ព្រះសីហនុ ៖ លោកវរសេនីយ៍ទោ សៅ ស៊ាន នាយការិយាល័យនគរបាលស្ថិតិ និងអត្តសញ្ញាណប័ណ្ណ នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុបានឲ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជាបានចាប់ផ្តើម ធ្វើអត្តសញ្ញាណប័ណ្ណគំរូថ្មីចាប់ពី ខែមេសា ឆ្នាំ២០១២ ដែលរហូតមកដល់ ខែសីហា ឆ្នាំ២០១៥នេះ ការិយាល័យអត្តសញ្ញាណប័ណ្ណ បានបំពេញបែបបទធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរជូនប្រជាពលរដ្ឋក្នុងខេត្តព្រះសីហនុបានចំនួន ៨០.០២៨នាក់ ប្រុស ៣៩.៤៩៤នាក់ ស្មើនឹង ៦០% និងប្រជាពលរដ្ឋមិនទាន់បានផ្តល់អត្តសញ្ញាណប័ណ្ណគំរូថ្មីមានចំនួន ៧១.៧៥០នាក់ ប្រុស ៣៥.៥៩៥នាក់ ក្នុងចំណោមប្រជាពលរដ្ឋសរុបដែលមានអាយុចាប់ពី ១៥ឆ្នាំឡើង នៅទូទាំងខេត្តព្រះសីហនុចំនួន ១៥១.៧៧៨នាក់ ប្រុស ៧៥.០៨៩នាក់។
លោកវរសេនីយ៍ទោ សៅ ស៊ាន បានបន្តថា ក្នុងនោះក្រុងព្រះសីហនុមានប្រជាពលរដ្ឋមានគ្រប់អាយុ ១៥ឆ្នាំឡើង ត្រូវផ្តល់អត្តសញ្ញាណប័ណ្ណចំនួន ៥០.៩៥៩នាក់ ប្រុស ២៥.៤០៨នាក់ បានផ្តល់អត្តសញ្ញាណប័ណ្ណគំរូថ្មីរួច និងមកប្តូរអត្តសញ្ញាណប័ណ្ណគំរូថ្មីបានចំនួន២៦.០៦៩នាក់ ប្រុស ១២.៩៤៦នាក់ និងមិនទាន់ផ្តល់អត្តសញ្ញាណប័ណ្ណគំរូថ្មីចំនួន ២៤.៨៩០នាក់ ប្រុស ១២.៤៦២នាក់។ ស្រុកព្រៃនប់ប្រជាពលរដ្ឋមានអាយុ ១៥ឆ្នាំឡើងមានចំនួន ៧៧.៤៦២នាក់ ប្រុស ៣៧.៨៨៦នាក់ អ្នកបានផ្តល់អត្តសញ្ញាណប័ណ្ណគំរូថ្មីបានចំនួន ៣៧.៧១១នាក់ ប្រុស ១៨.២៩៥នាក់ និងមិនទាន់ផ្តល់អត្តសញ្ញាណប័ណ្ណគំរូថ្មីចំនួន ៣៩.៧៥១នាក់ ប្រុស ១៩.៥៩១នាក់។ ស្រុកស្ទឹងហាវ ប្រជាពលរដ្ឋអាយុ ១៥ឆ្នាំឡើងមានចំនួន ១២.៩៤៤នាក់ ប្រុស ៦.៥០៦នាក់ បានផ្តល់អត្តសញ្ញាណប័ណ្ណគំរូថ្មីចំនួន ៨.៨៧៧នាក់ ប្រុស ៤.៥១៨នាក់ អ្នកមិនទាន់បានផ្តល់អត្តសញ្ញាណប័ណ្ណគំរូថ្មីចំនួន ៤.០៦៧នាក់ ប្រុស ១.៦៨៨នាក់។ ស្រុកកំពង់សិលា ប្រជាពលរដ្ឋអាយុ១៥ឆ្នាំឡើង មានចំនួន ១០.៤១៣នាក់ ប្រុស ៥.២៨៩នាក់ អ្នកផ្តល់អត្តសញ្ញាណប័ណ្ណគំរូថ្មីមានចំនួន ៧.៣៧១នាក់ ប្រុស ៣.៧៣៥នាក់ និងអ្នកមិនទាន់បានផ្តល់អត្តសញ្ញាណប័ណ្ណគំរូថ្មីមានចំនួន ៣.០៤២នាក់ ប្រុស ១.៥៥៤នាក់។
លោកប្រធានការិយាល័យបានបន្តថា យើងបានរៀបចំគណៈកម្មការសហការជាមួយឃុំ សង្កាត់ទាំង២៧ក្នុងខេត្តព្រះសីហនុ ចុះផ្សព្វផ្សាយស្រង់ស្ថិតិប្រជាពលរដ្ឋដែលមានអាយុចាប់ពី១៥ឆ្នាំឡើង និងប្រជាពលរដ្ឋមិនទាន់ធ្វើអត្តសញ្ញាណប័ណ្ណគំរូថ្មី និងអ្នកមានអត្តសញ្ញាណប័ណ្ណគំរូចាស់ មកប្តូរយកអត្តសញ្ញាណប័ណ្ណគំរូថ្មីនៅតាមឃុំ សង្កាត់ ដែលនៅជិតផ្ទះ។ យើងបានបង្កើតក្រុមការងារ ០៦ក្រុម ដើម្បីចុះទៅធ្វើអត្តសញ្ញាណប័ណ្ណគំរូថ្មីជូនប្រជាពលរដ្ឋនៅតាមក្រុង ស្រុកនីមួយៗដោយក្នុងមួយក្រុង ឬមួយស្រុកមានពីរក្រុមចុះទៅធ្វើនៅតាមឃុំ សង្កាត់ ដើម្បីជួយសម្រួលការចំណាយពេលវេលាធ្វើដំណើរឆ្ងាយ ក៏ប៉ុន្តែសង្កាត់កោះរុងនៅឆ្ងាយពីទីប្រជុំជនក្រុងព្រះសីហនុប្រមាណជា ៤០គីឡូម៉ែត្រ គឺយើងសហការជាមួយអាជ្ញាធរសង្កាត់ និងប៉ូលិលប៉ុស្តិ៍រដ្ឋបាល ដើម្បីចុះទៅធ្វើអត្តសញ្ញាណប័ណ្ណជូនពួកគាត់ដល់ទីកន្លែង ចៀសវាងចំណាយពេលជិះទូកមកកាន់ដីគោកធ្វើអត្តសញ្ញាណបណ្ណ័ ឬប្តូរយកអត្តសញ្ញាណប័ណ្ណគំរូថ្មី។
លោកបានបន្តថា មន្ត្រីជំនាញបាន និងកំពុងមមាញឹកក្នុងការបំពេញបែបបទផ្តល់អត្តសញ្ញាណប័ណ្ណគំរូថ្មី ដល់ប្រជាពលរដ្ឋដែលមានអាយុ១៥ឆ្នាំឡើង និងប្រជាពលរដ្ឋ ដែលមានអត្តសញ្ញាណប័ណ្ណចាស់ហួសសុពលភាពប្រើប្រាស់ និងប្រជាពលរដ្ឋដែលមិនទាន់មកធ្វើអត្តសញ្ញាណប័ណ្ណគំរូថ្មី អាចមកប្តូរធ្វើអត្តសញ្ញាណប័ណ្ណគំរូថ្មី ព្រោះអត្តសញ្ញាណប័ណ្ណគំរូថ្មី មានអត្ថប្រយោជន៍សំខាន់ណាស់ សម្រាប់ការប្រើប្រាស់តាមតម្រូវការរដ្ឋបាលផ្សេងៗ និងគ្រប់គ្រងទិន្នន័យប្រវត្តិរូបទីកន្លែងស្នាក់នៅ ក្រយៅដៃ អត្តសញ្ញាណ ស្ថានភាពផ្ទាល់ខ្លួនរបស់ មនុស្សម្នាក់ៗ ការធ្វើអត្តសញ្ញាណប័ណ្ណគំរូថ្មី តាមប្រព័ន្ធបច្ចេកវិទ្យាទំនើបតាមស្តង់ដារអន្តរជាតិ។ វាមានសភាពជាប់ស្វិត មិនបាក់ រហែក ឬឆេះភ្លើង និងមានសុពលភាពរហូត ១០ឆ្នាំ។ ការធ្វើអត្តសញ្ញាណប័ណ្ណគំរូថ្មី គឺត្រូវបញ្ចាប់នៅត្រឹមត្រីមាសទី១ ដើមឆ្នាំ២០១៦ខាងមុខនេះ៕
នគរបាលខេត្តព្រះសីហនុផ្តល់អត្តសញ្ញាណប័ណ្ណគំរូថ្មីជូនប្រជាពលរដ្ឋបានចំនួន៨០.០២៨នាក់
0 Comments