Ad Code

យន្ដហោះ​​ឥណ្ឌូនេស៊ី ដែលធ្លាក់​នោះ រងការអន្ដរាយ​យ៉ាង​ធ្ងន់​ ដោយ​មិន​មានអ្នក​នៅរស់ទេ

យន្ដ​ហោះ​មួយ​គ្រឿង​ ដែល​ធ្លាក់​នៅឯ​ភាគ​​ខាង​កើត​ប្រទេស​ឥណ្ឌូនេស៊ី កាលពី២ថ្ងៃកន្លង​ទៅ​នោះ រង​ក្ដីអន្ដរាយ​ទាំង​ស្រុង​​ ហើយសពអ្នក​​​ដំណើរ​​​ទាំង​៥៤នាក់ ក៏ត្រូវ​បាន​រក​ឃើញ​ហើយ​ដែរ នេះ​ជាការ​លើកឡើង​ដោយ​ក្រុម​មន្ដ្រី​ បន្ទាប់​ពី​ក្រុមសង្គ្រោះ​នៅទីបញ្ចប់​បាន​រកឃើញ​​ទី​កន្លែង​ធ្លាក់​ដ៏ឆ្ងាយ​ដាច់ស្រយាល​កាលពីថ្ងៃ​អង្គារ។


រូបថត​នៅ​កន្លែង​ដែល​យន្ដហោះ​ធ្លាក់​នោះ​ បាន​បង្ហាញ​ឲ្យឃើញ​ថា ស្ថិត​នៅ​​ក្នុង​ព្រៃ​ដ៏ក្រាស់​ដែល​តាម​រូប​ភាព​រង​ការ​ឆាប​ឆេះ​ខ្លោច​ និង​កម្ទេច​កម្ទី។ យន្ដ​ហោះ​នោះ​ដឹកមនុស្ស​៥៤នាក់ គឺ​អ្នក​ដំណើរ​៤៩នាក់ និង​ក្រុម​នាវិក​៥នាក់។ អ្នក​នាំ​ពាក្យ​ខាង​ក្រសួង​ដឹកជញ្ជូន​ J.A-Barata បាន​និយាយ​ថា សព​៥៣នាក់​ ក្នុង​នោះ​មាន​ទាំង​កុមា​រម្នាក់​ផង ​ត្រូ​វបាន​រក​ឃើញ​នៅ​ឯ​កន្លែង​យន្ដ​​ហោះ​ធ្លាក់នោះ​តែម្ដង។


ទន្ទឹម​ពេល​ស្វែង​រក​អ្នក​នៅសល់​ពីស្លាប់ ក្រុម​ជំនួយ​សង្គ្រោះ​ក៏កំពុង​តែស្វែង​រក​ទិន្នន័យ​ថត​ការ​ហោះហើរ​នោះ គឺ​ប្រអប់​ខ្មៅ​ដែល​អាច​ជា​ពន្លឺ​បង្ហាញ​អំពី​អ្វីដែល​ជា​មូលហេតុ​បណ្ដាល​ឲ្យ​យន្ដ​ហោះ​កង្ហារ​ពីរ​មួយ​គ្រឿង​នេះ​ធ្លាក់។


នៅពុំ​ទាន់​មាន​ព័ត៌​មាន​ដែល​ត្រូវ​បាន​លើក​យក​មក​ផ្សាយ​ឲ្យ​ដឹង​ភ្លាម​នៅ​ឡើយ​នោះទេ អំពី​ប្រាក់​ដល់ទៅ​៦.៥​កោដិ rupiah ស្មើ​នឹង​៤៧០,០០០ដុល្លារ ដែល​ត្រូវ​បាន​ដឹក​ជញ្ជូន​តាម​យន្ដហោះ​ដែលធ្លាក់នោះនៅឡើយ​ទេ ដែល​ប្រាក់​ត្រូវបាន​ដឹក​ទៅចែក​ជូន​ដល់​ក្រុមគ្រួសារ​​ក្រីក្រ ដែល​ជា​មូលនិធិ​សង្គម​សម្រាប់​ជា​ជំនួយ​ប្រចាំជីវភាព​តែប៉ុណ្ណោះ។


ផ្សែង​អ័ព្ទ​ដ៏ក្រាស់​ឃ្មឹក​ ព្រមទាំង​ភ្លៀង​ធ្លាក់​យ៉ាង​ខ្លាំង​នោះហើយ ​ដែល​រារាំង​ដល់​ការ​ងារ​របស់បុគ្គលិក​សង្គ្រោះ​ចំនួន​២៥០នាក់ ព្រម​ទាំង​យន្ដ​ហោះ​១១​គ្រឿង​សម្រាប់​ការ​ស្វែង​រក​កម្ទេច​យន្ដហោះ​នោះកាលពី​ថ្ងៃចន្ទ ទើប​បាន​ជា​ពួកគេ​បង្ខំចិត្ដ​វិលត្រឡប់​ថយ​ក្រោយវិញ។


វិស័យ​អាកាសចរណ៍​នៅប្រទេស​ឥណ្ឌូ​នេស៊ី គឺជា​វិស័យ​ដឹកជញ្ជូនយ៉ាង​លឿន​ក៏​ពិត​មែន ប៉ុន្ដែ​​អាកាសចរណ៍​របស់ប្រទេស​នេះ​កំពុង​តែ​តស៊ូ​ក្នុង​ការ​​ស្វែង​រក​បុគ្គលិក​ដែល​ទទួល​បាន​កា​រហ្វឹក​ហ្វឺន​យ៉ាងល្អ ជាមួយ​នឹង​ការ​រីកចម្រើន​លូត​លាស់​​យ៉ាង​ឆាប់​រហ័ស​របស់ប្រទេស​ប្រជុំ​កោះ​មួយ​នេះ ដែល​មានសរុប​ទាំងអស់​ជាង​១៧,០០០​កោះ៕


AP/RT



យន្ដហោះ​​ឥណ្ឌូនេស៊ី ដែលធ្លាក់​នោះ រងការអន្ដរាយ​យ៉ាង​ធ្ងន់​ ដោយ​មិន​មានអ្នក​នៅរស់ទេ

Post a Comment

0 Comments

Close Menu