ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១៩និង៤០នាទីយប់ថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៥នៅចំណុចខាងក្រោយផ្សារកាណាស៊ីធីភូមិចោមចៅ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។
ជនរងគ្រោះមានឈ្មោះស៊ុន បូរីភេទប្រុសអាយុ៣២ឆ្នាំមុខរបររត់ម៉ូតូឌុប ស្នាក់នៅផ្សារទំនប់ថ្មីសង្កាត់បឹងទំពុន ខណ្ឌមានជ័យ និងមានស្រុកកំណើតនៅភូមិសំបួរ ឃុំរំសោង ស្រុកកំពង់ត្របែកខេត្តព្រៃវែង។ ម៉ូតូរបស់ជនរងគ្រោះម៉ាកហុងដាសេ១២៥ពណ៌ខ្មៅស៊េរីឆ្មាំ២០១២ពាក់ស្លាកលេខភ្នំពេញ1BS1419។ ជនរងគ្រោះត្រូវចោរចាក់ឲ្យរបួសចំនួន២កាំបិតចំឆ្អឹងជំនីខាងស្ដាំ។
ជនសង្ស័យដែលគេចាប់ខ្លួននោះមានឈ្មោះផាន់ គ្រាន់ ភេទប្រុសអាយុ២១ឆ្នាំ ស្នាក់នៅភូមិទ្រា៣សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ មានស្រុកកំណើតនៅស្រុកឈូកខេត្តកំពត។
តាមជនរងគ្រោះបានឲ្យដឹងថា មុនពេលកើតហេតុជនរងគ្រោះបានឌុបជនសង្ស័យចេញពីម្ដុំភូមិជ្រៃកោង សង្កាត់ចោមចៅថាឲ្យឌុបទៅផ្ទះបងនៅឯសង្កាត់ស្ទឹងមានជ័យ។ នៅពេលឌុបទៅដល់ជនសង្ស័យបានឲ្យឌុបត្រឡប់មកម្ដុំផ្សារកាណាស៊ីធីវិញ។ ពេលមកដល់ផ្សារគេឲ្យឌុបចូលទៅក្រោយផ្សារជាកន្លែងស្ងាត់ហើយគេបានឲ្យជនរងគ្រោះឈប់ម៉ូតូ។
ប្រភពនេះបន្ដថា នៅពេលម៉ូតូមិនទាន់ឈប់ស្រួលបួលផង ស្រាប់តែជនសង្ស័យបានដកកាំបិតមកចាក់ទៅលើជនរងគ្រោះចំនួន២កាំបិតចំឆ្អឹងជំនីខាងស្ដាំឲ្យដួលធ្លាក់ពីលើម៉ូតូ រួចរៀបចំលើកយកម៉ូតូបម្រុងជិះគេចខ្លួន តែភ្លាមៗនោះដែរជនរងគ្រោះនៅមានស្មារតីរឹងប៉ឹងនៅឡើយក៏បានស្រែកឲ្យគេជួយទើបប្រជាជននៅក្បែរនោះនាំគ្នាមកជួយ។ តែចោរបានស្រែកប្រាប់ប្រជាពលរដ្ឋថាជនរងគ្រោះជាចោរវិញ ហើយប្រជាពលរដ្ឋមិនទាន់ដឹងថាអ្នកណាជាចោរអ្នកណាជាជនរងគ្រោះបែរជាជឿចោរមកលោតធាក់ជនរងគ្រោះ១ជើងទៅវិញ។ ប៉ុន្ដែពេលនោះត្រូវជនរងគ្រោះប្រាប់ថាខ្លួនជាម្ចាស់ម៉ូតូទេ ទើបប្រជាពលរដ្ឋងាកទៅរកដេញចាប់ជនសង្ស័យនោះវិញ។ នៅពេលចាប់បានពួកគេបាននាំគ្នាវាយមួយដៃមួយជើងម្នាក់មួយសន្ទុះក្រោយមកទើបនគរបាលមកដល់ ក៏នាំយកទៅសាកសួរនៅប៉ុស្តិ៍ និងបានឆែកឆេរនៅក្នុងកាបូបមានលាក់ទុកកាំភ្លើងខ្លីបាញ់ហ្គាស់មួយដើមទៅវិញតែគេមិនបានដកកាំភ្លើងនោះមកធ្វើសកម្មភាពនោះទេ។
ពេលនេះនគរបាលបានកសាងឯកសារបញ្ជូនទៅតុលាការចាត់ការតាមនីតិវិធី៕
ចាក់ពីរកាំបិតប្លន់អ្នករត់ម៉ូតូឌុប តែត្រូវប្រជាពលរដ្ឋជួយដេញចាប់បានវាយទ្រមខ្លួន

0 Comments