Ad Code

ក្រុមហ៊ុន​ហ្វីលីពីន នឹង​បង្កើត​រោង​ម៉ាស៊ីនកិនស្រូវ​ដ៏​ទំនើប​មួយ នៅក្នុង​ខេត្តសៀមរាប

ភ្នំពេញ ៖ នៅក្នុង​ឱកាស​ជួប ជាមួយ​លោក ឧបនាយករដ្ឋមន្ត្រី សុខ អាន រដ្ឋមន្ត្រី​ទទួលបន្ទុក​ទី​ស្តី ការ​គណៈរដ្ឋមន្ត្រី នៅក្នុង​ជំនួប​ពិភាក្សា​ការងារ​កាលពី​ព្រឹក​ថ្ងៃទី​១២​ខែសីហា ឆ្នាំ ២០១៥ នៅ​ទីស្តីការ​គណៈរដ្ឋមន្ត្រី លោក Christopher B. Montero ឯកអគ្គរដ្ឋទូត​វិសាមញ្ញ និង​ពេញ​សមត្ថភាព​នៃ​សាធារណរដ្ឋ​ហ្វីលីពីន​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ជម្រាប នៅពេល​ខាងមុខ នេះ ក្រុមហ៊ុន​ហ្វីលីពីន នឹង​បង្កើត​រោង​ម៉ាស៊ីនកិនស្រូវ​ដ៏​ទំនើប​មួយ នៅក្នុង​ខេត្តសៀមរាប និង​ធ្វើ​កិច្ចសហការ​ជាមួយ​កសិករ​កម្ពុជា ក្នុង​ការ​ប្រមូល​ទិញ​ស្រូវ​មក​កិន​ជា​អង្ករ​នាំចេញ​ទៅកាន់​ទីផ្សារ​ហ្វីលីពីន ដែល​នេះ​ជា​ការ​បង្កើន​ការផ្លាស់ប្ដូរ​ពាណិជ្ជកម្ម​រវាង​ប្រទេស​កម្ពុជា និង​ហ្វីលីពីន ដែល​នឹង​ធ្វើ​ឲ្យ​មាន ការ​រីកចម្រើន​មួយ​កម្រិត​ទៀត។


យោង​តាម​ការផ្សាយ​របស់​ទី​ភ្ញាក់​ងារ​សារព័ត៌មាន​កម្ពុជា​បាន​ឲ្យ​ដឹង​ថា លោក ឯក ថា អនុ​ប្រធាន​នាយកដ្ឋាន​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស នៃ​ទី​ស្តី ការ​គណៈរដ្ឋមន្ត្រី​បាន​ប្រាប់​អ្នកសារព័ត៌មាន​បន្ទាប់​ពី​ជំនួប​នោះ​ថា កិច្ចពិភាក្សា បាន​ផ្តោត​សំខាន់​ទៅលើ​ការពង្រីក​កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច ពាណិជ្ជកម្ម និង​ទេសចរណ៍​រវាង​ប្រទេស​ទាំងពីរ​កម្ពុជា និង​ហ្វីលីពីន។ លោក​បន្ត​ថា នៅក្នុង​ជំនួប​នោះ​លោក​ទូត​បាន​ជម្រាប​ព័ត៌មាន​ទៅ​លោក​ឧបនាយក រដ្ឋមន្ត្រី សុខ អាន ថា នៅ​សប្តាហ៍​ក្រោយ​នឹង​មាន​ក្រុម​អ្នក​វិនិយោគ​ហ្វីលីពីន​មួយ​ក្រុម​មក​ធ្វើ​ទស្សនកិច្ច​នៅ​កម្ពុជា ដើម្បី​ពិនិត្យ​ទីតាំង​ធ្វើ​វិនិយោគ។


លោក​បន្ត ថា មាន​ក្រុមហ៊ុន​ហ្វីលីពីន​មួយ​បានសម្រេច​នឹង​មក​បង្កើត​រោង​ម៉ាស៊ីនកិនស្រូវ​នៅ​កម្ពុជា ដើម្បី​ពង្រឹង​ផ្នែក​ពាណិជ្ជកម្ម​រវាង​កម្ពុជា និង​ហ្វីលីពីន។ តាមរយៈ​ការ​វិនិយោគ​នេះ​ក្រុមហ៊ុន​ហ្វីលីពីន នឹង​បង្កើត​រោង​ម៉ាស៊ីនកិនស្រូវ​ដ៏​ទំនើប​មួយ នៅក្នុង​ខេត្តសៀមរាប និង​ធ្វើ​កិច្ចសហការ​ជាមួយ​កសិករ​កម្ពុជា ក្នុង​ការ​ប្រមូល ទិញ​ស្រូវ​មក​កិន​ជា​អង្ករ​នាំចេញ​ទៅកាន់​ទីផ្សារ​ហ្វីលីពីន ដែល​នេះ​ជាការ​បង្កើន​ការផ្លាស់ប្ដូរ​ពាណិជ្ជកម្ម​រវាង​ប្រទេស​កម្ពុជា និង​ហ្វីលីពីន ដែល​នឹងធ្វើ​ឲ្យ​មាន ការ​រីកចម្រើន​មួយ​កម្រិត​ទៀត។


លោក​ឯកអគ្គរដ្ឋទូត​បន្ត​ថា ក្នុង​រយៈពេល​៤​ខែ ដែល​លោក​បំពេញ​បេសកកម្ម​នៅ​កម្ពុជា​បាន​សង្កេតឃើញថា កម្ពុជា​មាន​សក្តានុពល​លើ​វិស័យ​ជាច្រើន ដែល​ធ្វើ​ឲ្យ​ហ្វីលីពីន និង​កម្ពុជា​អាច​ពង្រីក​ទំនាក់ទំនង និង​ធ្វើ​កិច្ច​សហប្រតិបត្តិការ​ឲ្យ​កាន់​តែ​ខ្លាំង​ដូចជា​វិស័យ​ពាណិជ្ជកម្ម​វិស័យ​កសិកម្ម និង​ទេសចរណ៍ និង វិស័យ​អប់រំ។ រដ្ឋាភិបាល​ហ្វីលីពីន​នឹង​បង្កើត​ការិយាល័យ​ពាណិជ្ជកម្ម​មួយ​នៅ​កម្ពុជា​តែម្តង ដើម្បី​ងាយស្រួល​ក្នុង​ការ​ទំនាក់ទំនង និង​ជំរុញ​ការធ្វើ​វិនិយោគ និង ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំងពីរ។


ប្រភព​ដដែល​បាន​ឲ្យ​ដឹង​បន្ត​ថា ក្នុងជំនួប​នោះ​ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី សុខ អាន បាន​ជម្រាប​ជូន​ភ្ញៀវ​ផង​ដែរ ពី​សក្តានុពល​នៃ​វិស័យ​ទេសចរណ៍​កម្ពុជា ដែល​សម្បូរ​ទៅ​ដោយ​ប្រាង្គ​ប្រាសាទ ដែលជា​បេតិកភណ្ឌ​ពិភពលោក និង​បាន ជាប់​លំដាប់ថ្នាក់​លេខ​១​ក្នុង​ពិភពលោក​ជា​រមណីយដ្ឋាន ដែល​ស្អាត និង​គួរ​មក​ទស្សនា។ លោក​បាន​បន្ត​ថា វិស័យ​ទេសចរណ៍ កម្ពុ​ជាមាន​កំណើន​កើន ឡើង​ប្រមាណ​១៥ ភាគរយ​ជា​រៀងរាល់ឆ្នាំ ហើយ​ឆ្នាំ​២០១៤ កន្លងទៅ​មាន​ភ្ញៀវ ទេសចរ​បរទេស​ប្រមាណ​៤,៥ លាន​នាក់​បានមក​ទស្សនា​ប្រទេស​កម្ពុជា។


លោក​ឧបនាយករដ្ឋមន្ត្រី​ក៏បាន​ជំរុញ​ឱ្យ​ប្រទេស​ហ្វីលីពីន មក​ធ្វើការ​វិនិយោគ​ទៅលើ​វិស័យ​ទេសចរណ៍​នៅ​កម្ពុជា តាមរយៈ​ការសាងសង់​សណ្ឋាគារ និង​សេវា​បម្រើ​ឲ្យ​វិស័យ​ទេសចរណ៍។ ជាមួយនេះ​ឯកឧត្តម សុខ អាន ក៏បាន ជំរុញ​ផងដែរ​ឲ្យ​មាន​ការ​ភ្ជាប់​ការហោះហើរ​ត្រង់​ពី​ហ្វីលីពីន មកកាន់​ប្រទេស កម្ពុជា​ឲ្យ​បាន​ច្រើន​បន្ថែម​ទៀត។ ទាក់ទង​នឹង​ចំណុច​នេះ ឯកអគ្គរដ្ឋទូត​ហ្វីលីពីន​សង្ឃឹមថា នៅពេល​ខាង មុខ​នឹងមាន​ការហោះហើរ​ត្រង់​ពី​ហ្វីលីពីន​មកកាន់​ទីក្រុង​ភ្នំពេញ ដោយផ្ទាល់​តែម្តង។


ពាក់ព័ន្ធ​នឹង​ការ​វិនិយោគ​បង្កើត​រោង​ម៉ាស៊ីនកិនស្រូវ​នៅ​កម្ពុជា​ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី​បាន​លើកទឹកចិត្ត​ថា ដោយសារ​ប្រទេស​ហ្វីលីពីន​ជា​ប្រទេស​នាំ ចូល​អង្ករ​ដ៏​ច្រើន​នៅក្នុង​តំបន់ ដូចនេះ​ក្រុមហ៊ុន​ហ្វីលីពីន​អាច​មក​វិនិយោគ​លើ វិស័យ​ស្រូវ​អង្ករ​នៅ​កម្ពុជា ហើយ​ធ្វើ​ការផលិត​នាំ​ចេញទៅ​លក់​នៅ​ប្រទេស​ហ្វី​លីពី​ន​តែម្តង។


កន្លង​មក​នេះ​ទេសចរ​ហ្វីលីពីន​មក​ទស្សនា​កម្ពុ​ជាមាន​ចំនួន​៩៣.៤៧៥​នាក់ ហើយ​ការហោះហើរ​ពី​ប្រទេស​ហ្វីលីពីន​មកកាន់​ខេត្តសៀមរាប មាន​ចំនួន​៤ ជើង​ក្នុង​១​សប្តាហ៍។ ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​ក្នុង​ឆ្នាំ​២០១៤ មាន​ទឹកប្រាក់​ប្រមាណ​២៥,៧ លាន​ដុល្លារ​អាម៉េរិក ក្នុង​នោះ​កម្ពុជា​នាំ​ចេញទៅ​ហ្វីលីពីន​បាន​ចំនួន​ជាង​៦.៨០០.០០០​ដុល្លារ ហ្វីលីពីន​នាំ​ចូលមក​កម្ពុជា​មានទឹក​ប្រាក់​ចំនួន​ជាង ១៨​លាន​ដុល្លារ​អាម៉េរិក។ ឆ្នាំ​២០១៣​មាន​ទឹកប្រាក់​ចំនួន​២១,៥​លាន​ដុល្លារ​អាមេរិក ក្នុងនោះ​កម្ពុជា​នាំ​ចេញទៅ​ហ្វីលីពីន​មាន​ចំនួន​ជាង​១៤ លាន​ដុល្លារ និង ហ្វីលីពីន​នាំ​ចូល​មក​កម្ពុជា​មាន​ចំនួន​ជាង​៧​លាន​ដុល្លារ៕


T-08-13-15-u-full


T-08-13-15-uu-full



ក្រុមហ៊ុន​ហ្វីលីពីន នឹង​បង្កើត​រោង​ម៉ាស៊ីនកិនស្រូវ​ដ៏​ទំនើប​មួយ នៅក្នុង​ខេត្តសៀមរាប

Post a Comment

0 Comments

Close Menu