បើតាមប្រពៃណី និងទំនៀមទម្លាប់នៃការរស់នៅ របស់ប្រជាពលរដ្ឋខ្មែរ តែងមិនចូលចិត្តសេពគប់មនុស្សដែលមានចរិតពិសពុលប្រកបដោយការកុហកបោកប្រាស់ញុះញង់មួលបង្កាច់ កេងប្រវ័ញ្ច និងមានគំនិតប្រែប្រួលសាវានោះ ឡើយ។ ដោយឡែកចំពោះមេនៃគណបក្សសង្គ្រោះជាតិបច្ចុប្បន្នក៏ចូលក្នុងរឿងពិសពុលខាងលើនេះដែរ ហើយដែលគណបក្សនេះកំពុងធ្លាក់ចុះក្នុងភាពអស់លក្ខណ៍ ឬអស់ប្រជាប្រិយភាពនៃគណបក្សសង្គ្រោះជាតិនោះ យើងធ្វើការវិភាគអំពីមូលហេតុសំខាន់ៗដូចតទៅនេះ៖
អ្វីដែលជាការអន់សាច់រកលេខដាក់ពុំបាននៃចំណាត់ការរបស់មេគណបក្សសង្គ្រោះជាតិនាពេលនេះ គេសម្គាល់ឃើញមាន ៣ចំណុចធំៗ គឺៈ
១.គេទាមទារយកលុយមកវិញ តាមរយៈការផ្តល់វិភាគទាននៃការកសាងវិទ្យុទូរទស្សន៍ ព្រះអាទិត្យនៃគណបក្សសង្គ្រោះជាតិ។ ថ្មីៗ នេះគេបានឮព័ត៌មានពីប្រជាពលរដ្ឋពីរាជធានីភំ្នំពេញខ្លះនិងពីខេត្តខ្លះដែលបានចូលបច្ច័យជួយទ្រទ្រង់នៃការបង្កើតវិទ្យុទូរទស្សន៍ឈ្មោះ ថាព្រះអាទិត្យនោះ កំពុងមានមតិលើកឡើងតាមរយៈការមិនទុកចិត្តមេដឹកនាំគណបក្សសង្គ្រោះជាតិដែលកំពុងសម្ងំនៅឯបរទេសកំពុងបញ្ចេញពិសពុលប្រកបដោយការញុះញង់បំបែកបំបាក់ផ្ទៃក្នុងរបស់ជាតិមានការប្រេះឆាទៅតាមមហិច្ឆតានៃការលោភលន់ អំណាចរបស់ខ្លួន។ កន្លងមកនេះគេនិយាយថា មេៗ នៃគណបក្សសង្គ្រោះជាតិមានការរៀបចំ បណ្តាញប្រមូលបច្ច័យតាមរបៀបឆ្លៀតរកចំណេញរបស់ខ្លួនដោយការបង្កើតប៉ុស្តិ៍វិទ្យុទូរទស្សន៍ព្រះអាទិត្យដែលមានការរៃអង្គាសប្រាក់ពីប្រជាពលរដ្ឋក្នុងស្រុកផង និងពីប្រជាពលរដ្ឋជាអាណិកជនខ្មែរនៅបរទេសផង។ នេះក៏គេយល់ថា ជាល្បិចនៃការប្រមូលលុយថ្មី មួយទៀតឯបជាមួយនឹងរឿងនយោបាយប្រឆាំងរបស់ខ្លួន។ ទង្វើបែបនេះតែងមានការលាក់មិនជិតនូវរាល់អំពើពុតត្បុតរបស់អ្នកចាត់ចែងនៃគណបក្សនោះឡើយ ហើយដែលគេតែងមានការតវ៉ាទាមទារយកលុយរបស់គេមកវិញនោះ។ នេះហើយដែលជារឿងបែបអន់អាប់់និងដ៏យ៉ាប់យ៉ឺនបំផុតនៃគណបក្សសង្គ្រោះជាតិដែលប្រៀបដូចស្គរទូងៗ តែខាងក្នុងប្រហោងធ្លុងយ៉ាងនោះដែរ។
២.ក្បួនមួលបង្កាច់ និងការញុះញង់បង្កនូវចលាចល និងអស្ថិរភាពសង្គមដែលជាមុខរបររកស៊ីរបស់មេៗ នៃគណបក្សសង្គ្រោះជាតិហៅថា រកស៊ីបានយ៉ាងកាក់កបរាល់លើក។ បានសេចក្តីថា មេបក្សសង្គ្រោះជាតិបានសាងសុភមង្គលរបស់ខ្លួននៅលើគំនរទុក្ខព្រួយរបស់ប្រជាពលរដ្ឋទៅវិញ។ ហេតុអ្វីបានជាយ៉ាងនេះ? ហេតុផលកន្លងមកគេតែងបានតាមដានទាន់ជាន់កែងដោយដឹងឮពីល្បិចរកលុយនៃគណបក្សសង្គ្រោះជាតិនោះ គឺគេបានដាក់ឈ្មោះឲ្យថា ជាដង្ខៅនៃបាតុកម្មព្រោះមេៗ តែងបានទទួលលុយពី បរទេសទៅ តាមការបំផុសនិងបំប៉ោងសភាពការណ៍ ពីតូចទៅធំដើម្បីរៃអង្គាសលុយពីក្រៅមកបង្កើតភាពវឹកវរផង និងឆ្លៀតកេងយកចំណេញដាក់ហោប៉ៅយ៉ាងកាក់កបផង។ ជាក់ស្តែងកន្លងមកថ្មីៗ នេះមានសមាជិកព្រឹទ្ធសភានៃគណបក្សសង្គ្រោះជាតិម្នាក់ កំពុងត្រូវចាប់ខ្លួនពីបទញុះញង់ដោយការឃោសនាបំភ្លៃថា ផែនទីរបស់រាជរដ្ឋាភិបាលក្លែងក្លាយ។ ប៉ុន្តែគឺ ជាផែនទីត្រឹមត្រូវ និងមានការផ្ទៀងផ្ទាត់ត្រូវជាមួយនឹងផែនទី ពីអង្គការសហប្រជាជាតិពិតប្រាកដ។ នេះគឺជាលទ្ធផលនៃការសាបរលាបនូវកិត្តិយសនិងកេរ្តិ៍ ឈ្មោះ របស់គណបក្សសង្គ្រោះជាតិទាំងស្រុង ឬហៅថា លែងកេងប្រវ័ញ្ចកើបយកចំណេញបានទៀតហើយ។
៣.គំនិតប្រែប្រួលសាវារបស់លោកសម រង្ស៊ី ដែលគេហៅថា កំពុងតែវង្វេង វិលវល់គ្មានទិសដៅពិតប្រាកដឬ ពុំមានប្រាកដនិយមរបស់ខ្លួននោះទេ ដែលគេប្រៀបប្រដូចទៅនឹងឆ្មាចូលត្រឡោកយ៉ាងនោះដែរ។ ការប្រែក្រឡាស់ក្រឡេចក្រឡុចផ្កាប់ផ្ងារបាតដៃជាខ្នងដៃ មិនស្មើនឹងសម្តីកូនក្មេងប្រៀមដៃផង។ តើធ្វើមេគេម៉េចនឹងកើតទៅ? គឺមកដល់ដំណាក់ការនេះទៅហើយបែរជាលោកសម រង្ស៊ី នៅតែគាស់កកាយពីរឿងពួកគាត់ឡាំប៉ាកាលពីមុនចូលធ្វើការក្នុងសភា ឡើងវិញទៀត។ នេះក៏ជារឿងអស់សង្ឃឹមនែមេបក្សនេះដែលគាត់យល់ថា អាណតិ្តក្រោយប្រាកដជាមិនបានមានវាសនាដូចពេលនេះឡើយ។
សរុបសេចក្តីទៅទាំង៣ចំណុចធំៗ ដែលបានរៀបរាប់និងបង្ហាញនៃអត្ថបទនេះវា ជាមូលហេតុនៃពិសពុលបានសាបព្រោះនៅក្នុងសង្គមនៃគណបក្សសង្គ្រោះជាតិ ហើយដែលវាចូលក្នុងលទ្ធផលហៅថា កំពុងធ្វើអត្តឃាតនយោបាយរបស់ខ្លួនឲ្យលិចលង់ និងអស់លក្ខណ៍ជាអវសានមែនហើយ៕
អត្ថាធិប្បាយ ៖ ល្បិចកល ពិសពុលរបស់គណបក្សសង្គ្រោះជាតិ កំពុងអស់លក្ខណ៍
0 Comments