Ad Code

សភា​ពាណិជ្ជកម្ម​ខេត្ត​សៀមរាប​-​ឧត្តរមានជ័យ​បោះឆ្នោត​ជ្រើសរើស​សមាជិក​ជ្រើសតាំង​ថ្មី

សៀមរាប​ ៖​ ពាណិជ្ជករ​ ឧស្សាហករ ​អាជីវករ ​សេវាករ និង​កសិករ ចំនួន​សរុប​៣២៣​នាក់ ត្រូវ​បាន​គេ​ដាក់បញ្ចូល​ទៅ​ក្នុង​បញ្ជី​ឈ្មោះ​អ្នកបោះឆ្នោត ផ្តល់​សេចក្ដី​ទុកចិត្ត ដើម្បី​ជ្រើសរើស​សមាជិក​ជ្រើសតាំង​ថ្មី លើក​ទី​១​ អាណត្តិ​ទី​២ នៃ​សភា​ពាណិជ្ជកម្ម​ខេត្ត​សៀមរាប​-​ឧ​ត្ត​រ​មានជ័យ។

ការ​បោះឆ្នោត​នេះ​ត្រូវ​បាន​ធ្វើឡើង​នៅ​ក្រុង​សៀមរាប​អស់​រយៈពេល​ពេញ​១​ថ្ងៃ​(ថ្ងៃ​ទី​០៨ ខែ​សីហា ឆ្នាំ​២០១៥) ក្រោម​វត្តមាន​របស់​លោក​ម៉ៅ ថូ​រ៉ា រដ្ឋលេខាធិការ​ក្រសួងពាណិជ្ជកម្ម និង​មាន​វត្តមាន​ផង​ដែរ​ លោក​គឹម ឆៃ​ហៀ​ង អភិបាលរង​ខេត្ត​សៀមរាប និង​ជា​ប្រធាន​គណៈកម្មការ​បោះឆ្នោត សភា​ពាណិជ្ជកម្ម​ខេត្ត​សៀមរាប​-​ឧត្តរមានជ័យ។

គណៈកម្មការ​រៀបចំ​កា​របោះ​ឆ្នោត​នេះ បាន​ឲ្យ​ដឹង​នៅពេល​រាប់​សន្លឹកឆ្នោត​នោះ​ថា សន្លឹកឆ្នោត​ដែល​បាន​ចូលរួម​បោះឆ្នោត​ជាក់ស្តែង​មាន​ចំនួន ២៧២​សន្លឹក សន្លឹកឆ្នោត​បានការ​មាន​ចំនួន ១៧១​សន្លឹក និង​បន្ថែម​ដោយ​ការយល់ព្រម​ឲ្យ​បោះឆ្នោត​តាម​ទូរស័ព្ទ​ចំនួន ១​នាក់។ លទ្ធផល​នៃ​ការបោះឆ្នោត​នេះ ទទួលបាន​សមាជិក​ជ្រើសតាំង​ថ្មី​ចំនួន​១០​រូប លើ​បេក្ខជន បេក្ខនារី ឈរឈ្មោះ​សរុប​ចំនួន ១៨​រូប។

តាម​នីតិវិធី​នៃ​ការបោះឆ្នោត​នេះ​ លោក​ម៉ៅ ថូ​រ៉ា រដ្ឋលេខាធិការ​ក្រសួងពាណិជ្ជកម្ម​ បាន​បញ្ជាក់​ថា សភា​ពាណិជ្ជកម្ម​ខេត្ត​-​រាជធានី មាន​អាណត្តិ ៦​ឆ្នាំ។ ១​អាណត្តិ ត្រូវ​បាន​បោះឆ្នោត​២​ដង គឺ​៣​ឆ្នាំ​បោះ​ម្តង ក្នុង​នោះ​រួមមាន​ការបោះឆ្នោត​ដើម​អណ​ត្តិ និង​ការបោះឆ្នោត​ពាក់កណ្តាល​អាណត្តិ។

ក្រោយពី​ទទួល​បាន​នូវ​លទ្ធផល​នៃ​ការបោះឆ្នោត​លើក​ទី​១ ដើម​អាណត្តិ​ទី​២​នេះ​ សមាជិក​ជ្រើសតាំង​ថ្មី​ចំនួន​១០​រូប រួមបញ្ចូល​ជាមួយ​សមាជិក​ចាស់​ចំនួន​៥​រូប​ទៀត ត្រូវបាន​ជ្រើស​យក​អ្នកស្ម័គ្រចិត្ត ដើម្បី​ឈរឈ្មោះ​ជា​បេក្ខជន​ជ្រើសតាំង​ប្រធាន​១​រូប។ លោក ហ៊ុយ ភៀវ អតីត​អនុប្រធាន​សភាពាណិជ្ជកម្ម​ខេត្តសៀមរាប​-​ឧ​ត្ត​រ​មានជ័យ ​ដែលជា​បេក្ខជន​ស្ម័គ្រចិត្ត​តែ​១​រូប​គត់ ត្រូវបាន​សមាជិក​ជ្រើសតាំង​ថ្មី និង​សមាជិក​ចាស់​សរុប​ទាំង ១៤​រូប ផ្តល់​សេចក្តីទុកចិត្ត បោះឆ្នោត​ជា​ឯក​ច្ឆ័​ន្ធ ឲ្យ​ទទួល​តំណែង​ជា​ប្រធានសភា​ពាណិជ្ជកម្ម​ខេត្តសៀមរាប​-​ឧ​ត្ត​រ​មានជ័យ អណ​ត្តិ​ទី​២។

លោក​ម៉ៅ ថូ​រ៉ា បាន​គូសបញ្ជាក់ថា សភាពាណិជ្ជកម្ម​ខេត្ត​-​រាជធានី មាន​តួនាទី​សំខាន់ ជា​តំណាង​ឲ្យ​ពាណិជ្ជករ ឧស្សាហករ សេវាករ និង​កសិករ លើ​ដំណោះស្រាយ​បញ្ហា​ផ្សេងៗ និង​ការពារ​ផលប្រយោជន៍​ឲ្យ​សមាជិក​របស់ខ្លួន ក្រោម​កិច្ចសហការ​ជាមួយ​រដ្ឋអំណាច​ខេត្ត និង​ពាំ​នាំយក​នូវ​ស្ថានភាព​នៃ​កិច្ចដំណើរការ​ធ្វើ​ពាណិជ្ជកម្ម ពី​ខាងក្រៅ ផ្សព្វផ្សាយ​ជូន​ដល់​សមាជិក​របស់ខ្លួន​ផងដែរ ហើយ​អ្វីដែល​ស្របតាម​នយោបាយ​អភិវឌ្ឍន៍​​​វិស័យ​ឯកជន​របស់​រាជរដ្ឋាភិបាល​កម្ពុជា​នាពេល​បច្ចុប្បន្ន​នេះ សភាពាណិជ្ជកម្ម​ខេត្ត​-​រាជធានី ក៏​ត្រូវបាន​បំពេញភារកិច្ច​ជា​ស្ថាប័ន​ជំនាញ​មួយ​ផងដែរ សម្របសម្រួល​ឲ្យ​វិស័យ​ឯកជន ដែល​ជា​សមាជិក​របស់​ខ្លួន បាន​ធ្វើ​ដំណើរ​ដោយ​រលូន ​លើ​ផ្លូវ​ទំនាក់ទំនង​ពាណិជ្ជកម្ម សេវាកម្ម ឧស្សាហកម្ម និង កសិកម្ម៕




សភា​ពាណិជ្ជកម្ម​ខេត្ត​សៀមរាប​-​ឧត្តរមានជ័យ​បោះឆ្នោត​ជ្រើសរើស​សមាជិក​ជ្រើសតាំង​ថ្មី

Post a Comment

0 Comments

Close Menu