ភ្នំពេញ ៖ មានមនុស្សប្រមាណ៣.០០០នាក់ កាលពីព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៥ បានសម្រុកឈរតម្រង់ជួរនៅក្នុងពិធីសម្ពោធហាងខយកាហ្វេកម្ពុជា សាខាផ្សារទំនើបអ៊ីអនម៉ល ដើម្បីទទួលយកនូវភេសជ្ជៈប្រចាំហាង និងវត្ថុអនុស្សាវរីយ៍ជាច្រើនទៀត ដែលធ្វើឲ្យហាងកាហ្វេខយបានបំបែកឯកត្តកម្ម បើប្រៀបធៀបនឹងសាខាផ្សេងៗទៀតនៅតំបន់អាស៊ាន។
នៅព្រឹកថ្ងៃទី៣១ ខែសីហា ចាប់ពីព្រឹកព្រលឹម រហូតដល់ម៉ោង១១និង៣០នាទី គេឃើញថាចំណតម៉ូតូនៅផ្សារទំនើបអ៊ីអនម៉លពេញស្ទះ រកកន្លែងចតមិនបាន ដោយសារតែមានអ្នកចូលរួមច្រើនខុសពីធម្មតា ដោយសារតែពិធីបើកសម្ពោធសាខាថ្មីហាងកាហ្វេខយ។
បើតាមការវាយតម្លៃរបស់ផ្សារទំនើបអ៊ីអនម៉លនៅក្នុងពិធីសម្ពោធនោះ យ៉ាងហោចណាស់ក៏មានអ្នកឈរតម្រង់ជួររង់ចាំទទួលវត្ថុអនុស្សាវរីយ៍ប្រមាណ៣ពាន់នាក់ដែរ។
លោក ឃន ឈុនដារ៉ា អ្នកគ្រប់គ្រងទូទៅរបស់ហាងខយកាហ្វេកម្ពុជាបានមានប្រសាសន៍ថានេះគឺជាសាខាទី៥ហើយ ដែលហាងខយកាហ្វេបានបើកជាលើកដំបូងនៅថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០១៤កន្លងទៅ។
លោកបន្តថា ការបើកសាខាខយកាហ្វេទី៥នៅផ្សារទំនើបអ៊ីអនមឿលនេះ ដោយសារតែប្រទេសកម្ពុជាសព្វថ្ងៃមានស្ថានភាពសន្តិភាព និងមានការរីកចម្រើន ពិសេសការបើកនេះក៏ដើម្បីឆ្លើយតបទៅនឹងការគាំទ្ររបស់អតិថិជនដែលនិយមពិសាតែរបស់ខយកាហ្វេ ធ្វើឲ្យមានមនុស្សយ៉ាងច្រើនមកចូលរួម។ លោកបានបញ្ជាក់ថា ខយកាហ្វេកម្ពុជា ត្រូវបានគេចាត់ទុកថាលក់ដាច់ជាងគេផងដែរនៅបណ្ដាប្រទេសផ្សេងៗទៀតនោះលើពិភពលោក។
លោកបានបន្តថា នៅក្នុងពិធីសម្ពោធនោះយើងមិនត្រឹមតែរៀបចំពិធីអបអរសាទរបើកសម្ពោធប៉ុណ្ណោះទេ វាជាថ្ងៃបើកទំព័រប្រវត្តិសាស្ត្រថ្មី និងរៀបចំនូវកម្មវិធីអស្ចារ្យបំបែកឯកត្តកម្មអាស៊ានដែលមានសាខាខយកាហ្វេកម្ពុជា មានអតិថិជនចូលរួមតម្រង់ជួរប្រមាណ៣.០០០នាក់ដំបូងគេបង្អស់។
លោកបានបន្ថែមថា នៅក្នុងថ្ងៃនោះ ខយក៏បានរៀបចំចែកជូននូវភេសជ្ជៈប្រចាំហាង និងអាហារសម្រន់ជូនដល់អតិថិទាំង៣.០០០នាក់របស់យើង និងមានត្រៀមជាកាដូជាច្រើនសន្ធឹកសន្ធាប់ទៀតសម្រាប់អតិថិជនដូចជា ដបទឹកដ៏ស្រស់ស្អាត ឆត្រកែង ទឹកខយ និងវូចឆ័រពីហាងល្បីៗចំនួន៧នៅកម្ពុជា។ លើសពីនេះទៀត ក៏មានជាការប្រគំតន្ត្រីខាងអឹមជែម ហើយអ្វីកាន់តែពិសេសទៀតនោះ មានការថតរូបភ្លាមបានភ្លាម លេងហ្គេម និងការឆ្លើយសំណួរចម្លើយបានរង្វាន់ភ្លាមទៀតផង។
បន្ទាប់ពីបើកសាខានៅផ្សារទំនើបអ៊ីអនម៉លនេះទៅ លោក ឃន ឈុនដារ៉ា បានឲ្យដឹងថាលោកកំពុងតែសម្លឹងមើលក្នុងការបើកសាខានៅតាមបណ្ដាខេត្តបន្តទៀត ហើយខេត្តដែលមានសក្ដានុពលនោះរួមមាន ខេត្តបាត់ដំបង សៀមរាប និងព្រះសីហនុ។ ទាក់ទិនការបើកសាខានៅផ្សារអ៊ីអនម៉លនេះ លោកបានបោះទុនប្រមាណជា១០ម៉ឺនដុល្លារ អាមេរិក៕
ខយកាហ្វេកម្ពុជា បំបែកឯកត្តកម្មក្លាយជាហាងដំបូងគេនៅអាស៊ានមានមនុស្សចូលរួមច្រើនបំផុត
0 Comments