ភ្នំពេញ ៖ ទីតាំងល្បែងស៊ីសងដុះស្លែ កត់ឆ្នោតដ៏ធំមួយកន្លែង ត្រូវបានសមត្ថកិច្ចប្រតិបត្តិការបង្ក្រាបដោយឃាត់មនុស្សចំនួន២នាក់ និងរឹបអូសសម្ភារៈមួយចំនួន កាលពីវេលាម៉ោង៣និង០០នាទី រសៀល ថ្ងៃទី៣ ខែសីហា ឆ្នាំ២០១៥ ស្ថិតនៅតាមបណ្ដោយផ្លូវទន្លេមេគង្គ ក្រុម២ ភូមិគៀនឃ្លាំងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ។
លោក ឯក សេរីវុធ អធិការរងនគរបាលខណ្ឌជ្រោយចង្វារបាននិយាយថា ក្រោយពីមានសេចក្ដីរាយការណ៍ពីប្រជាពលរដ្ឋ និងការស៊ើបអង្កេតពីសមត្ថកិច្ចកម្លាំងអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វារ ក៏បានបើកកិច្ចប្រតិបត្តិការបង្ក្រាបជាក់ស្ដែងនូវទីតាំងកត់ឆ្នោតមួយកន្លែង ដែលកំពុងដំណើរការជាយូរយារណាស់មកហើយ។
ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនមនុស្សចំនួន២នាក់ រួមនឹងការដកហូតសម្ភារៈបម្រើឲ្យសកម្មភាពលេងល្បែងមួយចំនួនរួមមាន កៅអី និងតុមួយចំនួន ក្រដាសកត់ឆ្នោតមួយចំនួន និងសម្ភារៈបម្រើឲ្យសកម្មភាពល្បែងស៊ីសងមួយចំនួនផ្សេងទៀត។
ក្នុងការឃាត់ខ្លួនស្ត្រីទាំង២នាក់ខាងលើ ទី១-ឈ្មោះ គង់ មេងហ័ង អាយុ២៤ឆ្នាំ ស្នាក់នៅទីតាំងខាងលើ ជាមេឆ្នោត និងម្នាក់ទៀតជា អ្នកចាក់ឈ្មោះ មុំ ណាល់ អាយុ៣០ឆ្នាំ ស្នាក់នៅម្តុំទីតាំងខាងលើ។
ក្រោយពីកិច្ចប្រតិបត្តិការត្រូវបានបញ្ចប់ កម្លាំងសមត្ថកិច្ចក៏បានបិទទ្វារទីតាំងខាងលើ ដើម្បីកុំឲ្យមានសកម្មភាពលួចលាក់បើកល្បែងស៊ីសងបន្តទៀត។
បច្ចុប្បន្ន អ្នកញៀនល្បែងស៊ីសងម្នាក់ និងស្ត្រីជាមេកត់ឆ្នោត កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វារ ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការតាមច្បាប់៕
សមត្ថកិច្ច បង្ក្រាបទីតាំងកត់កន្ទុយលេខ ឃាត់ខ្លួនស្ត្រី២នាក់
0 Comments