ភ្នំពេញ ៖ លោកស្រី កុយ ពិសី អនុប្រធានលេខាធិការដ្ឋានអចិន្ត្រៃយ៍នៃអាជ្ញាជាតិទទួលបន្ទុកកិច្ចការព្រំដែនបានមានប្រសាសន៍កាលពីថ្ងៃទី៣១ ខែសីហា ថា បើគណបក្សប្រឆាំងទទួលយកការពិត ប្រហែលជាលោកស្រីអត់មានការគំរាមកំហែងបែបនេះទេ ហើយប្រសិនបើនៅតែមិនព្រមទទួលយកការពិត ការគំរាមកំហែងនៅតែមានបន្តរហូត។
លោកស្រី កុយ ពិសី មានប្រសាសន៍យ៉ាងនេះថា “ការគំរាមនេះមានពីប្រភេទ គឺការជេរប្រមាថ និងគំរាមកំហែង ហើយការជេរប្រមាថនេះ វាអសីលធម៌ណាស់មានប្រជាពលរដ្ឋមួយចំនួន ក៏ដូចជាខ្ញុំមិនអាចនិយាយចេញទេ ពីព្រោះវាអាក្រក់ស្តាប់ពេក”។ លោកស្រីបន្តថា “ជេរប្រមាថនេះ មិនដឹងថាដោយសារគាត់មិនចេះដឹង ឬគាត់មានចេតនាធ្វើបែបហ្នឹង ពិបាកទទួលយកណាស់ ខ្ញុំមិនដឹងនិយាយថាម៉េចទេ ប៉ុន្តែវាប៉ះពាល់អារម្មណ៍របស់ខ្ញុំខ្លាំងណាស់ ហើយសារមួយចំនួនទៀត បានឲ្យយើងបិទមាត់រឿងព្រំដែនហ្នឹង កុំចេះនិយាយវែកញែកអំពីរឿងព្រំដែន ធ្វើអីឲ្យប្រយ័ត្នខ្លួន តែសារបែបនេះមានច្រើនកន្លងមកហើយ តែខ្ញុំមិនដែលយកមកដាក់ទុកនៅក្នុងក្បាលរបស់ខ្ញុំទេ ពីព្រោះខ្ញុំចេះតែគិតថា គាត់ចេះតែនិយាយអីចឹងទៅវាគ្មានរឿងអីកើតឡើងទេ ប៉ុន្តែដល់ពេលគិតយូរៗទៅ គ្រួសារខ្ញុំ បងប្អូនខ្ញុំ ក៏ចាប់អារម្មណ៍ ហើយបាននិយាយថា នេះមិនអាចជាការលេងសើចទេ ប្រហែលជាគេមានបំណងទេដឹង បានជាគេចេះតែផ្ញើសារមកអីចឹង”។
លោកស្រីបានបញ្ជាក់ដែរថា បន្ទាប់ពីមានការរំលឹករបស់ក្រុមគ្រួសារ លោកស្រីបានចាប់អារម្មណ៍ ហើយក៏បារម្ភផងដែរលើបញ្ហានេះ។ លោកស្រីអះអាងថា “ខ្ញុំមិនមែនជាអ្នកនយោបាយទេ ខ្ញុំគឺជាអ្នកបច្ចេកទេស ដូច្នេះទាំងអ្នកសារព័ត៌មាន ទាំងប្រជាពលរដ្ឋ ដែលមិនយល់ពីបញ្ហាព្រំដែន លោកសួរខ្ញុំ ខ្ញុំប្រាប់ ក៏ឆ្លើយប្រាប់តាមការពិត ជំរាបពីការពិត បើមិនពិតខ្ញុំមិនប្រាប់ទេ ហើយជាទូទៅ ខ្ញុំតែងតែឆ្លើយជាមួយគណបក្សសង្គ្រោះជាតិ ដែលលោកតែងតែចោទប្រកាន់រាជរដ្ឋាភិបាល ថារាជរដ្ឋាភិបាលបានប្រើប្រាស់ផែនទីក្លែងក្លាយ ប្រើផែនទីយួន ឬក្លែងសន្ធិសញ្ញា ឬស្អីៗដែលសុទ្ធតែជាការងាររបស់យើងខ្ញុំ”។
លោកស្រី កុយ ពិសី បានលើកឡើងទៀតថា “មិនមែនមានន័យថា ខ្ញុំធ្វើការនៅក្រសួងកិច្ចការនារី ហើយខ្ញុំមកនិយាយរឿងព្រំដែនទេ អាហ្នឹងចង់ប្រាប់ថា ខ្ញុំចេះដឹងអីរឿងព្រំដែន បើខ្ញុំធ្វើការក្រសួងបរិស្ថាន ឬក្រសួងសេដ្ឋកិច្ច មកនិយាយរឿងព្រំដែនអាចថា វាខុសវិជ្ជាជីវៈ តែអ្វីដែលខ្ញុំនិយាយ ខ្ញុំនិយាយរឿងព្រំដែន ជាការងាររបស់ខ្ញុំ ការងាររាជរដ្ឋាភិបាល ក៏ដូចជាការងាររបស់ពួកយើងខ្ញុំដែលធ្វើ អីចឹងវាប៉ះពាល់ដល់ពួកគេ ដែលប្រឆាំងរដ្ឋាភិបាល ចឹងបានជាកើតរឿងជេរប្រមាថ មានការគំរាមមកអីចឹង ហើយខ្ញុំថា សុំឲ្យប្រជាពលរដ្ឋដែលលោកស្រពិចស្រពិល កុំមើលមកខ្ញុំថា ជាអ្នកនយោបាយ ហើយបើប្រាស់ គឺមិនមែនទេ។ អ្វីដែលខ្ញុំនិយាយ គឺសុទ្ធតែជាការពិត ដែលពួកយើងខ្ញុំបាន និងកំពុងធ្វើតាំងពីមុនរហូតមកដល់ឥឡូវ”។
ទាក់ទងនិងការគំរាមនេះដែរ លោកស្រី កុយ ពិសី បានមានប្រសាសន៍ទៀតថា មកដល់ពេលនេះ លោកស្រីមិនទាន់បានដាក់ពាក្យប្តឹង ឬធ្វើអ្វីទេ ដោយសារតែការគំរាមនោះ ពេលខ្លះលោកស្រីគិតថា គេនិយាយលេង ពេលខ្លះគិតថា គេនិយាយមែន តែការជេរប្រមាថ គេជេរមែន គេមិននិយាយលេងទេ។ ម្យ៉ាងទៀតលោកស្រីគិតថា “ដោយសារតែស្ថានភាពនយោបាយយើងអត់ទាន់ស្រួល វាអាចបញ្ចប់រឿងហ្នឹងហើយ ដោយសារតែគណបក្សប្រឆាំងចេះតែចោទប្រកាន់រដ្ឋាភិបាល ហើយបើគាត់ទទួលយកការពិត ប្រហែលជាខ្ញុំអត់មានការគំរាមកំហែងហ្នឹងទេ តែប្រសិនបើគណបក្សនយោបាយអស់ទាំងហ្នឹងនៅតែមិនព្រមទទួលយកការពិត ការគំរាមកំហែងនៅតែមានបន្ត ដូច្នេះមកដល់ពេលនេះ ខ្ញុំមិនទាន់បានប្តឹងអីទេ គ្រាន់តែមើលហើយចោលៗ ប៉ុន្តែរឿងហ្នឹងចាំមើលបន្តិចទៀត ប្រសិនបើនៅតែបន្ត ខ្ញុំគិតថា សមត្ថកិច្ចត្រូវតែមានវិធានការជំនួសខ្ញុំហើយ ពីព្រោះខ្ញុំធ្វើការឲ្យប្រទេសជាតិ អត់មានសំរាប់គណបក្សណាមួយទេ។
អ្នកធ្វើការព្រំដែននិយាយដោយត្រង់ មិនមែនអ្នកគណបក្សទេ គឺធ្វើការទៅតាមវិជ្ជាជីវៈ ហើយថ្ងៃក្រោយបើទោះជាគណបក្សណាមួយឡើងកាន់អំណាច ក៏នៅតែធ្វើការងារព្រំដែនដដែល។
ទាក់ទងរបស់លោកស្រី កុយ ពិសី ខាងលើនេះ ការិយាល័យរបស់យើងនៅមិនទាន់អាចសុំការឆ្លើយតបពីមន្ត្រីអ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ គឺលោក យឹម សុវណ្ណ បាននៅឡើយទេ ដោយទូរស័ព្ទមិនមានអ្នកទទួល ហើយទាក់ទងនិងការគំរាមកំហែងនេះ លោក សុខ ទូច ប្រធានក្រុមស្រាវជ្រាវព្រំដែន នៃរាជបណ្ឌិតសភាកម្ពុជា ក៏រងការគំរាមសម្លាប់លើសកម្មភាពការងារព្រំដែននេះផងដែរ៕
លោកស្រី កុយ ពិសី ៖ បើគណបក្សប្រឆាំងនៅតែមិនព្រមទទួលយកការពិតការគំរាមនៅតែបន្ត
0 Comments