ប្រជាពលរដ្ឋបាននិយាយថា ដោយសារកន្លែងពួកគាត់រស់នៅ ពុំមានប្រព័ន្ធលូបង្ហូរទឹកហើយមានការលិចលង់រាល់ខែឆ្នាំនោះ ពួកគាត់ក៏បានសិក្សាលើកគំរោង ដើម្បីដាក់លូនេះ អស់ទឹកប្រាក់ចំនួន៥៨២៣ដុល្លារ ដែលមានលូប្រវែង២១០ម៉ែត្រ ដែលចែកចេញជា២ដំណាក់កាលដោយមួយកំណាត់ដាក់លូទំហំ៦តឹកនិងមួយកំណាត់ទៀតដាក់លូមានមុខកាត់៣តឹក។
បន្ទាប់ពីលើកគំរោងរួច ពួកក៏បានរៃអង្គាសបដិភាគគ្នាគាត់អស់លទ្ធភាពបានប្រាក់១៥៨៣ដុល្លារ និងសុំអង្គការសប្បុរសធម៌បានចំនួន២ពាន់ដុល្លារ នៅខ្វះប្រាក់២២៥០ដុល្លារទៀតមិនដឹងទៅរកអ្នកណា។ ប្រភពបន្តថា កាលពីឆ្នាំ២០១៤ពួកគាត់បាននាំគ្នាទៅសង្កាត់ទួលសង្កែដើម្បីសុំថវិកាពីមូលនិធិសង្កាត់តែខាងសង្កាត់មិនមានលទ្ធភាព ឆ្នាំនេះដោយមានទឹកលិចខ្លាំងពិបាករស់នៅ ក៏ដាច់ចិត្តមកសាលាខណ្ឌឫស្សី កែវតែម្តង ដើម្បីសុំថវិកា២២៥០ដុល្លារនោះ យកមកបង្គ្រប់ដើម្បីដាក់ប្រព័ន្ធលូថ្មី។
បន្ទាប់ពីលោក ធុយសុខន អភិបាលខណ្ឌឫស្សីកែវសំណេះសំណាលដឹងរឿងនិងគោលបំណងរួចហើយ លោក ក៏បានជួនថវិកាតាមសំណូមពរតែម្តង ដែលថវិកានោះជារបស់លោកអភិបាលរាជធានីភ្នំពេញ ផ្ទាល់ដោយលោកប្រគល់លុយសុទ្ធទៅឲ្យតំណាងប្រជាពលរដ្ឋយកទៅចាត់ចែងធ្វើដោយខ្លួនឯង។
លោក ធុយសុខន ក៏បានផ្តាំផ្ញើឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវចេះសំអាតអនាម័យកុំបោះចោលសំរាមផ្ដេសផ្ដាស នាំឲ្យប៉ះពាល់ដល់បរិស្ថាននិងក្រោយពីកសាងរួចរាល់ត្រូវចេះចូលរួមថែរក្សាទាំងអស់គ្នា។
ប្រជាពលរដ្ឋទាំងអស់ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកអភិបាលរាជធានីភ្នំពេញ និងលោកអភិបាលខណ្ឌឫស្សីកែវ រួមនឹងអាជ្ញាធរពាក់ព័ន្ធ ដែលបានជួយជ្រោយជ្រែង ដោះស្រាយនិងផ្តល់ថវិកាចំនួន២២៥០ដុល្លារសំរាប់កសាងប្រព័ន្ធលូថ្មីនេះ ហើយពួកគាត់សន្យាថានឹងយកថវិកានេះទៅធ្វើការសាងសង់ឲ្យចំគោលដៅ និងចូលរួមសំអាតបរិស្ថានទាំងអស់គ្នាចៀសវាងបរិស្ថានមិនល្អនាំមានមេរោគឆ្លងផ្សេងៗឬជំងឺឆ្លងផ្សេងៗ៕
ប្រជាពលរដ្ឋ៦០នាក់នាំគ្នាមកសាលាខណ្ឌឫស្សីកែវសុំថវិកាបង្គ្រប់ដាក់លូបញ្ចៀសការលិចលង់

0 Comments