ក្រុមពលរដ្ឋឲ្យដឹងថា មេភូមិទួកក្តីឈ្មោះ ជឹម គី មិនមែនទើបតែសម្រុកជីកបៀរនៅរដូវទឹកដំឡើងក្នុងឆ្នាំនេះទេ ពោលគឺកាលពីឆ្នាំទៅមិញ មេភូមិខាងលើបានជីកបៀរ២ទៅ៣កន្លែងរួចទៅហើយ ហើយក្នុងមួយបៀរទទួលបានផល គិតជាលុយមិនតិចជាង២០លានរៀលនោះទេ ក្នុងមួយឆ្នាំៗ ហើយចុះបើឆ្នាំនេះគាត់ជីកប្រឡាយរាប់រយម៉ែត្រ និងជីកបៀរដាក់សម្រាស់ជា ច្រើនកន្លែងថែមទៀតនោះ ត្រីនៅក្នុងបឹងនិងក្លាយជាកម្មសិទ្ធិផ្តាច់មុខ របស់មេភូមិទួលក្តីទាំងអស់ជាមិនខាន។
ក្រុមពលរដ្ឋអះអាងថា ក្រៅតែពីការជីកដីបឹងអតីតឡូនេសាទ មេភូមិខាងលើក៏បានចូលរួមស៊ីញេលក់ដីបឹងអស់ជាច្រើនរយហិតា ដែលជាដែនអតីតឡូលេខ៣ខាងលើ ហើយថែមទាំងបានចាក់លុបអូរធម្មជាតិចំនួនពីរខ្សែស្ថិតនៅក្នុងវាលត្រែង និងភូមិព្រែកជ្រៅ ស្ថិតក្នុងឃុំត្រើយស្លា មិនឲ្យពលរដ្ឋចរាចរទូក ធ្វើនេសាទជាលក្ខណៈគ្រួសារបានទៀតឡើយ។
ពាក់ព័ន្ធករណីខាងលើនេះឈ្មួញឈ្មោះ គុយ ស្រេង ហៅថៅកែហាប់បានទទួលស្គាល់ថា លោកពិតជាបានជីកដីស្តាប្រឡាយ៧៥ខាងលើនោះមែន ប៉ុន្តែករណីដាក់សម្រាស់លោកមិន បានដឹងទេ គឺមេភូមិទួលក្តីជាអ្នកដាក់ខ្លួនឯងតែប៉ុណ្ណោះ។
ចំណែកលោក ជីម គី មេភូមិទួល ក្តីបានឲ្យដឹងតបវិញថា ការជីកប្រឡាយជីកបៀរនៅក្នុងដីអតីតឡូលេខ៣ គឺគ្រាន់តែជីកស្តុបទឹកទុកសម្រាប់ប្រជាកសិករ ស្រោចស្រពផលដំណាំរបស់ពួកគាត់ នៅរដូវប្រាំងប៉ុណ្ណោះ ចំណែកការដាក់សម្រាស់នោះ លោកមិនបានកាប់បំផ្លាញព្រៃលិចទឹកទេ គឺគ្រាន់តែដើររើសសំណល់សល់ពីគេកាប់ធ្វើអុស យកមកដាក់គ្រាន់បានត្រីហូបខ្លះៗនៅរដូវទឹកសម្រកនោះ។
ប្រជាពលរដ្ឋអះអាងថា ការដែលឈ្មួញនិងមេភូមិជីកដីបឹងដាក់សម្រាស់ គឺដោយសារតែមានការបើកដៃពីមន្ត្រីជលផលស្រុកស្អាងតែប៉ុណ្ណោះ។ ចំណែកលោក ឃឹម ពេញ នាយសង្កាត់ រដ្ឋបាលជលផលស្រុកស្អាងមិនអាចសុំការបំភ្លឺបានឡើយ៕
មេភូមិទួលក្តីសង្ស័យឃុបឃិតជាមួយឈ្មួញជីកដីឡូនេសាទធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន

0 Comments