ក្រសួងសុខាភិបាលប្រទេសវៀតណាម បានរំលេចចេញនូវការជួយជ្រោមជ្រែងថ្មីមួយសម្រាប់សិទ្ធិរបស់មនុស្សផងទាំងពួង ដែលចង់ធ្វើការវះកាត់ប្ដូរភេទនៅក្នុងប្រទេសនេះ បន្ទាប់ពីក្រសួងបានជំរុញឲ្យរដ្ឋាភិបាលដើម្បីផ្ដល់នីត្យានុកូលកម្ម ដែលអាចនាំឲ្យការវះកាត់ប្ដូរភេទនោះស្របច្បាប់។
ក្រុមមន្ដ្រីសុខាភិបាលរបស់រដ្ឋក៏ចង់ឲ្យក្រមរដ្ឋប្បវេណីរបស់ប្រទេស ត្រូវបានធ្វើការកែប្រែផងដែរ ដែលក្នុងនោះរួមមាន និយតកម្មដែលអនុញ្ញាតឲ្យអ្នកធ្វើការវះកាត់ប្ដូរភេទ ងាយនឹងផ្លាស់ប្ដូរឈ្មោះ និងអត្ដសញ្ញាណនៃភេទ នៅក្នុងបញ្ជីកំណើត។
យ៉ាងហោចក៏នៅប្រទេសវៀតណាម មានពលរដ្ឋដល់ទៅ៦០០នាក់ ដែលស្ថិតក្នុងអន្ដរកម្ម ដែលកំពុងតែរង់ចាំដើម្បីបានធ្វើដូច្នេះ នេះបើតាមការឲ្យដឹងពីនាយកដ្ឋានគាំពារមាតា និងទារកនៃក្រសួងសុខាភិបាល។
លោក Nguyen Huy Quang នាយកនៃនាយកដ្ឋាននីតិកម្មនៃក្រសួងសាមីនោះ បាននិយាយថា មនុស្សផងទាំងឡាយដែលស្ថិតនៅការអនវុត្ដទៅតាមបែបបទនៃការវះកាត់ប្ដូរភេទនៅពេលនេះគឺ មិនស្របច្បាប់នៅឡើយទេ។
ប្រទេសវៀតណាម ធ្លាប់បានផ្ញើសាររួចហើយដែរ ពេលដែលផ្ដល់សិទ្ធិចំពោះមនុស្សស្រី មនុស្សប្រុសស្រឡាញ់ភេទដូចគ្នា អ្នកដែលនិយមរួមសិចទាំងពីរភេទ (រួមភេទជាមួយភេទដូចគ្នា និងភេទផ្ទុយគ្នា) ព្រមទាំងមនុស្សដែលធ្វើការវះកាត់ប្ដូរភេទ។
សម្រាប់មួយរយៈពេលកន្លងទៅ ប្រទេសនេះបានដកបម្រាមពិធីរៀបការភេទដូចគ្នាតាំងពីដើមឆ្នាំនេះមកម៉្លេះ។ ទោះជាយ៉ាងណាក្ដី រដ្ឋាភិបាលនៅពុំទាន់ទទួលស្គាល់តាមផ្លូវច្បាប់ចំពោះគូស្វាមីភរិយាដែលជាបុរសដូចគ្នានោះនៅឡើយទេ។
ដោយស្ថិតនៅក្រោមក្រឹត្យរបស់រដ្ឋាភិបាលមួយនៅឆ្នាំ២០០៨ ការវះកាត់ប្ដូរភេទនោះគឺស្ថិតនៅក្នុងការកម្រិតយ៉ាងខ្ជាប់ខ្ជួន ចំពោះតែមនុស្សផងទាំងពួង ដែលមានប្រដាប់ភេទពេញលក្ខណៈ និងចំពោះអ្នកដែលក្នុងពេលតែមួយមានប្រដាប់ភេទបុរស និងស្ដ្រី។ បែបបទយ៉ាងនេះអនុញ្ញាតតែចំពោះមន្ទីរពេទ្យមួយចំនួនប៉ុណ្ណោះ៕
Thanh Nien News
ក្រុមមន្ដ្រីសុខាភិបាលវៀតណាម ចង់ឲ្យការវះកាត់ប្ដូរភេទ ត្រូវបានទទួលនីត្យានុកូលកម្ម
0 Comments