Ad Code

បើក​វេទិកាសាធារណៈ​ថ្នាក់ជាតិ​អំពី​បទល្មើស​ជលផល ដែល​ពាក់ព័ន្ធ​អំពី​បទ​កាប់​គាស់ រាន​ព្រៃ​លិច​ទឹក

សៀមរាប ៖ នៅក្នុង​វេទិកាសាធារណៈ​ថ្នាក់​ជាតិ ក្នុង​គោលបំណង​ស្វែងយល់​អំពី​ទុក្ខ​កង្វល់ និង​សំណូមពរ​របស់​ប្រជាពលរដ្ឋ ដែល​បាន​ធ្វើឡើង​នា​ព្រឹក​ថ្ងៃទី​៣១ ខែសីហា ឆ្នាំ​២០១៥ នៅ​ភូមិ​ស្ពាន​ក្អែក ឃុំ​ក​ណ្តែ​ក ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប បាន​រំលេច​ចេញ​នូវ​សេចក្តី​ក្លាហាន​ក្នុង​ការ​បញ្ចេញមតិ​ជាច្រើន​បញ្ហា ដែល​ទាក់ទង​ទៅ​នឹង​ជីវភាព​រស់​ប្រចាំថ្ងៃ​របស់​ប្រជាពលរដ្ឋ ដែល​ក្នុង​នោះ​រួមមាន​វត្តមាន​របស់​ម​ន្ត្រី​ជំនាញ​គ្រប់​ស្ថាប័ន​ជុំវិញ​ខេត្ត ក្នុងនាម​ជា​វាគ្មិន រង់ចាំ​ឆ្លើយតប​សម្របសម្រួល និង​បង្ហាញ​នូវ​ដំណោះស្រាយ​ផ្សេងៗ​ផង​ដែរ។ លោកជំទាវ អ៊ឹម ស៊ីថែ រដ្ឋលេខាធិការ​ក្រសួង​កិច្ចការ​នារី និង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់​ជាតិ ចុះ​ជួយ​ស្រុក​ប្រាសាទបាគង មាន​វត្តមាន​ក្នុង​ឱកាស​នោះ ជាមួយនឹង​លោក ភូ សំអាត អភិបាលស្រុក​ប្រាសាទ​គង ដែល​ជា​អ្នកសម្របសម្រួល​ដ៏​សំខាន់ សម្រាប់​កិច្ច​ដំណើរការ​របស់​អង្គ​វេទិកា​នោះ។


លោក ភូ សំអាត បាន​បញ្ជាក់​ថា វេទិកាសាធារណៈ​ដែល​បាន​ដំណើរការ​នេះ មាន​អាជ្ញាធរ​ដែនដី និង​ប្រជាពលរដ្ឋ​ចំនួន​២​ឃុំ បាន​ចូលរួម គឺ​ឃុំ​ក​ណ្តែ​ក និង​ឃុំ​បាគង ហើយ​នេះ​គឺជា​លើក​ទី​២​ហើយ​ដែរ ដែល​វេទិកាសាធារណៈ​ថ្នាក់ជាតិ បាន​ធ្វើ​ឡើងជា​ថ្មី​ម្តងទៀត​សម្រាប់​ឃុំ​ទាំងពីរ បន្ទាប់ពី​វេទិកា​សាធារណៈ​ថ្នាក់ជាតិ​លើក​ទី​១ បាន​ប្រព្រឹត្តទៅ​កាលពី​ជាង​១​ឆ្នាំមុន។


មានទុក្ខ​កង្វល់​និង​សំណូមពរ​មួយចំនួន​ដែល​ប្រជាពលរដ្ឋ​បាន​លើក​ឡើង​នៅក្នុង​វេទិកា​នោះ មាន​ទាំង​បញ្ហា​ថ្មីៗ​ដែល​ទើបនឹង​កើតឡើង និង​បញ្ហា​ចាស់​មួយចំនួន​ដែល​នៅ​សេសសល់​មិនទាន់​ដោះស្រាយ​ពីលើ​ក​មុន ដូចជា​បញ្ហា​ធ្វើ​អត្តសញ្ញាណប័ណ្ណ​ខុស​ទិន្នន័យ​និង​យឺតយ៉ាវ បញ្ហា​សំណូមពរ​ពន្លឿន​កា​រត​បណ្តាញ​អគ្គិសនី សំណូមពរ​ឲ្យ​មាន​សា​លាម​ត្តេ​យ្យ​នៅក្នុង​ភូមិ ការអនុវត្ត​គោលនយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព ជាដើម​។​ល​។ ជាមួយនឹង​បញ្ហា​ជាច្រើន​ទាំងនោះ ករណី​ដែល​មាន​កម្ដៅ​ខ្លាំង​ជាង​គេ​នៅក្នុង​វេទិកាសាធារណៈ​នោះ គឺ​ប្រជាពលរដ្ឋ​កើតទុក្ខ​មិន​សុខចិត្ត ចំពោះ​ការចោទប្រកាន់​ជា​ផ្លូវការ របស់​ខណ្ឌ​រដ្ឋ​បាលជ​ល​ផល​សៀមរាប លេខ ២២៦ ចរជ សរ ចុះ​ថ្ងៃទី​២០ ខែសីហា ឆ្នាំ​២០១៥ ចុះហត្ថលេខា​ដោយ​លោក ព្រិ​ន សា​វិ​ន នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល ផ្ញើ​ជូន​អភិបាលខេត្ត​សៀមរាប និង​បាន​ចម្លង​ជូន​ទៅ​អធិការដ្ឋាន​រដ្ឋ​បាល​ជ​ល​ផល​ខាងជើង​បឹង​ទន្លេសាប ( ដើម្បី​ជ្រាប ) និង​ចម្លង​ជូន​ទៅ​សាលាស្រុក​ប្រាសាទបាគង ដើម្បី​ជួយ​មាន​វិធានការ។


លិខិត​នោះ បាន​ចែង​នៅក្នុង​កម្មវត្ថុ​ថា របាយការណ៍ ចុះ​ទប់ស្កាត់​និង​ស្រាវជ្រាវ​សាវតារ​ជនសង្ស័យ​ប្រព្រឹត្តិ​បទល្មើស​ជលផល អំ​ពី​បទ​កាប់​គាស់ រាន​ព្រៃ​លិច​ទឹក ក្នុង​ដែន​នេសាទ​(​តំបន់​៣) ភូមិសាស្ត្រ​រដ្ឋបាល​ឃុំ​ក​ណ្តែ​ក ស្រុក​ប្រាសាទបាគង និង​សង្កាត់​ជ្រាវ ក្រុង​សៀមរាប។ សេចក្តី​នៅក្នុង​លិខិត​នោះបាន​បញ្ជាក់​ថា ក្នុង​ពេល​បំពេញបេសកកម្ម​ដល់កន្លែង​កើតហេតុ​នា​សប្តាហ៍​ដើមខែ​សីហា ឆ្នាំ​២០១៥ ជនសង្ស័យ​បាន​រត់​គេច​ខ្លួន​អស់ ដោយ​បន្សល់ទុក​ស្លាកស្នាម ជា​វត្ថុ​តាង មាន​ដីព្រៃ​លិច​ទឹកបាន​កាប់​រាន ដុត បោះតម្រុយ​ហ៊ុមព័ទ្ធ​ចំនួន​៦៥​ហិតា ស្ថិតនៅ​ចំណុច​ចេក​ខៀវ  ជ្រោយ​វល្លិ​ប្រេង  និង រោង​តា​ប៉ាវ ។ របាយការណ៍​នេះ មានកំណត់​និយាម​កា​ផង​ដែរ។


របាយការណ៍​បាន​សរសេរ​បញ្ជាក់​ទៀត​ថា ករណីនេះ ក្រុមការងារ​បាន​ស្រាវជ្រាវ​អត្តសញ្ញាណ​ជនសង្ស័យ​មាន​ចំនួន​៧២​នាក់ ដែលជា​ប្រជាពលរដ្ឋ​មកពី​ឃុំ​ក​ណ្តែ​ក ក្នុង​នោះ​មាន​៦​នាក់ ជា​មេ ចលនា។ នៅ​ខាងក្រោម​ឈ្មោះ​ជនសង្ស័យ​ទាំង​៦​នាក់ បាន​សរសេរ​បន្ត​ថា តាម​ការប្រមូល​ព័ត៌មាន​និង​ស្រាវជ្រាវ​សាវតា​ជនសង្ស័យ​នៅ​កន្លែងកើតហេតុ បាន​ឲ្យ​ដឹង​ថា ការកាប់​គាស់ រាន​ព្រៃ​លិច​ទឹក​នៅ​តំបន់​នោះ ដោយមាន​ការយល់ព្រម​ពី​ប្រធាន​ក្រុមប្រឹក្សាឃុំ​ក​ណ្តែ​ក និង​ក្រុម​បក្សពួក​ជា​ជនសង្ស័យ​ទាំង​៦​នាក់​ខាងលើ បាន​បែងចែក​ផ្ទៃដី លក់​ឲ្យ​ប្រជាពលរដ្ឋ​ដទៃទៀត។


ការ​កើត​ទុក្ខ​មិន​សុខចិត្ត​ចំពោះ​របាយការណ៍​ចោទប្រកាន់​ខាងលើ ត្រូវបាន​លើកឡើង​នៅក្នុង​វេទិកាសាធារណៈ​នោះ ដោយ​ឈ្មោះ ឱ អួន និង​ឈ្មោះ ខាំ លួត ដែល​អ្នក​ទាំង​២ មានឈ្មោះ​នៅក្នុង​បញ្ជី ៦​នាក់​នោះ ដើម្បី​សុំ​រក​យុត្តិធម៌ ព្រោះ​ខ្លួន​ពុំបាន​ប្រព្រឹត្ត ដូច​ការចោទប្រកាន់​នោះ​ទេ។ លោក ភូ សំអាត អភិបាលស្រុក​ប្រាសាទបាគង បាន​សម្របសម្រួល​ថា អត់​បញ្ហា​ទេ បើសិនជា​មិនបាន​ប្រព្រឹត្តិ តែ​បើសិនជា​បាន​ប្រព្រឹត្ត​ដូច​ការចោទប្រកាន់​មែន​នោះ គឺ​ត្រូវ​មានទោស ព្រោះ​នៅក្នុង​ដែន​នេសាទ​តំបន់​៣ ពុំបាន​ការ​អនុញ្ញាតិ​ឲ្យ​មាន​ដីចំការ​នោះទេ ក្រៅពី​ទំហំ​ដីស្រែប្រាំង​មួយចំនួន ដែល​រដ្ឋ​កាត់​ឆ្វៀល​ជូន​កសិករ​កន្លងមក។  លោក​បាន​បញ្ជាក់​ថា ការ​កាត់​ឆ្វៀល​ដីស្រែប្រាំង អាចធ្វើ​ទៅបាន​ដោយសារ​មាន​សំណើ​ពី​ម្ចាស់​ស្រែ​ទាំងនោះ  ឯ​ម្ចាស់​ដីចំការ អត់​មាន​អ្នកស្នើសុំ​ទេ  ដូច្នេះ​ដីចំការ​បើ​មាន​អ្នកណា​ធ្វើ គឺ​ខុសច្បាប់ អាជ្ញាធរ​បឹង​ទន្លេសាប បានកំណត់​រួចហើយ។


លោក ហ៊ុល សា​វួ​ន នាយរង​សង្កាត់​ជលផល​បាគង បាន​ឡើង​ការពារ​របាយការណ៍​ចោទប្រកាន់​ខាងលើ ដោយ​អះអាង ដី​ដែល​ច្បាប់​ទទួលស្គាល់​នៅក្នុង​តំបន់​ដែលមាន​បញ្ហា​នោះ គឺ​ទំហំ ៨ ហិតា ក្រៅពីនោះ​គឺជា​ដី​ក្នុង​បទល្មើស​ទាំងអស់ សារុប ៦៥ ហិតា ដែល​ប្រជាពលរដ្ឋ​ជា​ជនសង្ស័យ​ចំនួន ៧២​នាក់ រំលោភបំពាន។


លោក ខាំ លឿ ប្រធាន​ក្រុមប្រឹក្សាឃុំ​ក​ណ្តែ​ក ដែលមាន​ឈ្មោះ​ក្នុង​បញ្ជីខ្មៅ​ក្នុងចំណោម​៦​នាក់ ដែល​ខាង​ជលផល​ចោទប្រកាន់ ថា​ជា​បក្សពួក​បែងចែក និង​លក់​ដី​នោះ បានបង្ហាញ​ប្រតិកម្ម​ថា  លោក​មិនបាន​បែងចែក លក់​ដី​ទាំងនោះ​ឲ្យ​ទៅ​អ្នកណាម្នាក់​នោះទេ  ព្រោះ​ដី​ទាំងនោះ គឺជា​ដីចំការ​ដែល​ប្រជាពលរដ្ឋ​ចំនួន​២​ភូមិ គឺ​ភូមិ​គោកធ្លក និង​ភូមិ​ត្រពាំង​ទឹម ចំនួន​៧២​គ្រួសារ បាន​អាស្រ័យ​ផល​ទាំងពីរ​ឆ្នាំ​១៩៨០​មក​ម្លេះ  បើសិនជា​លោក​ចង់​លក់​មែន ក៏​ប្រជាពលរដ្ឋ​ទាំង​៧២​គ្រួសារ​មិន​យល់ព្រម​នោះដែរ លោក​មាន​ប្រជាពលរដ្ឋ​ជា​សាក្សី។


ការចោទប្រកាន់​ដែលមាន​នៅក្នុង​របាយការណ៍​របស់​ខណ្ឌ​រដ្ឋ​បាលជ​ល​ផល​សៀមរាប និង​ប្រតិកម្ម​របស់លោក​មេឃុំ​ក​ណ្តែ​ក​( ខាំ លឿ ) គឺ​មិនអាច​សម្របសម្រួល​ដោះស្រាយ​នៅក្នុង​វេទិកា​នោះបានទេ។ លោក ភូ​សំអាត អភិបាលស្រុក​ប្រាសាទបាគង បាន​និយាយថា លោក ខាំ លឿ មេឃុំ​ក​ណ្តែ​ក ហាក់ដូចជា​ស្ពាយ​កំហឹង​២​បាវ មក​ជះ​លើ​ជលផល ហើយ​សូម​ឲ្យ​លោក ហ៊ុល សា​វួ​ន នាយរង​សង្កាត់​ជលផល​បាគង គត់​ត្រា​យកសំដី​ទាំងនោះ ទៅ​ជំរាប​មេ​របស់ខ្លួន​ឲ្យ​ដឹងផង។


លោក សំ​មៀម ជំទប់​ទី​២​ឃុំ​ក​ណ្តែ​ក បាន​និយាយ​អះអាង​ថា លោក​មេឃុំ​មិនដែល​ប្រព្រឹត្តិ​ដូច​ការចោទប្រកាន់​នោះទេ ។ បើ​និយាយ​អំពី​ប្រវត្តិ​ដីចំការ​នោះ អ្នកស្រុក​បាន​អាស្រ័យ​ផល​តាំងពី​សង្គមចាស់ ប៉ុន្តែ​សម្រាប់​សង្គម​ថ្មី​របស់​យើង គឺ​តាំងពី​ឆ្នាំ​១៩៨០។


ដោយសារតែ​រឿង​នេះ ជា​បញ្ហា​ប្រឈម​ដ៏​ក្តៅ​គគុក​ស​ម្តា​ប់លោក​មេឃុំ​ក​ណ្តែ​ក​(​ខាំ លឿ )​នោះ  ក្រោយពី​វេទិកាសាធារណៈ​នេះ​ត្រូវ​បាន​បញ្ចប់  តាមរយៈ​នៃ​បទសម្ភាសន៍​តូច​មួយ​នៅ​សាលាឃុំ​ក​ណ្តែ​ក លោក ខាំ លឿ បាន​និយាយ​ថា  វា​ជា​អកុសល​ខ្លាំងណាស់​សម្រាប់​លោក។ បើ​តាម​ការចោទប្រកាន់​កន្លងមក រួមទាំង​ការចោទប្រកាន់​ពី​សំណាក់​គណបក្សប្រឆាំង​ផងដែរ ដីព្រៃ​លិច​ទឹក​រាប់រយ​ហិកតា ដែល​ត្រូវបាន​លោក​កាប់បំផ្លាញ  ហើយ​ដីស្រែប្រាំង ដីចំការ ប្រមាណ​ជាមួយ​ពាន់​ហិច​តា​ហើយ ដែល​ត្រូវបាន​លក់។


លោក​បាន​បញ្ជាក់​ទៀត​ថា ការពិត​ឬ​មិន​ពិត​ដែល​អាច​បញ្ជាក់​ពី​ភាពត្រឹមត្រូវ​របស់លោក គឺ​លោក​ពឹង​អាស្រ័យ​ទៅ​ប្រជាពលរដ្ឋ​ជា​សាក្សី  ។ លោក​ហ៊ាន​អះអាង​យ៉ាង​ដូច្នេះ ព្រោះថា​អ្វីៗ​ទាំងអស់់ គឺ​លោក​ធ្វើ ដើម្បី​បំរើ​ផលប្រយោជន៍​ជូន​ប្រជាជន តែប៉ុណ្ណោះ។

វិល​មក​បញ្ហា​ក៏​ក្តៅគគុក​វិញ លោក ខាំ លឿ បាន​និយាយ​ថា វា​ជា​ការពិត ដីចំការ​ជិត​៧០​ហិតា របស់​ប្រជាពលរដ្ឋ​៧២​គ្រួសារ​នៅក្នុង​ដែន​នេសាទ​តំបន់​៣ ពុំ​បានធ្វើ​សំណូមពរ សុំ​កាត់​ឆ្វៀល ដូច​លោក​អភិបាលស្រុក​លើកឡើង​ប្រាកដ​មែន។ អាស្រ័យ​យ៉ាង​ដូច្នេះហើយ កាលពី​ថ្ងៃទី​២៤ ខែ​មិនា ឆ្នាំ​២០១៥ នៅក្នុង​អង្គប្រជុំ​មួយ លោក​អភិបាលស្រុក​បាន​ណែនាំ​ឲ្យ​ឃុំ  ប្រមូល​ប្រជាពលរដ្ឋ​ទាំង​៧២​គ្រួសារ​នោះ ធ្វើ​ពាក្យ​ស្នើសុំ​បង្កបង្កើនផល​លើដី​ទាំងនោះ ដើម្បី​កុំ​ឲ្យ​ខុស​ទៅ​នឹង​ច្បាប់ ។  ថ្ងៃទី​១១ ខែឧសភា ឆ្នាំ​២០១៥ បងប្អូន​បាន​មក​បំពេញ​ពាក្យ​ស្នើសុំ​នោះ  ហើយ​ឯកសារ​ទាំងនោះ ត្រូវបាន​បញ្ជូន​ឡើង​ទៅ​ស្រុក នៅ​ថ្ងៃទី​២៦ ខែមិថុនា ឆ្នាំ​២០១៥ ស្រាប់តែ​ថ្ងៃទី​២០ ខែសីហា ឆ្នាំ​២០១៥ ក៏មាន​របាយការណ៍​ចោទប្រកាន់​ពី​ខណ្ឌ​រដ្ឋបាល​ជលផល​សៀមរាប ថា​ប្រជាពលរដ្ឋ​ទាំង ៧២​គ្រួសារ​នោះ ជា​ជនសង្ស័យ​ប្រព្រឹត្តិ​បទល្មើស ហើយ​រូបលោក​ក៏​ជាប់​ការចោទប្រកាន់ ថា​ជា​អ្នកបែងចែក និង​លក់​ដី​ទាំងនោះ​ផង​ដែរ៕


T-08-31-15-ss-full


T-08-31-15-sss-full



បើក​វេទិកាសាធារណៈ​ថ្នាក់ជាតិ​អំពី​បទល្មើស​ជលផល ដែល​ពាក់ព័ន្ធ​អំពី​បទ​កាប់​គាស់ រាន​ព្រៃ​លិច​ទឹក

Post a Comment

0 Comments

Close Menu