ស្ទឹងត្រែង ៖ អាជ្ញាធរខេត្តស្ទឹងត្រែងចុះចែកពូជស្រូវសែនពិដោរ ជូនកសិករជាង២០០គ្រួសារនៅឃុំព្រះរំកិលស្រុកថាឡាបរិវ៉ាត់ ថ្ងៃទី១២ខែសីហាឆ្នាំ២០១៥ និងបាន ណែនាំកសិករឲ្យងាកមកធ្វើការងារកសិកម្មឲ្យបានច្រើនជាងការពឹងផ្អែក លើផលអនុផលព្រៃឈើការធ្វើនេសាទ ក្នុងពេលដែលពិនិត្យឃើញថា នៅឆ្នាំ២០១៥នេះកសិករមួយចំនួន ស្ទើរតែបោះបង់ចោលការងារបង្កបង្កើនផល ហើយដាក់កំហុសទៅលើការអាកាសធាតុប្រែប្រួល។
លោក កុល សំអុលអភិបាលខេត្តស្ទឹងត្រែង បានណែនាំកសិករក្រោយពីរួចរាល់ស្រូវរដូវវស្សាត្រូវនាំគ្នាធ្វើស្រូវប្រពលវប្បកម្មបន្ថែមទៀត ដើម្បីកាត់បន្ថយការពឹងផ្អែក ទៅលើផលអនុផលព្រៃឈើ ដូចជាការរកវល្លិ ផ្តៅជរ័ ទឹកឃ្មុំ ការបរបាញ់សត្វ ការចូលព្រៃកាប់ឈើ ការធ្វើនេសាទខុសច្បាប់ ហើយនាំគ្នាងាកមកដាំដំណាំរួមផ្សំ ចិញ្ចឹមសត្វឲ្យបានច្រើនជំនួសវិញ។
លោកអភិបាលខេត្តមានប្រសាសន៍ជំរុញឲ្យកសិករ ធ្វើស្រូវប្រពលវប្បកម្ម ទៅតាមលក្ខណៈបច្ចេកទេសដើម្បីធានាបាននូវសន្តិសុខស្បៀង ដល់គ្រួសារហើយមន្ទីរកសិកម្ម ត្រូវជួយគាំទ្រ បន្តអញ្ចឹងយើងពង្រីកផ្ទៃដីសាកល្បង ធ្វើពីរដូវមានន័យថាបង្កើនរដូវ ហើយធ្វើពីរដូវមានន័យថា បើធ្វើមួយរដូវបាន៥តោនអញ្ចឹង២រដូវលើផ្ទៃដីមួយកន្លែង យើងអាចធ្វើបាន១០តោន មន្ទីរកសិកម្មត្រៀមបំរុងពូជជូនឲ្យតែស្ម័គ្រចិត្ត ថាធ្វើរដូវប្រាំងម្តងទៀត ហើយយើងរកកន្លែងណាដែលធានាថា ផ្តល់ទឹកបានប្រព័ន្ធស្រោចស្រង់ បានឬជិតឬទន្លេឬក៏អាចត្រឹម១គីឡូ ២គីឡូក៏មិនបញ្ហាអាចធ្វើជូនបាន ឲ្យតែស្រុះចិត្តគំនិតយើងសាមគ្គីគ្នា ថាឥឡូវស្រូវប្រាំងធ្វើម្តងទៀតជីប្រឡាយតែពីថ្ងៃទេ២គីឡូ យកអេស្កាវាទរ័មកជីកត្រួសៗ បូមពីទន្លេឡើងម៉ូហូរទៅហើយ ដើម្បីបានផ្គត់ផ្គង់គ្រួសារដើម្បីកាត់បន្ថយការទិញខាងក្រៅយកមកហូប។
លោក ទូច ធាប្រធានមន្ទីរកសិកម្មខេត្តបានបញ្ជាក់ថា កន្លងមកមន្ទីរកសិកម្មក៏ធ្លាប់បានណែនាំកសិករឲ្យធ្វើស្រូវប្រពលវប្បកម្មនេះរួចមកហើយ តែកសិករយើងមួយចំនួនមិនទាន់ផ្លាស់ប្ដូរទម្លាប់បាននូវឡើយនូវតែពឹងផ្អែកទៅលើផលព្រៃឈើច្រើនជាង។
លោកប្រធានមន្ទីរអះអាងថា មន្ទីរកសិកម្មត្រៀមជួយគាំទ្រគ្រប់ផ្នែកដូចជាការបង្ហាត់បង្រៀនបច្ចេកទេសដាំដុះ របៀបផលិតជីធម្មជាតិ និងការផ្តល់ពូជជាដើម។
លោកភីវមឿងឃុនតំណាងកសិករនៅឃុំព្រះរំកិលបានទទួលសាទរចំពោះការយកចិត្តទុកដាក់ជួយដល់កសិករ ហើយនៅឃុំនេះក៏មានផ្ទៃដីស្រែសំរាប់បន្តធ្វើស្រូវបង្កើនរដូវបាន គ្រាន់តែកសិករយើងខ្វះបច្ចេកទេសនិងប្រភពទឹកតែប៉ុណ្ណោះ។
លោកថា ជាមួយនឹងការផ្តួចផ្តើមធ្វើស្រូវបង្កើនរដូវនេះ កសិករនៅឃុំព្រះរំកិលនិងត្រៀមគ្រប់មធ្យោបាយទទួលយកបច្ចេកទេសថ្មីនេះ ដើម្បីរួមគ្នាដោះស្រាយបញ្ហាខ្វះខាតស្បៀង នៅរដូវប្រាំងខាងមុខនេះ។
សូមបញ្ជាក់ថា ឃុំព្រះរំកិលមានប្រជាពលរដ្ឋរស់នៅប្រមាណ១២០០គ្រួសារ និង៦០%បករបរកសិកម្មលើផ្ទៃដីជាង២០០០ហិកតាបច្ចុប្បន្នអនុវត្ត បានតែប្រមាណ៥០%ប៉ុណ្ណោះក្នុងពេលដែលរដូវវស្សាឈានមកដល់នេះ៕
អាជ្ញាធរខេត្តចុះចែកពូជស្រូវ និងជំរុញកសិករឲ្យធ្វើស្រូវបង្កើនរដូវ
0 Comments