ភ្នំពេញ ៖ ដោយសារតែអ្នកបើកបរងងុយដេកខ្លាំងពេក បានបើករថយន្តដឹកផ្លែឈើ បុករះរនាំងដែកពុះចែកទ្រូងផ្លូវបាក់ដួលរាបអស់ចំនួន១៨ផ្ទាំង និងបន្ដជ្រុលទៅបុកម៉ូតូមួយគ្រឿងទៀត ដែលបើកបរច្រាសទិសគ្នា បណ្ដាលឲ្យអ្នកជិះម៉ូតូរងរបួសធ្ងន់ម្នាក់ ភ្លាមៗនោះរថយន្តបានព្យាយាមបើករត់បានជិត១គីឡូម៉ែត្រ ទើបនគរបាលស្ទាក់ចាប់បាន។
ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង១២និង៤០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២៩ខែកក្កដា ឆ្នាំ២០១៥ នៅតាមបណ្ដាយផ្លូវសហព័ន្ធរុស្ស៊ី ត្រង់ចំណុចមុខព្រលានយន្ដហោះអន្ដរជាតិភ្នំពេញ ស្ថិតក្នុងភូមិក្បាលដំរី សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ។
រថយន្តបង្កម៉ាកហ៊ីយ៉ាន់ដាយក្បាលពណ៌សទ្រង់ពណ៌ខៀវ ប្រភេទ២តោនកន្លះដឹកផ្លែឈើពាក់ស្លាកលេខភ្នំពេញ3C9404 អ្នកបើកបរមានឈ្មោះ ម៉ែន សុខនាង ភេទប្រុស អាយុ២៨ឆ្នាំមុខរបរបើកបររថយន្តស្នាក់នៅក្នុងក្រុងច្បាមនខេត្តកំពង់ស្ពឺ ស្រុកកំណើតនៅឃុំដំណាក់អំពិលស្រុកអង្គស្នួលខេត្តកណ្ដាល។ ហើយម៉ូតូរងគ្រោះម៉ាកហុងដាឌ្រីមសេ១២៥ពណ៌ខ្មៅស៊េរីឆ្នាំ២០១៣ ពាក់ស្លាកលេខភ្នំពេញ1X5408 ។
តាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្តបង្កបើកបរក្នុងទិសដៅពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុដោយសារ តែអ្នកបើកបរងងុយដេកខ្លាំងពេកបានងក់មួយភាំងក៏រេចង្កូតទៅបុករះរនាំងដែក ពុះចែកទ្រូងផ្លូវដួលរាបអស់ចំនួន១៨ផ្ទាំងនិងបានជ្រុលទៅបុកម៉ូតូ១គ្រឿងទៀតដែលកំពុងជិះច្រាសទិសគ្នា បណ្ដាលឲ្យរងរបួសធ្ងន់ បន្ទាប់មករថបង្កបានព្យាយាមបើកគេចទៅមុខបានប្រហែលជិត១គីឡូម៉ែត្រដោយសារឡានធ្លាយធុងប្រេង ទៅមុខលែងរួចទើបនគរបាលតាមឃាត់ចាប់បាន។
ក្រោយពីចាប់រថយន្តបាននគរបាលបានបញ្ជូនរថយន្ត ទៅរក្សាទុកនៅការិយាល័យចរាចរក្រុងរង់ចាំដោះស្រាយតាមនីតិវិធី៕
ងងុយដេកខ្លាំងពេកបើកឡានបុករះរនាំងដែក ពុះចែកទ្រូងផ្លូវអស់១៨ផ្ទាំង និងបុកម៉ូតូ១គ្រឿងទៀត
0 Comments