​២០១៥ នេះ​ប្រទេស​កម្ពុជា​ ស្ថិត​នៅក្នុង​ចំណាត់ថ្នាក់​លេខ​២ ក្នុង​បញ្ជី​តាមដាន​។ ពិតមែនតែ​រដ្ឋាភិបាល​បាន​បន្ត​នាំ​ខ្លួន​យក​មក​កាត់ទោស​ហើយ​បាន​ដាក់ទោស​លើ​ជន​ប្រព្រឹត្ត​ការ​ជួញដូរ ដោយ​រួម​ទាំង​ករណី​មួយ​ពាក់ព័ន្ធ នឹង​ការ​បង្ខំ​អោយ​បុរស​ខ្មែរ​ធ្វើការ​នៅ​លើ​ទូក​របស់​អ្នក​រកស៊ី​នេសាទ​ក្តី​តែ​រដ្ឋាភិបាល​បាន​ខកខាន​ក្នុង​ការ​បង្កើន​ការ​ខិតខំ​ជា​រួម ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​គ្រប់​ទំរង់​ទាំង​អស់​នៃ​ការ​ជួញដូរ​មនុស្ស​ឲ្យ​បាន​ច្រើនជាង​ឆ្នាំ​កន្លងទៅ។


របាយការណ៍​នេះ ក៏​ស្វាគមន៍​ផង​ដែរ ចំពោះ​ការខិតខំ​របស់​រដ្ឋាភិបាល​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំងនឹង​ការ​ជួញដូរ​ផ្លូវភេទ​លើ​កុមារ​នៅ​តាម​កន្លែង​ជួញដូរ​នានា​ក្នុង​ពេល​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ។ តាម​ស្ថានទូត​បាន​បញ្ជាក់​ថា ប្រទេស​កម្ពុជា​បាន​ទទួល​ការលើកលែង​ពី​ការ​បញ្ចុះ​ជា​ស្វ័យប្រវត្តិ​ដល់​ចំណាត់ថ្នាក់​លេខ​៣ ពីព្រោះ​កម្ពុជា​មាន​ផែនការ​សកម្មភាព​ជាតិ ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ការជួញដូរ​មនុស្ស ហើយ​កំពុង​រួមចំណែក​ធនធាន​ច្រើន​បង្គួរ​ដល់​ការអនុវត្ត​ផែនការ​នេះ​។ របាយការណ៍ TIP ទាំងមូល​សំរាប់​ឆ្នាំ​២០១៥ ស្តីពី​ប្រទេស​កម្ពុជា​មាននៅ​ក្នុង​គេហទំព័រ http://www.state.gov/j/tip/rls/tiprpt/countries/2015/243409.htm ។ ដោយឡែក​របាយការណ៍​នេះ​ជា​ភាសា​ខ្មែរ​នឹង​មាន​ចេញ​នៅ​ក្នុងពេល​ប៉ុន្មាន​ថ្ងៃ​ទៀត​នេះ៕



កម្ពុជា​បន្ត​ស្ថិត​ក្នុង​ចំណាត់ថ្នាក់​លេខ​២​ក្នុង​បញ្ជី​តាមដាន​ នៅក្នុង​របាយការណ៍​ ស្តីពី​ការ​ជួញដូរ​មនុស្ស​ឆ្នាំ​២០១៥

Post a Comment

0 Comments

Close Menu