Ad Code

តារាភាពយន្ត​ល្បី​បី​ជំនាន់​អ្នកស្រី ឌី សា​វ៉េ​ត មិន​ព្រម​ចាស់​តាម​អាយុ​

ភ្នំពេញ ៖ នៅ​ក្នុង​ចំណោម​អតីត​តារាភាពយន្ត​ល្បីៗ ជើងចាស់​របស់​ខ្មែរ​ពី​សង្គម គេ​សង្កេតឃើញ អ្នកស្រី​ឌី សា​វ៉េ​ត នៅតែ​ជា​តារាភាពយន្ត​ដែល​មាន​ប្រជាប្រិយភាព​ជាងគេ​ក្នុង​ពិភព​សិល្បៈ រហូត​មក​ដល់ពេល​សព្វ​ថ្ងៃនេះ។ ប្រសូត​ក្នុង​គ្រួសារ​អភិជន​មួយ អ្នកស្រី ឌី សា​វ៉េ​ត ជា​កូនពៅ​គេ​ក្នុងចំណោម​បងប្អូន​៦​នាក់។ ឪពុក​របស់​អ្នកស្រី​ជា​អតីតមន្ត្រី​ក្រសួងកសិកម្ម ដែល​មាន​ភរិយា​៣​នាក់ និង​ជីតា​ធ្វើការ​នៅ​សាលាឧទ្ធរណ៍​ក្រុងភ្នំពេញ។ អ្នកស្រី​មាន​បងប្អូន​ចំនួន​៦​នាក់​ គឺ​ប្រុស​២​នាក់ និង​ស្រី​៤​នាក់ ហើយ​អ្នកស្រី​គឺជា​កូនពៅ។ នៅ​ដើម​ឆ្នាំ​១៩៥០ កុមារី ឌី សា​វ៉េ​ត បាន​ចូលរៀន​នៅ​សាលា​បឋម​សិក្សា​សុធារស​ ដែល​ជា​អតីត​សាលារៀន​របស់​ព្រះរាជ​កនិដ្ឋា​ស្មី​សោភ័ណ។ បន្ទាប់ពី​បាន​បញ្ចប់​ថ្នាក់​បឋមសិក្សា​ អ្នកស្រី​បាន​បន្ត​ការសិក្សា​ថ្នាក់​អនុវិទ្យាល័យ​(College) នៅ​សាលា​សុធារស​ដដែល។ ទើប​រៀន​បាន​រយៈពេល​៣​ឆ្នាំ​ នៅ​កម្រិត​នេះ​ ពោល​គឺ​ត្រឹម​ថ្នាក់​ទី​៨​ប៉ុណ្ណោះ សាលា​បាន​ជំរុញ​ និង​លើក​ទឹក​ចិត្ត​ឲ្យ​អ្នកស្រី​ដាក់ពាក្យ​ចូល​ប្រឡង​កញ្ញាឯក​ និង​ភាព​សង្ហា​រថយន្ត។ បន្ទាប់ពី​ទទួល​បាន​ជោគជ័យ​ក្នុង​ការ​ប្រឡង​ និង​សម្ដែង អ្នកស្រី​ក៏​មាន​ទំនោរ និង​ពេញចិត្ត​ខ្លាំង​ចំពោះ​អាជីព​សិល្បៈ​ហើយ​ជាប់​សូរ​សម្ដែង​ស្ទើរ​គ្មាន​ពេលទំនេរ ​ទាំង​ខ្លួន​ជាប់រវល់​នឹង​ការសិក្សា​ផង​នោះ។​

អ្នកស្រី​បាន​បញ្ជាក់​ថា នៅ​វ័យ​សិក្សា អ្នកស្រី​មាន​ទេពកោសល្យ​សម្ដែង និង​រូប​សម្ផស្ស​ស្រស់​ស្អាត​ផង​នោះ បាន​ធ្វើ​ឲ្យ​កំលោះៗ​តាម​ចោមរោម​សុំ​ស្នេហ៍ និង​មាន​អ្នក​ចូល​ស្ដីដណ្ដឹង​ជាច្រើន​នាក់​តែ​ត្រូវ​អ្នកស្រី​ប្រកែក​មិន​យក។ ដោយ​មិន​ជ្រះស្រឡះ​នឹង​រឿង​ស្នេហា និង​ខ្លួន​ស្រឡាញ់​អាជីព​ជា​តារា​សម្ដែង​ផង​នោះ ​អ្នកស្រី​ក៏​សម្រេចចិត្ត​បញ្ឈប់​ការសិក្សា​របស់​ខ្លួន​ត្រឹម​ថ្នាក់​College តែម្ដង​ទៅ។​

អ្នកស្រី ឌី សា​វ៉េ​ត មានកំណើត​នៅ​ក្នុង​គ្រួសារ​មានទ្រព្យ​សម្បត្តិ និង​សេចក្ដីថ្លៃថ្នូរ​មួយ​គួបផ្សំ​នឹង​រូប​សម្ផស្ស​កាលពី​ក្មេង​ស្រស់​ស្អាត​ផង​នោះ​ បាន​ធ្វើ​ឲ្យ​អ្នក​ពោះម៉ាយ និង​កំលោះៗ​ចោមរោម​សុំ​ស្នេហ៍​។ មាន​បុរស​មិន​តិច​ជាង​១០​នាក់​ទេ ដែល​បាន​តាម​សុំ​ស្នេហា ​និង​ចូល​ដណ្ដឹង​អ្នកស្រី​ធ្វើជា​ភរិយា​ តែ​ត្រូវ​បាន​ផ្ដាច់​ពាក្យ​ទៅវិញ​ជា​បន្តបន្ទាប់ ​ព្រោះ​អ្នកស្រី​គិត​ថា​ខ្លួន​ទើបតែ​មាន​អាយុ​១៦​ឆ្នាំ​ហើយ​កំពុង​រៀន​នៅ​ថ្នាក់​អនុវិទ្យាល័យ។ ដោយ​រឿងរ៉ាវ​ស្នេហា​របស់​អ្នកស្រី​ច្រើន​ និង​កប់​ជ្រៅ​ច្រើន​ឆ្នាំ​ផង​នោះ ​អ្នកស្រី​គ្រាន់តែ​លើកឡើង​រឿងរ៉ាវ​ស្នេហា​បុរស​ពីរ​នាក់​មក​និយាយ​ប៉ុណ្ណោះ គឺ​បុរស​មុន​រៀបការ​ម្នាក់ និង​បុរស​ដែល​ជា​អតីត​ស្វាមី​ម្នាក់។ មុន​ពេល​រៀប​អាពាហ៍ពិពាហ៍​មួយ​ឆ្នាំ​ អ្នកស្រី​ត្រូវ​បាន​បុរស​ម្នាក់​តាម​លោម​អង្វរ​សុំ​ស្នេហា​ ដោយ​ហ៊ាន​ធ្វើ​អ្វីៗ​គ្រប់​បែប​យ៉ាង​ឲ្យ​តែ​អ្នកស្រី​និយាយ​រក​គេ​(​ភ្លេច​ឈ្មោះ​)។ នៅ​ពេល​ដែល​បុរស​នោះ​ស្កាត់​មក​ជួប​ម្ដងៗ ​អ្នកស្រី​តែងតែ​គេចវេះ​ពីមុខ​បុរស​នោះ​។ អ្នកស្រី​និយាយ​ថា “​ថ្ងៃមួយ​គេ​បាន​លួច​យក​សំបុត្រ​មក​ដាក់​ក្នុង​កាបូប​របស់ខ្ញុំ​ ហើយ​សំបុត្រ​ហ្នឹង​សរសេរ​ថា បើ​នៅតែ​មិន​និយាយ​ស្ដី​ជាមួយ​ខ្ញុំ​តទៅទៀត​ ខ្ញុំ​នឹង​ទៅដល់​ផ្ទះ​តែម្ដង​ ហើយ​សារភាព​ស្នេហា​ប្រាប់​ប៉ា​ម៉ាក់​ សា​វ៉េ​ត​ ឲ្យ​ពួកគាត់​បាន​ដឹង​ហើយ ថា​បើ​គាត់​វាយ​ឲ្យ​វាយ​ទាំងពីរ​នាក់។​ ក្រោយមក ​ខ្ញុំ​ក៏​ចាប់ផ្ដើម​និយាយ​រក​គេ​ទៅ​”​។ បុរស​ម្នាក់​នោះ​ក៏​ចាប់ផ្ដើម​លួងលោម​ និង​សន្យា​របៀប​កូនប្រុស​ថា ស្រលាញ់​ស្មោះស្ម័គ្រ​ និង​ឲ្យ​ឪពុកម្ដាយ​ចូល​មក​ស្ដី ដើម្បី​រៀបការ​តាម​ប្រពៃណី។​ជា​រៀងរាល់​ព្រឹក​ បុរស​នោះ​តែងតែ​មក​រង់​ចាំ​ឌុប​អ្នកស្រី​ទៅ ​និង​មកពី​សាលា​នៅ​ផ្លូវ​កែង​ក្បែរ​ភូមិ​ជា​រៀងរាល់ថ្ងៃ ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ ធ្វើ​ឲ្យ​អ្នកស្រី​មើល​ឃើញ​ភាព​អត់ធ្មត់​ និង​អំពើ​ល្អ​របស់​បុរស​ម្នាក់​នោះ ​អ្នកស្រី​ក៏​ចាប់ផ្ដើម​មានចិត្ត​លើ​បុរស​នោះ ​ប៉ុន្តែ​សំណាងអាក្រក់​ កាលណោះ​គាប់​ជួន​នឹង​ក្រុម​គ្រួសារ​ខ្ញុំ​ប្ដូរ​មក​រស់នៅ​ក្បែរ​វត្ត “​ថា​ន់​”​ហើយក៏​បាត់​ដំណឹង​គ្នា​សូន្យឈឹង​ចាប់​តាំង​ពី​ពេល​នោះ​មក​”។ ចំណែក​បុរស​ទី​២​ដែល​ជា​អតីត​ស្វាមី​អ្នកស្រី​វិញ គឺ​មាន​ប្រវត្តិ​ចេញពី​ការសម្ដែង​រឿង​ជាមួយគ្នា​និង​ជា​ចាងហ្វាង​ផលិតកម្ម​ភាពយន្ត​ទៀត​ផង។ អ្នកស្រី​បាន​និយាយ​ថា លុះ​មកដល់​ដើម​ឆ្នាំ​១៩៦៤ មាន​ចាងហ្វាង​ផលិតកម្ម​ភាពយន្ត​ក្នុងស្រុក​ និង​ជា​តារា​សម្ដែង​ឈ្មោះ គួ​យ គឹង​ បាន​ហៅ​អ្នកស្រី​មក​ថត​រឿង​ក្នុង​ផលិតកម្ម​របស់​គេ​បានជា​ច្រើន​រឿង។ ក្រោយមក​ ចាងហ្វាង​រូប​នោះ​បាន​មើល​ឃើញ​ពី​ទេពកោសល្យ​ និង​រូប​សម្ផស្ស​ស្រស់​ស្អាត​របស់​អ្នកស្រី ​ក៏​សុំ​ស្រលាញ់​ និង​សុខចិត្ត​យក​ធ្វើជា​ភរិយា​ស្របច្បាប់​ទាំង​ខ្លួន​ធ្លាប់​មាន​ប្រពន្ធ​ហើយ​ក្ដី​ ហើយ​អ្នកស្រី​ក៏​ព្រម​ទទួលយក​ស្នេហា​បុរស​ម្នាក់​នោះ​ធ្វើជា​ស្វាមី។ អ្នកស្រី​បាន​រៀបការ​ជាមួយ​លោក គួ​យ គឹ​ង ដែល​ជា​ចាងហ្វាង​ផលិតកម្ម​ និង​ជា​តារា​សម្ដែង​រូប​នោះ​ក្នុង​ឆ្នាំ​១៩៧០។ នៅ​ពេល​នោះ​ មាន​ចាងហ្វាង​ផលិតកម្ម​ភាពយន្ត​ម្នាក់ទៀត​ឈ្មោះ វ៉ាន វណ្ណៈ ទើប​ដំណើរការណ៍​ក្រុមហ៊ុន​ភាពយន្ត​របស់​ខ្លួន ពេលនោះ​អ្នកស្រី ​និង​ស្វាមី​បាន​ចូល​ហ៊ុន​ជាមួយ​លោក វណ្ណៈ ដែល​ជា​ម្ចាស់​ផលិតកម្ម​នោះ​ឈ្មោះ​“​សុវណ្ណ​គិរី​”។ មកដល់​ឆ្នាំ​១៩៧៥​ របប​កម្ពុជា​ប្រជាធិបតេយ្យ​(​ប៉ុលពត​)​បាន​ចូល​គ្រប់គ្រង​ទាំងស្រុង ​អ្នកស្រី និង​ស្វាមី​បាន​ភៀសខ្លួន​ទៅ​ប្រទេស​បារាំង​ ហើយ​ក្រោយមក​បាន​ផ្លាស់​ទៅ​ហុងកុង។ អ្នកស្រី​ និង​ស្វាមី​បាន​ចែក​ផ្លូវ​គ្នា​នៅ​គ្រា​ដែល​លោក គួ​យ គឹ​ង ​នៅតែ​បន្ត​ការ​ធ្វើ​មុខ​ជំនួញ​ភាពយន្ត ហើយ​លោក​បាន​ក្លាយ​ជា​មហាសេដ្ឋី​ទី​១ នៅ​ហុងកុង​នៅ​គ្រានោះ។ ឆ្លើយតប​នឹង​ពាក្យ​ចចាមអារ៉ាម​ដែល​ថា​អ្នកស្រី​មាន​កូន​ស្រី​ម្នាក់​បាន​ក្លាយ​ជា​តា​រា​សម្ដែង​ល្បីឈ្មោះ​នៅ​ហុងកុង​នោះ ​ត្រូវ​បាន​អ្នកស្រី ឌី សា​វ៉េ​ត ធ្វើការ​បដិសេធ​ថា ​មិន​មែន​ជា​ការពិត​ឡើយ។

អ្នកស្រី​បាន​ប្រាប់​ថា «​កូន​ខ្ញុំ​ពីរ​នាក់​អត់​មាន​នរណា​ចូល​សម្ដែង​ឡើយ កូនប្រុស​ច្បង​អាយុ​ជាង​៤០​ឆ្នាំ ​ឯ​កូនស្រី​ប្អូន អាយុ​ជាង​៣០​ឆ្នាំ ​កាលពី​តូច ​យើង​ចេះតែ​ចាប់​វា​ចូលរៀន​សិល្បៈ តែ​ដល់ពេល​ធំ​ទៅ​ គេ​មាន​ការងារ​រៀងៗ​ខ្លួន ហើយក៏​បែក​ទៅ​ខាង​រកស៊ី​អស់​ទៅ​»។

អ្នកស្រី​បាន​បន្ត​ថា «​ពួកគេ​សព្វថ្ងៃ​កំពុង​រស់នៅ​ក្រៅ​ប្រទេស​ ហើយ​យើង​ក៏​ឧស្សាហ៍​ទាក់ទង​គ្នា​តាម​ទូរស័ព្ទ​ ទោះបី​ពួកគេ​រវល់​មិនបាន​មកលេង​ដោយ​ផ្ទាល់​ក៏ដោយ​»។ នៅ​ឆ្នាំ​១៩៩៣ អ្នកស្រី​បាន​វិលត្រឡប់​មកកាន់​មាតុភូមិ​វិញ ​មក​ជួល​ផ្ទះ​នៅ​ម្ដុំ​ផ្សារ​កាប់​គោ។ ក្រោយ​មក​ទៀត​ ទើប​មាន​ខាង​ទូរទស្សន៍​ជាតិ​អញ្ជើញ​អ្នកស្រី​ទៅ​សម្ភាសន៍ និង​មាន​អ្នក​ទាក់ទង​អ្នកស្រី​ឱ្យ​ជួយ​បង្ហាត់​សិល្បៈ​ភាពយន្ត​តាម​ក្លិប​អង្គការ និង​ស្ថានីយ​ទូរទស្សន៍​នានា។

នៅ​អំឡុង​ឆ្នាំ​១៩៩៧-១៩៩៨ ​អ្នកស្រី​បាន​បើក​ក្លិប MSL ជា​មួយ​លោក​ហ៊ុយ សាន់ អតីត​តារា​ភាពយន្ត​រួម​ជំនាន់​ទទួល​បង្ហាត់បង្រៀន​រាំ​ដើរ​ម៉ូដ សម្ដែង និង​ច្រៀង។ មិន​ត្រឹមតែ​ប៉ុណ្ណោះ​អ្នកស្រី​បាន​សហការ​ជាមួយ​ទូរទស្សន៍​ជាតិ​កម្ពុជា​បង្កើត​នូវ​កម្មវិធី​ជាច្រើន។​

នៅ​ឆ្នាំ​១៩៥៩ ក្នុង​វ័យ​១៥​ឆ្នាំ​ អ្នកស្រី​បាន​ប្រលង​ជាប់​បវរកញ្ញា​លេខ​១។ នៅ​ឆ្នាំ​១៩៦២​អ្នកស្រី​ត្រូវ​បាន​លោក ​អ៊ួ​ង កន្ធ​ន់ ចាងហ្វាង​ផលិតកម្ម​កងចក្រ​ភាពយន្ត​ជ្រើសរើស​ថត​ខ្សែភាពយន្ត​ដំបូង​ក្នុង​រឿង​ក្បូនជីវិត ដើរ​តួ​ជាមួយ​លោក​ ម៉ក់ ហូ។ ក្រោយមក ​អ្នកស្រី​បាន​បន្ត​សម្ដែង​ជាច្រើន​ផលិតកម្ម​ដូចជា​ផលិតកម្ម​តារា​រ័ត្ន​, ភាពយន្ត​របស់​លោក ទា លឹម​គុណ ​ផលិតកម្ម​ឥន្ទ្រ​ទេវី​ ,ភាពយន្ត​របស់ លោក ​ប៊ី​វ ឆៃ​លាង ផលិតកម្ម​ព្រះខ័ន​ពេជ្រ​ ,ភាពយន្ត​របស់លោក លី វ៉ា ផលិតកម្ម​នាគព័ន្ធ​ , ភាពយន្ត​របស់លោក ​ស៊ុន ប៊ុនលី ផលិតកម្ម​ត្រង់​ដឺ ,​ភាពយន្ត​របស់លោក​ យិន បឿន ​ហៅ​ត្រង់​ដឺ ផលិតកម្ម​ព្រះ​កែវ​មរកត ,​ភាពយន្ត​របស់លោក​ ន ឬ​ទ្ធី​យ៉ា​ ជាដើម។ ដោយសារ​ជោគជ័យ​លើ​វិស័យ​សិល្បៈ អ្នកស្រី​បាន​បើក​ផលិតកម្ម​ថត​ខ្សែភាពយន្ត​មួយ​ជាមួយ​ស្វាមី គឺ​ផលិតកម្ម​សុវណ្ណ​គិរី​ភាព​យន្ដ​ហើយ​ថត​បាន​ប្រមាណ​ជាង​១០​រឿង​ដែល​សុទ្ធសឹងតែ​ទទួល​ការ​គាំទ្រ​ពី​មហាជន។ តួឯក​ប្រុស​ដែល​អ្នកស្រី​ធ្លាប់​សម្ដែង​ជាមួយ ​គឺ​លោក ​គង់ សំអឿន ,លោក​ ជា យុទ្ធ​ថន ,​លោក​ ណុប ណែម, លោក កន ប្ញ​ទ្ធី​យ៉ា​ ,លោក​ ម៉ៃ យ៉ាសិទ្ធិ​,​លោក​ មាស សំ​អ៊ែ​ល ,​លោក​ សោម ដូ​រិ​ន​ និង​លោក ម៉ក់ ហូ។

ទោះបីជា​យ៉ាងណា​សិល្ប​ការិនី​ដែល​មាន​ចរិត​ម៉ឺងម៉ាត់​រូប​នេះ​បាន​ប្រាប់​ថា «​ទោះបី​ស្រឡាញ់ ឬ​មិន​ស្រឡាញ់​វិស័យ​សិល្បៈ​ក៏ដោយ ប៉ុន្តែ​ខ្ញុំ​មាន​ចរិត​មួយ​ខុសគេ ​កាលណា​យើង​តាំងចិត្ត​ធ្វើ​អ្វីមួយ​គឺ​ធ្វើ​ឲ្យ​ទាល់តែ​បាន​ បើ​ជ្រុល​តែ​តាំងចិត្ត​ធ្វើ​ហើយ ​មិនមែន​ថា​មិន​ចង់​ហើយ​ធ្វើ​មិនបាន​នោះ​ទេ​»។ អ្នកស្រី ឌី សា​វ៉េ​ត ធ្លាប់​មានឱកាស​ចេញទៅ​សម្ដែង​នៅ​តៃវ៉ាន់ ហុងកុង បារាំង និង​ថៃ នៅ​ចន្លោះ​ឆ្នាំ​១៩៧០ ដល់​ឆ្នាំ​១៩៧៥ ហើយ​បន្ទាប់​ពី​នេះ ដោយសារតែ​របប​ប្រល័យពូជសាសន៍ និង​ភ្លើង​សង្គ្រាម​ចេះតែ​បន្ត​ ទើប​ធ្វើ​ឲ្យ​អ្នកស្រី ឌី សា​វ៉េ​ត បន្ត​ទៅ​រស់នៅ​ប្រទេស​បារាំង រហូតដល់​ឆ្នាំ​១៩៩៣​ទើប​ត្រឡប់​ចូល​ស្រុក​វិញ។ អ្នកស្រី ឌី​សា​វ៉េ​ត បាន​បញ្ជាក់​ថា អ្នកស្រី​មានការ​សោកស្ដាយ​ដោយសារ​តែ​គ្មាន​កូន​បន្តវេន​នៅ​លើ​វិថី​សិល្បៈ ទោះបីជា​យ៉ាងណា អ្នកស្រី​ក៏​បាន​និង​កំពុង​ចិញ្ចឹម​កូនស្រី​ធម៌​វ័យ​១១​ឆ្នាំ​ម្នាក់ ឈ្មោះ ​ឌី ជូ​លី ​ដែល​សង្ឃឹមថា​គេ​នឹង​ក្លាយ​ជា​អ្នក​បន្តវេន​ជំនួស​អ្នកស្រី​ទៅ​ថ្ងៃ​អនាគត។

អ្នកស្រី​និយាយ​ថា «​សព្វថ្ងៃនេះ ខ្ញុំ​កំពុង​ឲ្យ​គេ​រៀន​អង់គ្លេស ខ្មែរ កុំព្យូទ័រ និង​ចង់​ឲ្យ​ចេះ​ភាសា​ផ្សេងទៀត ​ព្រមទាំង​ឲ្យ​គេ​ចេះ​ច្រៀង រាំ​របាំ​ខ្មែរ បុរាណ សម័យ និង​របៀប​អឺរ៉ុប​»។ សព្វថ្ងៃនេះ អ្នក​ស្រី ឌី សា​វ៉េ​ត ក៏​កំពុង​ទទួល​បង្ហាត់​កុមារ ​និង​យុវជន ដែល​មាន​ឧបនិស្ស័យ និង​ទេពកោសល្យ​ខាង​សិល្បៈ​ ដោយ​មិន​យក​កម្រៃ​ឡើយ ពោល​គឺ​ផ្ដល់​ឲ្យ​ដោយ​ការ​ស្ម័គ្រចិត្ត​ទៅវិញទៅមក​ក្នុង​ជំនាញ​សិល្បៈ​ទាំងមូល​មាន​ដូចជា ​ច្រៀង រាំ ពិធី​ករ និង​កំប្លែង​ជាដើម​ នៅ​ឯ​គេហដ្ឋាន​ផ្ទាល់​របស់​អ្នកស្រី​ក្នុង​សង្កាត់​បឹងទំពុន។

និយាយ​មកដល់​ត្រង់​នេះ​ អ្នកស្រី​ទម្លាក់​ទឹកមុខ​ប្រែជា​ស្រពោន ហើយ​ពោល​តិចៗ​ថា “​ពេល​ទៅ​សម ឬ​សម្ដែង ​គឺ​ផ្សងព្រេង​ខ្លាំង​ណាស់ ​មាន​ឈុត​មួយ​នោះ​អ្នកដឹកនាំ​រឿង​តម្រូវ​ឲ្យ​តួឯក​ប្រុស​ និង​តួឯក​ស្រី​លោតទឹក​ ដើម្បី​ស្កាត់​ជួប​គ្នា ​ដោយ​មិនបាន​ដឹង​ថា​នៅ​ក្នុង​ទឹក​ហ្នឹង​មាន​ស្លាបចក្រ​កប៉ាល់​ទេ​ តែ​សំណាងល្អ​អ្នក​ថត​ប្រាប់​ទាន់ ​កុំ​អី​ខ្ញុំ​ត្រូវ​ស្លាប់​បាត់​ហើយ។ មានរឿង​មួយទៀត​អ្នកដឹកនាំ​រឿង​បាន​នាំទៅ​ថត​នៅ​កំពង់ស្ពឺ ​នៅ​តាម​ផ្លូវ​មាន​ទាហាន​ខ្មែរក្រហម​ដាក់​មីន និង​ស្ទាក់​ចាំ​បាញ់​ តែ​សំណាង​ល្អ​មាន​កង​ទាហាន (​លន់ ណុល​) តាម​ការពារ​តាម​ផ្លូវ​ និង​បាន​រង់ចាំ​ការពារ​ពេល​ថត​ ប៉ុន្តែ​ពេលនោះ​មិន​អាច​បន្ត​ថត​ដល់ពេល​ល្ងាច​បានទេ ​ព្រោះ​ខ្លាច​ផ្លោង​គ្រាប់​ដាក់ ឬ​តាម​បាញ់សម្លាប់​”។​

ចាប់​តាំង​ពី​ឆ្នាំ​១៩៦២ រហូតមកដល់​ពេល​បច្ចុប្បន្ន​ អ្នកស្រី​បាន​បន្សល់ទុក​នូវ​ស្នាដៃ​ខ្សែ​ភាពយន្ត​ជាច្រើន​ដូចជា៖

-រឿង ក្បូនជីវិត នៅ​ឆ្នាំ​១៩៦២។​

-រឿង អន្លង់​វាសនា នៅ​ឆ្នាំ​១៩៦៣។​

-រឿង កាត់​ត្រើយ​មហា​ស្រណោះ នៅ​ឆ្នាំ​១៩៦៤។​

-រឿង វាសនា​អកុសល សាយណ្ហ​ទោច​យំ លលក​ញី​ឈ្មោល និង​រឿង​L’oiseau Du Paradis (​ភាពយន្ត​ចូលរួម​ជាមួយ​តារា​សម្ដែង​បារាំង​) នៅ​ឆ្នាំ​១៩៦៥។​

-រឿង ខ្យង​សាំង​សីល​ជ័យ នាង​កែវ​ណា​ម៉ា​ធីតា​មុខសេះ ក្អែក​ព្រាត់​បង្គង និង​រឿង​កាត់​ត្រើយ​មហា​ស្រណោះ នៅ​ឆ្នាំ​១៩៦៦។​

-រឿង នាង​វិមាន​ចន្ទ ពៅ​ឈូកស នាង​កែវ​ណា​ម៉ា ឆ័​យា​លើ​អង្គរ និង​ទឹកភ្នែក​លើ​ខ្នងភ្នំ នៅ​ឆ្នាំ​១៩៦៧​។​

-រឿង unlucky life Love and war ស្អែក​អូន​លា​បងហើយ និង​រឿង​ក្រៃ​ថោង​ក្រពើ​ឆា​រាវ​ណ្ណ នៅ​ឆ្នាំ​១៩៩៦។​

-រឿង​Crepuscuse(twilight) ស្ដេច​ដំរី​ស លា​ហើយ​ដួងតារា សាយណ្ហ​កុមារ នាង​ព្រះ នាង​ទេពធីតា និង​រឿង​ចំប៉ា​ថោង នៅ​ឆ្នាំ​១៩៦៩។​

-រឿង​ប្រពន្ធ​ស្ដេចពស់​(​ទទួលពាន​៦​លើក​សម្រាប់​មហោស្រព​ភាពយន្ត​នៅ​សិង្ហ​បុរី​)​លលក​ញី​ឈ្មោល សាយណ្ហ​ទោច​យំ ស្ដេច​ដំរី​សភាគ​២ និង​រឿង​បុត្រា​ព្រះអាទិត្យ​ផ្សង​ចាំ​ម្ដាយ នៅ​ឆ្នាំ​១៩៧០​។​

-នាង​ល្វាចេក វាលវែង​ណា​បង ស្រី​គ្រប់លក្ខណ៍ ស្អែក​អូន​លា​បងហើយ និង​រឿង​កុលាប​ប៉ៃលិន នៅ​ឆ្នាំ​១៩៧១​។​

-រឿង ជីវិត​ថ្មី បុប្ផា​អង្គរ ម៉ាក់ថឺង ព្រះ​គុណ​ម្ដាយ​វង្វេង​ព្រោះ​ស្នេហ៍ ផ្ញើ​កង​ចងដៃ និង​រឿង​ទឹកភ្នែក​លើ​ខ្នងភ្នំ​នៅ​ឆ្នាំ​១៩៧២។​

-រឿង ជីវិត​ផ្សងព្រេង អក​ព្រាត់​ទ្រនំ ដាវ​ដែក​៣២​ក្អែក​ព្រាត់​បង្គង​វគ្គ​២ ថ្ងៃ​លិច​អូន​ស្រណោះ ធីតា​សក់​ពស់​ពស់​កេងកង​វគ្គ​២ ស្អប់​ណាស់​ស្រលាញ់​ណាស់ និង​រឿង អន្លង់​វាសនា​នៅ​ឆ្នាំ​១៩៧៣។​

-រឿង Crocodile men ផ្ញើ​កង​ចងដៃ ប្រុស​អប្រិយ​ស្រី​រងកម្ម​បុប្ផា​ទល់ដែន ចំប៉ា​បាត់ដំបង និង​រឿង​ធីតា​សក់​ពស់ វគ្គ​២​នៅ​ឆ្នាំ​១៩៧៤។​

-រឿង Snake girl in drop Blood boxing girl និង​រឿង​ថ្ងៃ​លិច​អូន​ស្រណោះ នៅ​ឆ្នាំ​១៩៧៥។​

-រឿង Crocodile Men​វគ្គ​២ នៅ​ឆ្នាំ​១៩៨៣​។ – រឿង អ្នក​ម្ដាយ នៅ​ឆ្នាំ​២០០២។​

-រឿង មិន​យក​ទេ​ប្ដី​ចាស់​ស្អប់​ណាស់​ប្ដី​ក្មេង នៅ​ឆ្នាំ​២០០៣។​

-រឿង អាត់​៣ នៅ​ឆ្នាំ​២០០៤​។​

-រឿង The crocodile វគ្គ​២ នៅ​ឆ្នាំ​២០០៥។​

-រឿង សុរិយាល្ងាចថ្ងៃ នៅ​ឆ្នាំ​២០០៦។​

-និង​រឿង​ចុងក្រោយ គឺ​កែវភ្នែក​សំណព្វចិត្ត នៅ​ឆ្នាំ​២០០៨។​

កាល​ពី​ដើម​ឆ្នាំ​១៩៧៥ អ្នកស្រី និង​គ្រួសារ​បាន​ភៀសខ្លួន​ទៅ​រស់នៅ​ប្រទេស​បារាំង​អស់​រយៈ​ពេល​ជាច្រើន​ឆ្នាំ។ នៅ​ទីនោះ​ អ្នកស្រី​បាន​ព្យាយាម​សិក្សា​រៀន​សូត្រ​បន្ថែម​ភាសា​បារាំង ​និង​អង់គ្លេស ដើម្បី​ចេះ​ភាសា​និយាយ​ឲ្យ​បាន​ស្ទាត់ជំនាញ ​និង​សម្រប​ខ្លួន​ទៅ​នឹង​ស្រុកទេស​ដែល​អ្នកស្រី​កំពុង​រស់​នៅ។ ក្រោយពី​វិល​មក​ស្រុកកំណើត​វិញ​(១៩៩៣) អ្នកស្រី​ចេះ​សរសេរ និង​និយាយ​ភាសា​អង់គ្លេស និង​ភាសា​បារាំង​យ៉ាង​ស្ទាត់ជំនាញ។ ចំណេះដឹង​ផ្នែក​ទំនាក់ទំនង គួបផ្សំ​នឹង​ទេពកោសល្យ​ និង​បទ​ពិសោធន៍​ផ្នែក​សម្ដែង​របស់​អ្នកស្រី​បាន​ធ្វើ​ឲ្យ​មហាជន​ចាប់អារម្មណ៍ ​ហើយ​ត្រូវ​បាន​គេ​អញ្ជើញ​ឲ្យ​ទៅ​សម្ដែង​នៅ​ក្រៅ​ប្រទេស​ជាច្រើន​ដូចជា ថៃ​តៃវ៉ាន់ ហុងកុង និង​វៀតណាម ជាច្រើនលើក។ ក្រោយពី​បាន​ឆ្លងកាត់​ជីវិត​គ្រប់​រសជាតិ ជាពិសេស​រសជាតិ​ស្នេហា​នោះ​ បច្ចុប្បន្ន​អ្នកស្រី​មាន​បំណង​ចង់​រស់នៅ​ដោយ​ភាព​ស្ងប់ស្ងាត់​ និង​សុភមង្គល​ជាមួយ​កូនស្រី​ពៅ​ឈ្មោះ ឌី ហ្ស៊ូ​លី អាយុ​១២​ឆ្នាំ។ ក្រៅពី​បង្រៀន​កូនសិស្ស​ផ្នែក​ច្រៀង រាំ និង​សម្ដែង​នៅផ្ទះ​អ្នកស្រី​ឆ្លៀតពេល​និពន្ធ​រឿង​បាន​ចំនួន​៣​រឿង​ហើយ​ថា​ចង់​ផលិត​ខ្សែភាពយន្ត​ខ្នាត​ធំ​ដើម្បី​ចាក់​បញ្ចាំង​នៅ​ទូទាំង​ប្រទេស​ និង​ធ្វើ​ឲ្យ​សកល​លោក​ស្គាល់​ស្នាដៃ​តែង​និពន្ធ​ និង​ដឹកនាំ​រឿង​របស់​ខ្មែរ។ នៅ​ថ្ងៃ​អនាគត​អ្នកស្រី ​នឹង​និពន្ធ​រឿង​ឲ្យ​បាន​ច្រើន​ ហើយ​ត្រូវ​ដឹកនាំ​រឿង​ទាំងនោះ​ដោយ​ខ្លួនឯង​ផ្ទាល់៕

Pisey-2015-08-04-full-X

Pisey-2015-08-04-full-X1

Pisey-2015-08-04-full-X5

Pisey-2015-08-04-full-X6

Pisey-2015-08-04-full-X7




តារាភាពយន្ត​ល្បី​បី​ជំនាន់​អ្នកស្រី ឌី សា​វ៉េ​ត មិន​ព្រម​ចាស់​តាម​អាយុ​

Post a Comment

0 Comments

Close Menu