ភ្នំពេញ ៖ លោកអនុសេនីយ៍ទោ ហួរ ម៉េងវ៉ាង នាយផ្នែកនគរបាលព្រហ្មទណ្ឌខណ្ឌដង្កោប្រាប់រសៀលថ្ងៃទី៥ ខែសីហានេះថា នាព្រឹកថ្ងៃទី៦ ខែសីហា ឆ្នាំ២០១៥ នគរបាលខណ្ឌដង្កោ នឹងបញ្ជូនជនសង្ស័យម្នាក់ករណីឆក់កាបូបជនបរទេសទៅកាន់សាលាដំបូងរាជធានីភ្នំពេញផ្ដន្ទាទោសតាមច្បាប់។
ជនសង្ស័យឈ្មោះ សែម ថុល ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅម្តុំផ្សារដើមគរ សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក រាជធានីភ្នំពេញ ជិះម៉ូតូម៉ាកស្តេប ពណ៌ខ្មៅលាយ.ស ពាក់ស្លាកលេខភ្នំពេញ 1AC-4548។ ឃាត់ខ្លួនកាលពីម៉ោង៩និង៣០នាទីព្រឹក ថ្ងៃទី៤ ខែសីហា ឆ្នាំ២០១៥ នៅចំណុចកែងផ្លូវបេតុង សាលាកសិកម្មចម្ការដូង ភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។ ចំណែកជនរងគ្រោះឈ្មោះ Marco Galimbert ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរនិយោជក ជនជាតិអ៊ីតាលី ស្នាក់នៅសណ្ឋាគារ Tea House សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ។
លោកអនុសេនីយ៍ទោប្រាប់ឲ្យដឹងថា មុនពេលឃាត់ខ្លួនជនសង្ស័យខាងលើ គឺលោកទទួលបានបញ្ជាពីលោកវរសេនីយ៍ទោ ជឹម ស៊ីថា អធិការខណ្ឌដង្កោឲ្យកម្លាំងក្រោមឱវាទដាក់យាមនៅតាមគោលដៅនីមួយៗក្នុងភូមិសាស្ត្រខណ្ឌដង្កោ ដើម្បីការពារសុវត្ថិភាពជូនប្រជាពលរដ្ឋស្របតាមគោលនយោបាយភូមិ/សង្កាត់មានសុវត្ថិភាពទាំង៩ចំណុច។ ខណៈកម្លាំងកំពុងជិះល្បាតក្នុងមូលដ្ឋាននោះ ស្រាប់តែលេចមុខជនសង្ស័យម្នាក់ជិះម៉ូតូម៉ាក ស្តេប ពណ៌សលាយខ្មៅបិទស្គុតក្រហម ពាក់ស្លាកលេខ ភ្នំពេញ ១AC ៤៥៤៨ បានធ្វើសកម្មភាពជិះឆក់កាបូបស្ពាយពីជនរងគ្រោះ ដែលកំពុងជិះលើកម៉ូតូកង់បី ជាមួយមិត្តភ័ក្ដិ ប្រុស/ស្រី សរុប៦នាក់ (ស្រី៣នាក់) ក្នុងគោលបំណងទៅទស្សនាមជ្ឈមណ្ឌលប្រល័យពូជសាសន៍ជើងឯកបានសម្រេច ហើយព្យាយាមបើករត់គេចខ្លួន ក៏ត្រូវកម្លាំងរបស់លោកដែលកំពុងល្បាតឃើញដេញប្រផាប់ចាប់ប្រភីង រហូតដល់សាលាកសិកម្មចម្ការដូង ទើបកម្លាំងព័ទ្ធចាប់បានជនសង្ស័យតែម្ដង។
លោកនាយផ្នែកនគរបាលព្រហ្មទណ្ឌខណ្ឌដង្កោប្រាប់បញ្ជាក់ឲ្យដឹងថា នៅក្នុងកាបូបនោះ រួមមាន ទូរស័ព្ទដៃ២គ្រឿង កាបូបលុយចំនួន១ (មានលុយខ្មែរចំនួន៣០ម៉ឺនរៀល កាតក្រេឌីតចំនួន ៣សន្លឹក និងកាតសម្គាល់ខ្លួនចំនួន៣សន្លឹក។ សម្ភារៈត្រូវបានប្រគល់ជូនជនរងគ្រោះវិញនាថ្ងៃដដែល។ ចំណែកជនសង្ស័យត្រូវបានឃាត់ខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការរាជធានីភ្នំពេញចាត់ការតាមនីតិវិធី៕
ព្រឹកថ្ងៃទី៦សីហា នគរបាលខណ្ឌដង្កោបញ្ជូនជនសង្ស័យម្នាក់ទៅតុលាការ ករណីឆក់កាបូបជនបរទេស

0 Comments