ក្លិបបាល់ទាត់ភ្នំពេញក្រោន ដែលដឹកនាំដោយលោកគ្រូបង្វឹកជនជាតិស្វីសSam Schweingruber បានធ្វើដំណើរទៅកាន់ខេត្តចំនួន ៣ នៅភាគខាងលិចប្រទេសកម្ពុជា មានដូចជា សៀមរាប បន្ទាយមានជ័យ បាត់ដំបង និងក្រុងប៉ោយប៉ែត ដើម្បីជួបអ្នកគាំទ្រ និង ចែករំលែកបទពិសោធន៍នៅទីនោះ បន្ទាប់ពីលីកបាល់ទាត់មិត្តហ្វូនខេមបូឌានលីក ២០១៥ (Metfone Cambodian League 2015) សម្រាកមួយរយៈ។
យោងតាមទំព័រហ្វេសប៊ុកផ្លូវការរបស់ក្លិបជើងឯក ៥ សម័យកាលមួយនេះបានសរសេរថា ក្រុមរបស់ខ្លួនបានធ្វើដំណើរទៅដល់ខេត្តសៀមរាបតាមរថយន្តក្រុងនៅរសៀលថ្ងៃ អង្គារ ទី ១៧ ខែ សីហា ម្សិលមិញ ហើយទៅបញ្ចប់នៅខេត្តបាត់ដំបង មុនត្រឡប់មកភ្នំពេញវិញនៅចុងសប្ដាហ៍នេះ។
ទៅដល់ទីរួមខេត្តសៀមរាប របស់លោក Sam បានបើកបង្ហាត់របៀបលេងបាល់ទាត់ដល់អ្នកគាំទ្រនៅទីនោះ ព្រមទាំងមានការជួយសម្របសម្រួលពីយុវជនរបស់អង្គការ SALT Academy ផងដែរ។ នៅរសៀលថ្ងៃទី១៨ ខែសីហា ក្រុមភ្នំពេញប្រកួតនឹងប្រកួតជាមួយក្រុម Next Step FF នៅទីលានហ្វូតសាល Galaxy Goal ក្នុងខេត្តសៀមរាបវេលាម៉ោង៦ល្ងាច ក្រុមកីឡាករ និងថ្នាក់ដឹកនាំក៏នឹងចំណាយពេលខ្លះៗទៅទស្សនាប្រាសាទអង្គរវត្តផងដែរ។
ចូលដល់នៅថ្ងៃសុក្រ ទី ២១ ខែ សីហា ក្នុងលីកកម្ពុជា មួយនេះនឹងប្រកួតជាមួយ Kbal Spean FC នៅទីលាន 855Crown ក្នុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យវេលាម៉ោង៥ល្ងាច មុនចេញដំណើរទៅខេត្តបាត់ដំបង។ ថ្ងៃសៅរ៍ ទី២២ ភ្នំពេញក្រោនប៉ះក្រុម Star Light FC នៅទីលានវាលបែកចានខេត្តបាត់ដំបងវេលាម៉ោង៣:៣០នាទីរសៀល។ អ្នកគាំទ្រទាំងអស់បានអនុញ្ញតិឱ្យចូលទស្សនារាល់ការប្រកួតមិត្តភាពនេះដោយសេរី។
គិតត្រឹមសប្ដាហ៍ទី ១៤ នៃពានរង្វាន់បាល់ទាត់ MCL 2015 ដែលមានសមាជិកចំនួន ១២ ក្រុមក្លិបភ្នំពេញក្រោន ឈរកំពូលតារាងបណ្ដោះអាសន្ន មាន ៣៦ ពិន្ទុ ក្រោយប្រកួត ១១ លើកស្មើ ៣ និង មិនធ្លាប់ចាញ់សោះ។
ដំណើរទៅជួបអ្នកគាំទ្រតាមខេត្តនេះមិនមានវត្ថមានកីឡាករសំខាន់ៗចំនួន ៥ រូបដូចជា ប៊ីន ចន្ថាធារី, សុះស៊ូហាណា, សារី ម៉ាត់ណូរ៉ូទីន, កែវ សុខផេង និង ប្រធានក្រុម កុក បូរីស នោះទេ ព្រោះពួកជាប់ចូលហ្វឹកហាត់ក្នុងក្រុមជម្រើសជាតិកម្ពុជា ដើម្បីត្រៀមជម្រុះពានរង្វាន់បាល់ទាត់ពិភពលោក 2018 FIFA World Cup Russia ជាមួយក្រុមជម្រើសជាតិ ជប៉ុន និង ស៊ីរី នៅដើមខែកញ្ញា ខាងមុខ៕
ភ្នំពេញក្រោន ធ្វើដំណើរទៅភាគខាងលិចប្រទេសកម្ពុជា ក្នុងសប្ដាហ៍នេះដើម្បីជួបអ្នកគាំទ្រ
0 Comments