ភ្នំពេញ ៖ ចំណងស្នេហ៍ផ្អែមល្ហែមប្រៀបដូចរលកញីឈ្មោល រវាងតារាសម្តែងស្រស់សោភានាង កែវ នីសា នឹង បុរសសង្ហា លឹម ជាឡាយ ដែលមជ្ឈដ្ឋានមហាជនធ្លាប់តែនាំគ្នាលើកមកនិយាយខ្ទរខ្ទារដឹងឭជាសាធារណៈនោះឥឡូវ ត្រូវបានប្រភពកៀកកិតជាមួយតារារូបនេះ បានបង្ហើបមកថា ដើម្បីបញ្ចប់មន្ទិលសង្ស័យស្នេហាមានភាពរង្គោះរង្គើ ពួកគេបានសម្រេចចិត្តត្រៀមគម្រោងរៀបចំពិធីអាពាហ៍ពិពាហ៍ចូលរោងជ័យផ្លូវការក្នុងពេលឆាប់ៗនេះ។
គេចាំបានថា សម្រាប់រឿងរ៉ាវជីវិតឯកជនរបស់តារាសម្តែងអ្នកនាង កែវ នីសា នៅក្រោយពេលបានលែងលះជាមួយអតីតស្វាមីលោក គាំ វ៉ារី ដែលជាអាណិកជនខ្មែររស់នៅអាមេរិកមកនោះត្រូវបានគេស្គាល់ថា នាងបានជួបជំពប់ស្នេហាថ្មីដោយបានចាប់ផ្តើមសាងសម្ព័ន្ធមេត្រីភាពជាមួយបុរសសង្ហាដែលជាអ្នកសិល្បៈដូចគ្នាគឺលោក លឹម ជាឡាយ។ ប៉ុន្តែក្រោយមកបន្ទាប់ពីអ្នកទាំងពីរស្រលាញ់គ្នាបានមិនបានប៉ុន្មានផងក៏ធ្លាយដំណឹង នៃការប្រេះឆាស្នេហ៍ជាបន្តបន្ទាប់ខណៈឭថា មានលោកឧកញ៉ាម្នាក់ជាអ្នកចូលជ្រែកស្នេហ៍។
ដំណឹងនៃការបែកបាក់ស្នេហ៍នឹងជួបភាពរង្គោះរង្គើរវាងគូស្នេហ៍អ្នកទាំងពីរ កាលនោះបានក្លាយជាប្រធានបទក្តៅមួយសម្រាប់ការតាមដានចង់ដឹងការពិតពីសំណាក់មជ្ឈដ្ឋានមហាជន ខាងក្រៅក៏ដូចអ្នកសិល្បៈដូចគ្នា។ ប៉ុន្តែដើម្បីបញ្ចប់មន្ទិលនេះថ្មីៗនេះមានព័ត៌មានទម្លាយមកថា អ្នកនាងកែវ នីសានឹងលោក លឹម ជាឡាយ កំពុងស្វះស្វែងរត់រកគ្រូនឹងព្រះសង្ឃ ដើម្បីគន់គូរជ្រើសមើលវេលាថ្ងៃល្អកំណត់ចូលរោងជ័យផ្លូវការនាចុងឆ្នាំនេះ។
ប្រភពខាងលើបាននិយាយថា បច្ចុប្បន្នគូស្នេហ៍កំលោះសង្ហាតារាសម្តែង លោក លឹម ជាឡាយនឹងអ្នកនាង កែវ នីសា បានសម្រេចកំណត់យកឆ្នាំ២០១៥ជាឆ្នាំហុងស៊ុយសម្រាប់ពិធីអាពាហ៍ពិពាហ៍បើសិនជាមើលជើងលេខត្រូវគ្នាមិនឆុងឆ្នាំ។ ការដែលគូស្នេហ៍ពួកគេសម្រេចចូលរោងជ័យយ៉ាងប្រញាប់បែបនេះ គឺដើម្បីចង់បញ្ជាក់ពីសក្ខីភាព នៃចំណងស្នេហ៍រឹងមាំដែលពុំអាចមាននណាម្នាក់ចូលជ្រៀតជ្រែកបំបែកបំបាក់ពួកគេបានឡើយ។
ជុំវិញព័ត៌មាននៃគ្រោងរៀបពិធីអាពាហ៍ពិពាហ៍ចុងឆ្នាំ២០១៥រវាងគូស្នេហ៍អ្នកនាង កែវ នីសាជាមួយកំលោះសង្ហាលោក លឹម ជាឡាយ នេះដែរកម្ពុជាថ្មី នៅព្រឹកថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៥នេះមិនទាន់អាចស្វែងរកការបកស្រាយបន្ថែមពីអ្នកទាំងពីរ បាននៅឡើយទេ។ ដូច្នេះកម្ពុជាថ្មីសង្ឃឹមថា អ្នកទាំងពីរក្រោយពីបានទទួលព័ត៌មាននេះនឹងចេញមុខ បំភ្លឺការពិតឲ្យមហាជនបានដឹងច្បាស់នៅពេលក្រោយ៕
កែវ នីសា ត្រៀមរៀបអាពាហ៍ពិពាហ៍ផ្លូវការចុងឆ្នាំនេះ
0 Comments