ភ្នំពេញ ៖ នៅវេលាម៉ោង១៤និង៥នាទី ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៥ នៅប្រលានយន្តហោះអន្តរជាតិភ្នំពេញ លោកជំទាវ ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងរដ្ឋសភាព្រឹទ្ធសភា និងអធិការកិច្ចតំណាងឲ្យរាជរដ្ឋាភិបាលកម្ពុជា បានដឹកនាំប្រតិភូជាន់ខ្ពស់កម្ពុជាចូលរួមអបអរសាទរខួបទី៧០ ថ្ងៃឯករាជ្យរបស់សាធារណរដ្ឋសង្គមនិយមវៀតណាម ដែលជាថ្ងៃប្រវត្តិសាស្ត្ររបស់ប្រទេសវៀតណាម បន្ទាប់ពីបញ្ចប់សង្គ្រាម ហើយទទួលបាននូវជោគជ័យ និងឯករាជ្យគិតមកដល់ពេលនេះ៧០ឆ្នាំហើយ។
លោក ចាប សុថារិទ្ធ នាយកខុទ្ទកាល័យលោកជំទាវ ម៉ែន សំអន បានឲ្យដឹងមុនពេលចេញដំណើរ១០នាទីពីកម្ពុជាទៅកាន់ប្រទេសវៀតណាមថា ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា លោកជំទាវម៉ែន សំអន បានដឹកនាំប្រតិភូកម្ពុជាអញ្ជើញអបអរខួប៧០ឆ្នាំ ជាថ្ងៃឯករាជ្យរបស់ប្រទេសវៀតណាម ក្នុងនាមជាប្រទេសជិតខាងនឹងគ្នា។
លោកបន្តថា កម្ពុជា និងវៀតណាម ដែលតែងចូលរួមសាទរគ្នាទៅវិញទៅមក នៅពេលប្រារព្ធបុណ្យជាតិធំៗម្ដងៗនោះ។ នេះជាវប្បធម៌រួមសាមគ្គីភាពដ៏ល្អប្រពៃ ក្នុងនាមសមាជិកអាស៊ានតែមួយ។ លោកនាយកខុទ្ទកាល័យបន្តថា ប្រតិភូកម្ពុជាអញ្ជើញចូលរួមអបអរជាមួយវៀតណាមរយៈពេល៣ថ្ងៃ ហើយនឹងធ្វើមាតុភូមិនិវត្តន៍វិញនៅរសៀលថ្ងៃទី៣ ខែកញ្ញា ខាងមុខនេះ៕
រាជរដ្ឋាភិបាលកម្ពុជា ចូលរួមអបអរសាទរខួបលើកទី៧០ ថ្ងៃឯករាជ្យវៀតណាម
0 Comments