Ad Code

មន្ទីរ​ទេសចរណ៍​ និង​អាជ្ញាធរ​ខេត្ត​ពោធិ៍សាត់​គ្រោង​​​អភិវឌ្ឍ​តំបន់​ទេសចរណ៍​ចំនួន​ពីរ

ពោធិ៍សាត់ ​៖ ​ខេត្ត​ពោធិ៍សាត់​ គឺ​ជា​ខេត្ត​ដែល​មាន​ទីតាំង​ស្ថិតនៅ​ភាគ​ខាង​លិច​នៃ​ប្រទេស​កម្ពុជា​ និង​​​ស៊ុម​ស្របតាម​ទ្រនិច​នាឡិកា​ពី​ភាគ​ខាងជើង​ជាមួយ​ខេត្ត​បាត់ដំបង ​ដែល​ជាប់​ទន្លេសាប ,​ខេត្ត​កំពង់ឆ្នាំង , ខេត្ត​កំពង់ស្ពឺ , ​កោះកុង ,​ដែនសមុទ្រ និង​ប្រទេស​ថៃ។ ជា​ខេត្ត​ដែល​មាន​ទីតាំង​រវាង​ទន្លេសាប ​និង​ចុង​ភាគ​ខាងជើង​នៃ ជួរ​ភ្នំក្រវាញ។ នេះ​ជា ខេត្ត​ពោធិ៍សាត់​ទន្លេ bisects ខេត្ត​នេះ​កំពុង​រត់​ពី​ភ្នំក្រវាញ​នៅ​ភាគ​ខាងលិច​ទន្លេសាប​នៅ​ទិសខាងកើត។ ខេត្ត​ពោធិ៍សាត់​ជា​ខេត្ត​ដែល​សល់​តំបន់​ព្រៃឈើ​ប្រមាណ​ជា​៥០% ហើយ​ផ្នែក​មួយ​នៃ​បណ្តា​ខេត្ត​ចំនួន​ប្រាំបួន​ដែល​ជា​ផ្នែក​មួយ​នៃ ជីវ​មណ្ឌល​បម្រុង​ទន្លេសាប។

ខេត្ត​ពោធិ៍សាត់​បើតាម​របាយការណ៍​របស់​មន្ទីរ​ផែនការ​ខេត្ត​បាន​ឲ្យ​ដឹង ថា​មាន​ប្រជារាស្ត្រ​សរុប​៤៧៣.៣២២​នាក់ ក្នុង​នោះ​ប្រុស ២៣៣.៣៥៦ នាក់ ស្រី​២៣៩.៩៦៦ នាក់។ សរុប​ចំនួន​គ្រួសារ​មាន​ចំនួន ១០៤.៦៩៦​គ្រួសារ​ ក្នុងនោះ​មេ​គ្រួសារ​ជា​ស្ត្រី​ចំនួន​១៨.៨៧ ភាគរយ អត្រា​កំណើន​ប្រចាំឆ្នាំ ១.១២ ភាគរយ នៅ​ក្នុង​ខេត្ត។

ទឹកដី​ខេត្តពោធិ៍សាត់​នេះ​រួមមាន ផ្ទៃដី​សរុប​ចំនួន ១២.៦៩២​គីឡូម៉ែត្រ​ មាន​៦​ស្រុក​ មាន​ឃុំ​សង្កាត់​៤៩ និង​៥០៧​ភូមិ ប្រជារាស្ត្រ​នៅក្នុង​ខេត្ត​នេះ​មាន ៣,២ ភាគរយ​នៃ​ប្រជាជន​រស់នៅ​ទូទាំងប្រទេស​កម្ពុជា ដង់ស៊ីតេ​ប្រជារាស្ត្រ​របស់​ខេត្ត គឺ​២៨ នាក់ ក្នុង​មួយ គីឡូម៉ែត្រ ការ៉េ ទាប​ជាង ដង់ស៊ីតេ​ថ្នាក់ជាតិ​ដែល​មានតែ ៦៤ នាក់ ក្នុង​មួយ​គីឡូម៉ែត្រ​ការ៉េ ។

ក្រៅពី​ទិដ្ឋភាព​ប្លែកៗ​នៅតាម​ដង​ទន្លេសាប ខេត្ត​នេះ​នៅ​មាន​តំបន់ ខ្លះៗ​ទៀត​សម្រាប់​លួង​ចិត្ត​ដល់​ទេសចរ​ផងដែរ​ដូច​ជាៈ ​​រមណីយដ្ឋាន​ធម្មជាតិ​ទឹកធ្លាក់​ច្រក​ល្អៀង មាន​ចម្ងាយ​៤១​គីឡូម៉ែត្រ​ពី​ទីរួមស្រុក​ក្រគរ​ខាងត្បូង​ផ្លូវជាតិ​លេខ​០៥ ដោយ​តំបន់​នេះ នៅ​តាម​ដង​ផ្លូវ​អម​ទៅ​ដោយមាន​ស្រែចម្ការ​ប្រជាពលរដ្ឋ​​ ​និង​មាន កូនភ្នំ មានព្រៃ មាន​ទឹកអូរ​ប្រឡាយ​នៃ​តំបន់​ប្រព័ន្ធ​ធារាសាស្ត្រ​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយបាន​ស្ថាបនា​ជូន​ដល់​ប្រជាពលរដ្ឋ​ធ្វើស្រែ​ចម្ការ​គ្រប់​រដូវ​រួមទាំង​មាន​ប្រព័ន្ធ​ផ្លូវថ្នល់​សម្រាប់​ដឹក​កសិផល​ទៅ​លក់​នៅ​ទីប្រជុំជន​បាន​ទៀត។ ជាមួយគ្នា​នោះ​ដែរ​ក៏មាន​ធម្មជាតិ ដែល​មាន​ទឹកជា​ប្រចាំ និង​សម្បូរ​ដោយ​រុក្ខជាតិ​ហូប​ផ្លែ​បែប​ធម្មជាតិ​ដូចជា គុយ សិរមាន់ ភ្ញៀវ រួម​ទាំង​ផ្លែឈើ​ផ្សេងៗ​ទៀត​ដែល​អាច​បេះ​ពិសា​បាន​បើ​មិន​ចង់​បេះ​ខ្លួនឯង​ទេ​លោកអ្នក​ក៏​អាច​ទិញ​ផ្លែឈើ​​​ទាំងនោះ​បាន​តាម​ដងផ្លូវ ​ដែល​បងប្អូន​បាន​ដាក់​លក់​ផងដែរ។

លោក​សំ ឃីម​ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តពោធិ៍សាត់​បាន​ឲ្យ​ដឹង​ថា​ ខេត្ត​នេះក៏មាន​សក្ដានុពល​អំណោយផល​ដល់​ការ​រស់នៅ​របស់​ប្រជាពលរដ្ឋ​ មាន​ភាពងាយស្រួល​ក្នុង​ការ​ប្រកប​របរ​រក​ស៊ី​ចិញ្ចឹម​ជីវិត​ផង​ដែរ។ ព្រោះ​តំបន់​ខ្ពង់រាប​ជា​តំបន់​ដំណាំ​កសិឧស្សាហកម្ម តំបន់​វាលទំនាប​គឺ​ពឹង​ផ្អែកលើ​ដំណាំ​កសិកម្ម​ច្រើន​ដូចជា​ដំណាំ​ស្រូវ​ជាដើម​ព្រមទាំង​ប្រជាកសិករ​ប្រកបរបរ​នេសាទ​ត្រី​នៅ​បឹង​ធម្មជាតិ​ទន្លេ​​សាប​បាន​ទៀត។

លោក សំ ឃីម ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​ពោធិ៍សាត់​បាន​ប្រាប់​អ្នកយក​ព័ត៌មាន​​​ឲ្យ​ដឹង​កាលពី​វេលា​​ម៉ោង​១១​ព្រឹក​ថ្ងៃ​ទី​០៦ ខែ​សីហា​ ឆ្នាំ​២០១៥ នេះ​ថា​ តំបន់​ទេសចរណ៍​ចំនួន​ពីរ ​ដែល​កំពុងតែ​ទាក់ទាញ​ភ្ញៀវ​ទេសចរ​​ជាតិ​ និង​អន្តរជាតិ​មក​ទស្សនា​ច្រើន​បំផុត​ក្នុង​ទឹកដី​ខេត្ត​ពោធិ៍សាត់​នោះ ​ពេល​នេះ​ត្រូវ​បាន​អាជ្ញាធរ​ខេត្ត​ពោធិ៍សាត់​ទទួល​គម្រោង​ពី​វិនិយោគ​មក​អភិវឌ្ឍន៍​ដំបន់​ទាំងពីរ​នាពេលខាងមុខ​នេះ ហើយ​នៅ​ខាង​ស្រុក​ក្រគរ គឺ​ចំនួន​ពីរ​កន្លែង​ទី​១ តំបន់​ទេសចរណ៍​ធម្មជាតិ​បឹង​ទន្លេ​សាប ភូមិ​សហគមន៍​បណ្ដែត​ទឹក​កំពង់​លួង និង​ទី​២ តំបន់​ទេសចរ​ធម្មជាតិ​ទឹកធ្លាក់​ច្រក​ល្អៀង។

លោក សំ ឃីម​បាន​បន្ត​ថា​ លោក​បាន​ឃើញ​កញ្ចប់​ថវិកា​ក្នុង​របាយការណ៍​អភិវឌ្ឍន៍​តំបន់​ទេសចរណ៍​ពីរ​កន្លែង​នៅ​ស្រុក​ក្រគរ​នេះ មាន​ចំនួន​ទឹកប្រាក់ (​មួយ​លាន​ប្រាំ​សែន​ដុល្លារ​អាមេរិក​) ត្រូវ​បាន​អាជ្ញាធរ​ខេត្ត និង​មាន​ដាក់​គម្រោង​ធ្វើការ​អភិវឌ្ឍ​​ចំនួន​ពីរ​​កន្លែង​ហើយ​ដើម្បី​កែប្រែ​តំបន់​នេះ​ឲ្យ​ក្លាយ​ទៅជា​រមណីយដ្ឋាន​ទេសចរណ៍ ​ដែល​មាន​ស្តង់ដារ​សម្រាប់​ទទួល​ភ្ញៀវ​ជាតិ ​និង​អន្តរជាតិ​ដែល ដោយ​ត្រូវ​បាន​អនុវត្ត​នៅ​ចុង​ឆ្នាំ​២០១៥​ក្នុង​ពេល​ខាង​មុខ​នេះ។

លោក​សំ ឃីម បាន​​បាន​បន្ត​ទៀត​ថា​ នៅ​ថ្ងៃ​ទី​១៣ ខែ​សីហា ឆ្នាំ​២០១៥​ខាងមុខនេះ​ខាង​មន្ទីរ​ទេសចរណ៍ ​និង​អាជ្ញាធរ​ខេត្ត​រួម​ជាមួយ​ខាង​ក្រុមហ៊ុន​វិនិយោគ នឹង ចុះ​សិក្សា​នៅ​តំបន់​ទេសចរណ៍​ធម្មជាតិ​រមណីយដ្ឋាន​ទឹកធ្លាក់​ច្រក​ល្អៀង​នៅ​ខាង​ភូមិសាស្ត្រ​ឃុំ​ឈើ​តុំ​ ស្រុក​ក្រគរ​ ខេត្ត​ពោធិ៍សាត់ ដែល​មាន​ចម្ងាយ​ផ្លូវ​ជាង​៤០​គីឡូម៉ែត្រ​ខាងត្បូង​ផ្លូវជាតិ​លេខ​០៥​ នៅ​បរិវេណ​ផ្លូវបំបែក​ទីរួមស្រុក​ក្រគរ។ ក្នុង​នោះ​ត្រូវ​សិក្សា​ឲ្យ​ច្បាស់លាស់​នៃ​កា​គ្រប់គ្រង​ដាច់ដោយឡែក​ក្នុង​ទីតាំង​ទេសចរណ៍​នេះ​ងាយស្រួល​គ្រប់គ្រង​ដាច់​ចេញពី​ខាង​បរិស្ថាន ថា​តើ​អាជ្ញាធរ​និង​ខាង​​បរិស្ថាន​ឲ្យ​វិសាលភាព​តំបន់​នេះ​ត្រឹម​ណាខ្លះ​ក្នុង​ការ​អភិវឌ្ឍ​​រួម​ទាំង​ការ​ពង្រីក​ដង​ផ្លូវ​ធំ​ទូលាយ​កុំ​ឲ្យ​មាន​ការ​ធ្វើដំណើរ​មក​កម្សាន្ត​កកស្ទះ​ភ្ញៀវ​ជាតិ ​និង​អន្តរជាតិ​ជាពិសេស​គឺ​នៅ​ពេល​មាន​បុណ្យទាន​ប្រពៃណី​ខ្មែរ និង​បុណ្យ​ប្រពៃណី​ចិន​វៀតណាម​គឺ​ភ្ញៀវ​ជាតិ​មក​កម្សាន្ត​កកស្ទះ។ ក្រោយ​ពេលដែល​ពួកគេ​មក​កម្សាន្ត​នៅ​តំបន់​ច្រក​ល្អៀង​រួច​ភ្ញៀវ​ជាតិ​និង​អន្តរជាតិ​ទាំងនោះ​អាច​មក​ទស្សនា​នៅ​លើ​ផ្ទៃ​ទឹក​នៃ​តំបន់​ទេសចរណ៍​បែប​ធម្មជាតិ​ផ្ទះ​បណ្ដែត​ទឹក​នៃ​ការ​រស់នៅ​របស់​បងប្អូន​សហគមន៍​ក្នុង​ផ្ទៃ​បឹង​ទន្លេសាប​នេះ​ថែមទៀត។

លោក​សុខ វឿន ជា​មន្ត្រី​សម្របសម្រួល​ទេសចរណ៍​ក្នុង​តំបន់​សហគមន៍​ទេសចរណ៍​ភូមិ​បណ្ដែត​ទឹក​ប្រចាំការ​ឃុំ​កំពង់​លួង​ប្រាប់​ថា ​ភ្ញៀវ​ទេសចរ​ ​ដែល​ច្រើន​លើសលប់​ជាងគេ​ពី​មួយ​ឆ្នាំទៅ​មួយឆ្នាំ​មក​កម្សាន្ត​នៅ​ទី​នេះ​គឺ​ភាគច្រើន​ជា​ភ្ញៀវ​អន្តរជាតិ​ចម្រុះ​ជាតិ​សាសន៍។ លោក​បន្តថា ​ឆ្នាំ​២០១៥​នេះ​មានការ​កើន​ឡើង​លើស​ជាង​ឆ្នាំ​២០១៤​គួរ​ឲ្យ​កត់​សម្គាល់​នេះ​គ្រាន់តែ​គិត​ត្រឹម​ឆមាស​ទី​០១​ ដើមខែ មករា ​ដល់​ខែ​មិថុនា ​ឆ្នាំ​២០១៥​នេះ​ ភ្ញៀវ​ទេសចរ​អន្តជាតិ​សុទ្ធសាធ​មក​ទស្សនា​នៅ​តំបន់​ទេសចរ​សហគមន៍​ភូមិ​បណ្ដែត​ទឹក​ ឃុំ​កំពង់​លួង​មាន​ចំនួន​២.៨៨៨ នាក់​គឺ​កើន​ជាង​ឆ្នាំ​២០១៤ ហើយ​រដូវប្រាំង​មិន​សូវ​មាន​ភ្ញៀវ​មក​កម្សាន្ត​ទៀត។

លោក វឿន បន្ត​ថា​ ភ្ញៀវ​ដែល​សម្រុក​មក​កម្សាន្ត​ទីនេះ​ខ្លាំងជាងគេ​នោះ​គឺ​ចាប់ពី​ដើមខែ​កក្កដា​រហូតដល់​ខែ​វិច្ឆិកា។ នៅ​នៅ​រដូវវស្សា​ទឹក​ទន្លេ​សាប​ចាប់​ផ្ដើម​ឡើង ពួកគេ​មក​ច្រើន​ណាស់​ ព្រោះ​គេ​មាន​ឧកាស​មើល​ពី​ផ្ទៃ​បឹង​ទន្លេសាប​ទាំងមូល​បាន រួមទាំង​ទៅ​លំហែ​​កាយ​ទៅ​ទស្សនា​នៅ​តំបន់​អភិរក្ស​មួយចំនួន ដូចជា​កំពង់​ផ្គោល កំពង់​ប្រាក់ តំបន់​ដី​រនាថ​ជាដើម​ដើម្បី​គយគន់​មើល​ហ្វូង​សត្វ​ស្លាប់​រាប់​សែន​ក្បាល​ចម្រុះ​ពណ៌​លើ​បឹង​ទន្លេ​សាប​នេះ។ លោក​វឿន ក៏បាន​រំលឹក​បញ្ជាក់​ថា ​ទីតាំង​ទេសចរណ៍​មួយ​នេះ​ ខាង​ទូរទស្សន៍​ជាតិ​របស់​ប្រទេស​បារាំង​ក៏បាន​បើក​យន្តហោះ​មក​ផ្ដិត​រូបភាព​នេះ​ចំនួន​ពីរ​ថ្ងៃ​យក​ទៅ​ផ្សាយ​ពី​តំបន់​ស្រស់ត្រកាល​នេះដែរ។

ទាក់ទិន​នឹង​ការ​អភិវឌ្ឍន៍​ចំនួន​ពីរ​តំបន់​នេះ​លោក​អ៊ឹង គឹម​លាង អភិបាលរង​ខេត្តពោធិ៍សាត់​ទទួល​កិច្ចការ​អភិវឌ្ឍន៍​បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​ឲ្យ​ដឹង​ថា ខេត្ត​ពោធិ៍សាត់​ជា​ខេត្ត​ដែល​មាន​តំបន់​ទេសចរណ៍​ច្រើន ​ហើយ​មាន​សក្ដានុពល​ទៅលើ​វិស័យ​ទេសចរណ៍ ​និង​ផ្នែក​កសិឧស្សាហកម្ម​ទើប​អាជ្ញាធរ​ខេត្ត​ជ្រើស​យក​តំបន់​ទេសចរ​​​ចំនួន​ពីរ​សិន​ដើម្បី​យក​មក​ធ្វើការ​អភិវឌ្ឍ​ជា​ជំហាន​ដំបូង។ ពោល​គឺ​តំបន់​ធម្មជាតិ​ទេសចរណ៍​ទឹកធ្លាក់​ច្រក​ល្អៀង និង​តំបន់​ទេសចរណ៍​ធម្មជាតិ​សហគមន៍​​​ផ្ទះ​បណ្ដែត​ទឹក​កំពង់​លួង​ដើម្បី​ប្រែក្លាយ​ឲ្យ​ទៅ​ជា​រមណីយដ្ឋាន​ទេសចរណ៍​ធម្មជាតិ​បែប​វប្បធម៌​ដែល​មាន​ស្តង់ដារ​សម្រាប់​ទទួលភ្ញៀវ​ជាតិ ​និង​ជាតិ​ចម្រុះ​ជាតិ​សាសន៍​ចូល​មក​ទស្សនា​រួម​ទាំង​ការ​ទេសចរ​​កម្សាន្ត​តាម​ទូក​កាណូត​លើ​ផ្ទៃ​ទន្លេ​សាប​ គយ​គន់មើល​ផ្ទះ​បណ្ដែត​ទឹក​ សិក្សា​ពី​ការ​រស់នៅ​របស់​ប្រជជន​ភូមិ​នេះ​ផង​រួម​ទាំង​មើល​ហ្វូង​សត្វ​ស្លាប ​និង​មើល​ព្រះ​សុរិយា​រាប​លិច​ ដែល​ចាំង​ឆ្លុះ​ពណ៌​ធម្មជាតិ​ដ៏​ស្រស់​ត្រកាល​នៅ​លើ​ផ្ទៃ​ទឹក​បឹង​ធម្មជាតិ​ទន្លេសាប​នេះ។

លោក​អភិបាលរង​បាន​ពន្យល់​ទៀត​ថា ​ចំពោះ​តំបន់​ទេសចរណ៍​ធម្មជាតិ​ទឹកធ្លាក់​ច្រក​ល្អៀង​គឺ​ត្រូវ​រៀបចំ​ឲ្យ​មាន​អនាម័យ​ បរិស្ថាន​ល្អ បង្កើត​ឲ្យ​មាន​រីស្សត ផ្ទះ​ឈើ​សម្រាប់​ភ្ញៀវ​ស្នាក់នៅ​ដោយមាន​សណ្ដាប់ធ្នាប់​ច្បាស់​ច្បាស់លាស់ ធ្វើការ​ការពារ​អភិរក្ស​ព្រៃឈើ​ទាំងអស់​ ដែល​នៅ​ក្នុង​តំបន់​ដែន​ទេសចរណ៍​នោះ និង​រៀបចំ​បង្កើត​ឲ្យ​មាន​ភោជនីយដ្ឋាន​មួយ​ចំនួន​ថែមទៀត។ ដោយ​កែ​លម្អ​ឲ្យបាន​ស្អាត​ជៀសវាង​ប៉ះពាល់​អារម្មណ៍​ភ្ញៀវ​ទេសចរ​ ដែល​មក​កម្សាន្ត​មាន​ការ​ថ្នាំងថ្នាក់​ចិត្ត ហើយ​បង្កើត​ឲ្យ​មាន​ទីតាំង​សម្រាប់​ចត​យានយន្ត​បាន​ធំ​ទូលាយ​ ជាពិសេស​ការរៀបចំ​ឲ្យ​មាន​សុខ​សុវត្ថិភាព​សន្តិសុខ​សណ្ដាប់ធ្នាប់​ល្អ​ដើម្បី​ឲ្យ​ភ្ញៀវ​មាន​ទំនុក​ចិត្ត​ភាព​កក់ក្តៅ​ចូល​មក​ស្នាក់នៅ​កម្សាន្ត​បាន​សប្បាយ​ដើរ​មើល​ទស្សនា​បែប​ធម្មជាតិ​នូវ​សំឡេង​ទឹកជ្រោះ​ហូរ​ធ្លាក់​មិន​ដាច់​ពី​ចេញពី​តំបន់​ទេសចរណ៍​មួយ​នេះ​ ដែល​អម​ទៅ​ដោយ​ព្រៃ​ធម្មជាតិ​ដ៏​ស្រស់បំព្រង​ខួប​ប្រាំង​វស្សា​ជាមួយ​នឹង​ផ្លែឈើព្រៃ​ ដែល​អាច​បេះ​ពិសា​បាន​ទៀត​ផង។

ដោយឡែក​សម្រាប់​តំបន់​ទេសចរណ៍​កំពង់​លួង​ក៏​ដូចគ្នា​ដែរ ​គឺ​ត្រូវ​រៀបចំ​លក្ខណៈ​សមស្រប​ដោយ​បង្កើត​ហូមស្តេ​សម្រាប់​ភ្ញៀវ​ស្នាក់នៅ​លើទឹក រៀបចំ​ផ្ទះទឹក​ឲ្យ​មាន​របៀបរៀបរយ​ល្អ រៀបចំ​ឲ្យ​មាន​ទីតាំង​ផែ​ស្ងួត​មាន​ទូក​កាណូត​បំពាក់​ត្រឹមត្រូវ​មាន​អាវ​ពោង​សម្រាប់​ភ្ញៀវ​ពាក់​ម្នាក់​មួយៗ​ទៅ​តាប​បទដ្ឋាន​របស់​វា ដើម្បី​ផ្តល់​ភាព​ងាយស្រួល​សម្រាប់​ចុះទៅ​កម្សាន្ត ​និង​បង្កើត​ឲ្យ​មាន​រី​ស្សត​នៅ​ឃុំ​រាំង​ទិល​ដោយ​ធ្វើការ​ការពារ​ដើម្បី​រារាំង​ការពារ​នៅ​ជុំវិញ​ឲ្យ​នៅ​គង់វង្ស ។ ដោយមាន​គោលការណ៍​គឺ​ឲ្យ​មាន​សណ្ដាប់ធ្នាប់​នៅ​ពេល​មាន​បញ្ហា ​និង​ប៉ះពាល់​បរិស្ថាន ដូចជា​ប្រើប្រាស់​សំឡេង​រំខាន ការគ្រប់គ្រង​អនាម័យ​កាកសំណល់​រឹង ​និង​រាវ រួម​ជាមួយ​ការ​បន្ទោបង់​ជាដើម។

ពាក់ព័ន្ធ​នឹង​ការ​អភិវឌ្ឍ​តំបន់​ទេសចរណ៍​​ទាំងពីរ​នេះ​លោក​​អ៊ឹង​ គឹម​លាង បានបញ្ជាក់​ថា ​មាន​ក្រុមហ៊ុន​ចំនួន​៥​ក្នុង ក្រុមហ៊ុន​ចិន ថៃ និង​ខ្មែរ ដែល​បាន​ដាក់​គម្រោង ​និង​ដាក់ទុន​វិនិយោគ​ទៅលើ​វិស័យ​ទេសចរណ៍​នៅក្នុង​ខេត្ត​ពោធិ៍សាត់​នេះ​ដោយ​ជំហាន​ដំបូង គឺ​ខាង​វិនិយោគ​បាន​ពេញចិត្ត​ជ្រើស​យក​តំបន់​ទេសចរណ៍​ធម្មជាតិ​ទឹកធ្លាក់​ច្រក​ល្អៀង​ជាពិសេស​នោះ​គឺ​តំបន់​ទេសចរ​បែប​ធម្មជាតិ​ឃុំ​កំពង់​លួង ដែល​ត្រូវបាន​ចាប់ផ្តើម​ការ​អភិវឌ្ឍ​​នៅ​ចុង​ឆ្នាំ​២០១៥​ខាងមុខនេះ។

លោក​អភិបាលរង​ក៏បាន​ឲ្យ​ដឹង​ទៀត​ថា​ ដោយឡែក​តំបន់​ទេសចរណ៍​មួយចំនួនទៀត​នៅ​ស្រុក​វាលវែង​ក៏​នឹង​មាន​គម្រោង​ធ្វើការ​អភិវឌ្ឍ​ជា​បន្តបន្ទាប់​ទៀត​ដែរ​តាប​រយៈ​បទ​បង្ហាញ​របស់​អាជ្ញាធរខេត្ត​បាន​ចុះ​អឹម​អូ​យូ​ជាមួយ​ក្រុមហ៊ុន​ថៃ​រួចហើយ ប៉ុន្តែ​អាជ្ញាធរ​ខេត្ត​នឹង​ត្រូវ​សម្លឹង​មើលថា​តើ​ក្រុមហ៊ុន​មួយណា​ដែលមាន​លទ្ធភាព​ខ្លាំងជាងគេ​ក្នុងកា​មក​វិនិយោគ​តែប៉ុណ្ណោះ។

លោក​សំ ឃីម ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​ពោធិ៍សាត់​បាន​បញ្ជាក់​ចុងក្រោយ​ថា ​តាមរយៈ​ស្ថិតិ​របស់​សណ្ឋាគារ ផ្ទះសំណាក់ កន្លែង​កម្សាន្ត​នានា ក្នុង​រយៈពេល ៦​ខែ ដើម​ឆ្នាំ ២០១៥ មាន​ភ្ញៀវ ទេសចរ​បរទេស​ចូលមក​ទស្សនា​កម្សាន្ត​ក្នុង​ខេត្តពោធិ៍សាត់​សរុប​ចំនួន ​៤.៥៧៩ នាក់។ បើ​ប្រៀបធៀប​រយៈពេល​ដូចគ្នា ភ្ញៀវទេសចរ​មានការ​កើន​ឡើង​៦៤,០៦ % (៦​ខែ ឆ្នាំ ២០១៤ ចំនួន ២.៧៩១​នាក់)។

តាម​កិច្ចសហការ​ជាមួយ​ប៉ូលិស​ទេសចរណ៍​ និង​ការចុះ​ត្រួតពិនិត្យ​របស់​មន្ត្រី​ជំនាញ ក្នុង​រយៈពេល ៦​ខែ​ដើម ឆ្នាំ ២០១៥ នេះ​មាន​ភ្ញៀវ​ទេសចរ​ក្នុងស្រុក​ចូល​មក​ទស្សនា​កម្សាន្ត​ក្នុង​ខេត្តពោធិ៍សាត់​សរុប​ចំនួន ២៥១.២២៥ នាក់។ បើ​ប្រៀបធៀប​រយៈពេល​ដូចគ្នា គឺមាន​ការ​កើនឡើង ១០៦,៣%​ (​ភ្ញៀវ​ក្នុង ៦​ខែ ឆ្នាំ​២០១៤ មាន​ចំនួន​១៥១.៨១៦ នាក់)។



ក្នុងនោះ​មាន ភ្ញៀវ​នៅ​រមណីយដ្ឋាន ទឹកធ្លាក់​ច្រក​ល្អៀង រយៈពេល ៦​ខែ ដើមឆ្នាំ ២០១៥ មាន​៖

-​ភ្ញៀវ​ជាតិ ៥៣.៣២៥ នាក់​

-​ភ្ញៀវ​អន្តរជាតិ ១៥៧ នាក់​

​ ភ្ញៀវ​អន្តរជាតិ​នៅ​សហគមន៍​ភូមិ​អណ្តែត​ទឹក កំពង់​លួង​មាន​ចំនួន​២.៨៨៨ នាក់។

ជាមួយគ្នា​នោះដែរ​ក៏មាន​ប្រជាពលរដ្ឋ​នៅ​ក្នុង​ខេត្តពោធិ៍សាត់​បាន​សាទរ​ចំពោះ​ការ​យកចិត្តទុកដាក់​របស់​អាជ្ញាធរ​ខេត្ត​​​ និង​មន្ទីរ​ទេសចរណ៍​ខេត្តពោធិ៍សាត់ ​ដែល​បានធ្វើការ​អភិវឌ្ឍ​តំបន់​ទេសចរ​ណ៍​ទាំងពីរ​ទីតាំង​នេះ ដើម្បី​ឲ្យ​ពួកគាត់​នូវ​តំបន់​ទាំង​ពីរ​នេះ​មានមុខ​របរ​ថ្មី បន្ថែម​មួយទៀត​រួមផ្សំ​ផ្គត់​ផ្គង​ជីវភាព​គ្រួសារ​ឲ្យ​មាន​ភាព​កាន់តែ​ប្រសើរ​ឡើង​តាមរយៈ​ការអភិឌ្ឍ​​នៃ​តំបន់​ទេសចរណ៍​នេះ៕

*ទឹកធ្លាក់ច្រកល្អៀង

M08-08-15-w4

M08-08-15-w5

M08-08-15-w6

M08-08-15-w7

M08-08-15-w8

M08-08-15-w9

M08-08-15-w10

M08-08-15-w11



*ហ្វូង​សត្វស្លាប​នៅ​តាម​តំបន់​អភិរក្ស​(រូបភាព​នៅ​ខាង​ដី​រនាថ​ស្មោញ)

M08-08-15-w14

M08-08-15-w13

M08-08-15-w12

M08-08-15-w15



*ហ្វូងសត្វស្លាបចម្រុះនៅបឹងបុរាណព្រះពន្លៃ

M08-08-15-w

M08-08-15-w3

M08-08-15-w2

M08-08-15-w1



*ភ្ញៀវទេសចរមកកំសាន្តនៅសហគមន៍ធម្មជាតិបឹងទន្លេសាបកំពង់លួង

M08-08-15-x14

M08-08-15-x12

M08-08-15-x11

M08-08-15-x10

M08-08-15-x9

M08-08-15-x8

M08-08-15-x7

M08-08-15-x6

M08-08-15-x5

M08-08-15-x4

M08-08-15-x3



M08-08-15-x2

M08-08-15-x1

M08-08-15-x

មន្ទីរ​ទេសចរណ៍​ និង​អាជ្ញាធរ​ខេត្ត​ពោធិ៍សាត់​គ្រោង​​​អភិវឌ្ឍ​តំបន់​ទេសចរណ៍​ចំនួន​ពីរ

Post a Comment

0 Comments

Close Menu