ភ្នំពេញ ៖ នេះជាឱកាសលើកដំបូងហើយដែលក្រុមហ៊ុន HGB Group Co., Ltd ភ្នាក់ងារចែកចាយផ្លូវការរបស់ក្រុមហ៊ុនរថយន្ត Rolls-Royce Motor Cars ប្រចាំក្រុងភ្នំពេញ បានរៀបចំឲ្យអ្នករចនាម៉ូតរថយន្ត Rolls-Royce បែប Bespoke មកពីក្រុមហ៊ុនរថយន្ត Rolls-Royce ក្នុងទីក្រុង Goodwood ប្រទេសអង់គ្លេសបានធ្វើទស្សនកិច្ចនៅសាលារៀនក្នុងទីក្រុងភ្នំពេញ។
តាមសេចក្តីប្រកាសបានបញ្ជាក់ថា ទស្សនកិច្ចនេះ ជាឱកាសដ៏កម្រសម្រាប់អ្នករចនាម៉ូតរថយន្ត Rolls-Royce លោក Michael Bryden បានជួបនឹងសិស្សផ្នែករចនាម៉ូតក្នុងប្រទេសកម្ពុជា ដែលមានក្តីស្រមៃខ្ពស់។ លោក Michael Bryden បានឆ្លៀតឱកាសចំណាយពេលវេលាដ៏មមាញឹកធ្វើទស្សនកិច្ចតាមបណ្ដាប្រទេសក្នុងតំបន់ ដើម្បីបានជួបសិស្សនិស្សិតក្នុងបណ្ដាប្រទេសទាំងនោះ។
នៅក្នុងទីក្រុងភ្នំពេញ លោកបានជួបជាមួយនឹងភ្នាក់ងារចែកចាយរថយន្ត Rolls-Royce ក៏ដូចជាអតិថិជន ដើម្បីពិភាក្សាអំពីគម្រោងរថយន្តបែបច្នៃកុម្ម៉ង់ (Bespoke)។
លោក Michael Bryden ជាអ្នករចនាម៉ូតរថយន្តបែប Bespoke វ័យក្មេង និងមានទេពកោសល្យខ្ពស់។ លោកបានចំណាយពេលវេលាមួយព្រឹក ជួបជាមួយ នឹងសិស្សានុសិស្សដែលមានចំណាប់អារម្មណ៍ចាប់យកជំនាញអាជីពផ្នែករចនាម៉ូត ដោយក្នុងនោះមុខវិជ្ជា ដែលគេសិក្សាមានតាំងពី ការរចនាម៉ូតសម្លៀកបំពាក់ ការរចនាផ្ទៃខាងក្នុង រហូតដល់ការរចនាទូទៅ។ ក្នុងនោះមានសិស្សានុសិស្សប្រមាណ ៣០ នាក់ដែលបានជួបជាមួយនឹងលោក Michael Bryden។ លោក Michael ធ្លាប់សិក្សាផ្នែករចនាម៉ូតរថយន្ត និងយានជំនិះ។ លោកបានចែករំលែកនូវបទពិសោធន៍ផ្សេងៗ ជាពិសេសទាក់ទងនឹងចំណង់ចំណូលចិត្តរថយន្ត និងការរចនាម៉ូត ដែលនាំឲ្យលោកបានក្លាយជាអ្នករចនាម៉ូតរថយន្តបែប Bespoke សម្រាប់ក្រុមហ៊ុន Rolls-Royce Motor Cars សព្វថ្ងៃ។
ក្នុងនាមជាអ្នកមានទេពកោសល្យខ្ពស់ខាងផ្នែករចនាម៉ូតរថយន្ត Rolls-Royce លោកគឺជាសមាជិកដែលមានវ័យក្មេងជាងគេម្នាក់ក្នុងចំណោមក្រុមរចនាម៉ូតរថយន្តបែប Bespoke របស់ក្រុមហ៊ុន។ ពិសេសជាងនេះទៅទៀត លោកមានភារកិច្ចទទួលខុសត្រូវលើគម្រោងសំខាន់ៗបំផុតមួយចំនួនរបស់ក្រុមហ៊ុន រាប់បញ្ចូលទាំងគម្រោងរថយន្តដែលផលិតតែមួយគ្រឿងៗ។
ជារឿយៗរថយន្ត Rolls-Royce បែប Bespoke ត្រូវបានគេហៅថា “កំពូលរថយន្តច្នៃ” គឺអតិថិជនកុម្ម៉ង់រថយន្តណាមួយ ដោយមានលក្ខណៈពិសេសៗ និងចំណុចលម្អិតៗប្លែកគេ ដើម្បីធានាថា រថយន្តរបស់ខ្លួន ប្លែកខុសពីគេ ហើយឆ្លុះបញ្ចាំងពីរបៀបរបបរស់នៅ និងចំណង់ចំណូលចិត្តផ្ទាល់ខ្លួន។ ឧទាហរណ៍ អតិថិជន អាចជ្រើសរើសយកពណ៌ណាមួយក្នុងចំណោមពណ៌ទាំង ៤៤០០០ ពណ៌ ឬក៏អាចកំណត់ឲ្យប្រើឈើដែលខ្លួនយកពីតំបន់របស់ខ្លួនក៏បាន។
កាលពីឆ្នាំ២០១៤ គ្រប់រថយន្ត Rolls-Royce ម៉ូដែល Phantom ដែលផលិតនៅឯ Goodwood គឺជារថយន្តបែបច្នៃកុម្ម៉ង់ Bespoke ។ ជាងនេះទៅទៀត រថយន្តប្រមាណជា ៩០ ភាគរយ (ទាំងម៉ូដែល Phantom, Ghost និង Wraith) ដែលបានលក់ជូនអតិថិជននៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក គឺជារថយន្ត ច្នៃកុម្ម៉ង់ (Bespoke)៕
អ្នករចនាម៉ូតរថយន្ត Rolls-Royce Bespoke ចែករំលែកបទពិសោធន៍ដល់សិស្សនៅតាមសាលា
0 Comments