ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាដែលមានថ្នាក់ដឹកនាំ ៩ នាក់និងកីឡាករ ២២ នាក់បានធ្វើចេញដំណើរទៅប្រកួតជាមួយម្ចាស់ផ្ទះជប៉ុន ក្នុងវគ្គជម្រុះ E នៃពានរង្វាន់បាល់ទាត់ពិភពលោក ២០១៨ FIFA World Cup Russia ប្រចាំទ្វីបអាស៊ី វេលាម៉ោង ១០:៤៥ នាទីយប់ថ្ងៃច័ន្ទ ទី ៣១ ខែ សីហា ឆ្នាំ ២០១៥ នេះតាមជើងហោះហើរលេខ TG682 បាងកក-តូក្យូ។
ក្រុមកម្ពុជាដឹកនាំដោយឯកឧត្តម ខៀវ សាម៉េត អនុប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ខណៈលោក ឆាំង ពិសិដ្ឋ ជាអ្នកចាត់ការទូទៅហើយលោក Lee Tae Hoon ជនជាតិកូរ៉េខាងត្បូង ជាគ្រូបង្វឹក។ លោក អ៊ុង កងយ៉ានិត លោក ហោ សុខហេង និង លោក អុំ សាវង្ស ជាគ្រូជំនួយ ហើយលោក អ៊ិន សុខា ជាគ្រូអ្នកចាំទី រួមទាំងលោក ហៃ ស័ក្ខរី និង លោក ខាយ់ ចាន់ហាក់ ជាគ្រូពេទ្យប្រចាំ។
ចំពោះកីឡាករចំនួន ២២ នាក់ដែលចេញដំណើរទៅប្រកួតនេះមាន អ្នកចាំទី ស៊ូ យ៉ាទី (បឹងកេតអង្គរ) ប៉េង ប៊ុនឆាយ (ស្វាយរៀង) និង ប្រាក់ ភារុណ (អគ្គស្នងការដ្ឋាននគរបាលជាតិ)។ ចំណែកខ្សែការពារមាន ៧ រូបដូចជា សឿយ វិសាល (ស្វាយរៀង) នេន សុធារ័ត្ន (ស្វាយរៀង) សុខ សុវណ្ណ (បឹងកេតអង្គរ) កុក បុរីស (ភ្នំពេញក្រោន) ហុង ផេង (បឹងកេតអង្គរ) សាយ ពិសិដ្ឋ (អគ្គស្នងការដ្ឋាននគរបាលជាតិ) ណុប តុលា (ស្វាយរៀង)។
រីឯក្រុមខ្សែបម្រើមាន សំអឿន ពិដោរ (ស្វាយរៀង) ឈិន ឈឿន (ក្រសួងការពារជាតិ) រស់ សំអឿន (បឹងកេតអង្គរ) ស៊ុន សុវណ្ណរិទ្ធី (ណាហ្គាវើល) សុះ ស៊ូហាណា (ភ្នំពេញក្រោន) ទិត្យ ឌីណា (អគ្គស្នងការដ្ឋាននគរបាលជាតិ) ធារីចន្ថាប៊ីន (ភ្នំពេញក្រោន) ឈុន សុធារ័ត្ន (បឹងកេតអង្គរ) និងប្រធានក្រុម គួច សុកុម្ភៈ។ ចំពោះខ្សែប្រយុទ្ធមាន ២ នាក់គឺ កែវ សុខផេង (ភ្នំពេញក្រោន) ចាន់ វឌ្ឍនាកា (បឹងកេតអង្គរ) និង ឃួន ឡាបូរ៉ាវី (បឹងកេតអង្គរ)។
ក្រុមជម្រើសជាតិកម្ពុជា បានប្រមូលផ្ដុំពីថ្ងៃទី ១៧ ខែ សីហា កន្លងទៅ ហើយបានប្រកួតមិត្តភាពអន្តរជាតិឈ្នះក្រុមភ្ញៀវប៊ូតាន់ កាលពីថ្ងៃទី ២០ ខែ សីហា មុនចេញទៅប្រទេសថៃ ហើយនៅថ្ងៃទី ២៥ ខែ សីហា ឆ្នាំ២០១។ នៅថ្ងៃទី ២៦ សីហា បានប្រកួតស្មើគ្នាជាមួយក្លិប Army United ក្នុងលីកអាជីពកំពូលថៃ ១ ទល់ ១ ហើយប្រកួតមិត្តភាពអន្តរជាតិចាញ់ក្រុមជម្រើសជាតិឡាវ ២ ទល់ ១ កាលពីថ្ងៃទី ២៩ ខែ សីហា ថ្មីៗនេះ។
ក្រុមកម្ពុជា ត្រូវប្រកួតក្នុងវគ្គជម្រុះជើងទី១ ពូល E ជាមួយម្ចាស់ផ្ទះជប៉ុន នៅថ្ងៃទី ៣ ខែ កញ្ញា ឆ្នាំ ២០១៥ ខាងមុខនៅកីឡដ្ឋាន Saitama Stadium 2002 ក្នុងទីក្រុង Saitama។ ៥ ថ្ងៃបន្ទាប់ក្រុមដែលដឹកនាំដោយគ្រូបង្វឹកជនជាតិកូរ៉េខាងត្បូង មួយនេះនឹងត្រឡប់មកកាន់រាជធានីភ្នំពេញ វិញទទួលភ្ញៀវក្រុមជម្រើសជាតិស៊ីរី នៅថ្ងៃទី ៨ ខែ កញ្ញា ឆ្នាំ ២០១។
គិតត្រឹមពេលនេះក្នុងពូល E នៃវគ្គជម្រុះពានរង្វាន់ 2018 FIFA World Cup Russia ក្រុមសិង្ហបុរី ឈរកំពូលតារាងបណ្ដោះអាសន្ន ក្រោយប្រកួតបាន ២ លើកឈ្នះ ១ ស្មើ ១ មាន ៤ ពិន្ទុ តាមពីក្រោយដោយស៊ីរី និង អាហ្វហ្គានីស្ថាន មាន ៣ ពិន្ទុទើបតែប្រកួតបាន ១ លើកប៉ុណ្ណោះ។ ចំពោះក្រុមជម្រើសជាតិជប៉ុន ទើបមាន ១ ពិន្ទុក្នុងដៃប៉ុណ្ណោះក្រោយប្រកួតស្មើគ្នា ០ ទល់ ០ ជាមួយសិង្ហបុរី ហើយកម្ពុជា នៅបាតតារាង មិនទាន់មានពិន្ទុក្នុងដៃនៅឡើយទេ។
ក្រុមជម្រើសជាតិកម្ពុជា ឆ្លងកាត់បាន ២ ប្រកួតហើយលើទឹកដីស្មៅសិប្បនិមិត្តពហុកីឡដ្ឋានជាតិរបស់ខ្លួន ក្នុងរាជធានីភ្នំពេញ ដោយចាញ់ ២ ប្រកួត ដោយប្រកួតដំបូងចាញ់សិង្ហបុរី ៤ ទល់ ០ និង ប្រកួតទី២ ចាញ់ក្រុមអាហ្វហ្គានីស្ថាន ១ ទល់ ០ ក្រោមក្រសែភ្នែកទស្សនិកជនជាច្រើនម៉ឺននាក់។
សូមរំលឹកផងដែរថាវគ្គជម្រុះ 2018 FIFA World Cup Russia ប្រចាំទ្វីបអាស៊ី ធ្វើឡើង ៤ ជុំមុនស្វែងរកក្រុម ៤ កៅអីកន្លះ ឡើងទៅវគ្គ ៣២ ក្រុមចុងក្រោយនៅប្រទេសរស្ស៊ី ក្នុងឆ្នាំ ២០១។ គិតត្រឹមពេលនេះការប្រកួតបានធ្វើដំណើរដល់ជុំទី ២ ហើយដោយសល់ ៤០ ក្រុមមកពីប្រទេសជាសមាជិកសហព័ន្ធកីឡាបាល់ទាត់ទ្វីបអាស៊ី (AFC)។ ក្រុមដែលនៅសល់ចែកជា ៨ ពូល ហើយក្នុងពូលមួយពូល មាន ៥ ក្រុម។ ក្រុមដែលមានចំណាត់ថ្នាក់ល្អជាងគេចំនួន ១២ នឹងមានកៅអីឡើងទៅជុំទី៣ ជាបន្តហើយចែកជា ២ ពូល។ ក្រុមលេខ ១ និង លេខ ២ តាមពូលក្នុងវគ្គនេះមានសិទ្ធិអាចកក់សំបុត្រយន្តហោះទៅកាន់ ប្រទេសរុស្ស៊ី បាន ខណៈក្រុមលេខ ៣ ទាំង២ ក្រុមត្រូវប្រកួតគ្នារកអ្នកឈ្នះទៅប្រកួតដណ្ដើមកៅអីទៅវគ្គ ៣២ ក្រុមចុងក្រោយជាបន្តជាមួយក្រុមមកពីទ្វីបផ្សេង៕
ក្រុមបាល់ទាត់ ជម្រើសជាតិកម្ពុជា ចេញទៅប្រកួត World Cup នៅប្រទេសជប៉ុន នៅយប់មិញ
0 Comments