Ad Code

ប្រជាពលរដ្ឋ សូម​ឲ្យ​អាជ្ញាធរ​ស្រុក​អូររាំងឪ ពន្លឿន​ការ​ដោះស្រាយ​ដី​បច្ឆា​ទុក​បញ្ចុះ​សព​អ្នកភូមិ​​

ត្បូងឃ្មុំ ៖ នៅ​ព្រឹក​ថ្ងៃ​ទី​៦ ខែ​សីហា​ ឆ្នាំ​២០១៥​នេះ អាជ្ញាធរ​ស្រុក​អូររាំងឪ បាន​ចុះ​សម្របសម្រួល និង​ដោះស្រាយ​ដល់​ទីតាំង​ដី​ទុក​បញ្ចុះ​សាកសព​ខាងកើត​ភូមិ​ទំពាំង​បង្កង់ ស្ថិត​ក្នុង​ភូមិ​ទំពាំង​បង្កង់ ឃុំ​អំពិល​តា​ពក ស្រុក​អូររាំងឪ ខេត្ត​ត្បូងឃ្មុំ។ ដោយមាន​ការ​កាន់កាប់​ផ្ដាច់មុខ​មិន​ប្រក្រតី​ពី​សំណាក់​ប្រជាពលរដ្ឋ​ចំនួន​៥​គ្រួសារ ហើយ​ប្រជាពលរដ្ឋ​ក្នុង​ភូមិ​ទាំងមូល​ចំនួន​៩៤​គ្រួសារ ទាមទារ​យក​ដី​នោះ​មក​ទុកជា​សម្បត្តិ​រួម ដើម្បី​ទុក​បញ្ចុះ​សាកសព​អ្នកភូមិ​វិញ។​

ប្រជាពលរដ្ឋ​ភូមិ​ទំពាំង​បង្កង់​បាន​អះអាង​ថា ផ្ទៃដី​ទំហំ​២​ហិកតា និង​៩៨​អា ស្ថិត​ខាងលិច​ភូមិ​ជាទី​បច្ឆា​សម្រាប់​បញ្ចុះសព និង​មាន​ផ្នូរ​សព​ចំនួន​២៦​រួច​មក​ហើយ គិត​មុន​ឆ្នាំ​១៩៧៩​ក៏​មាន និង​រហូត​ដល់​ឆ្នាំ​១៩៨៩។ បន្ទាប់មក​ មាន​ប្រជាជន​៥​គ្រួសារ បាន​រំលោភ​កាន់កាប់​គាស់​រាន​ដី​បច្ឆា​ក្លាយ​ជា​ដីស្រែ​ស្ទើរ​ទាំង​អស់ ធ្វើ​ឲ្យ​បាត់បង់​ផ្នូរ និង​មួង​មួយ​ចំនួន ហើយ​ប្រជាជន​ប្រឈម​ជួប​ការ​លំបាក នៅ​ពេល​មាន​មនុស្ស​ស្លាប់​ម្តងៗ មិន​ដឹង​យក​ទៅ​បញ្ចុះ​នៅឯណា? កន្លងមក ​បើ​មាន​មនុស្ស​ស្លាប់ គឺ​បញ្ចុះ​នៅ​ក្នុង​ដី​ភូមិ​រៀងៗ​ខ្លួន​តែម្ដង។​

ប្រជាពលរដ្ឋ​ បាន​សំណូមពរ​ឲ្យ​ខាង​អាជ្ញាធរ​ស្រុក​ជួយ​ពន្លឿន​ការ​ដោះស្រាយ​ឲ្យ​បាន​ឆាប់ និង​សូម​បញ្ឈប់​រាល់​សកម្មភាព​បង្កបង្កើនផល​លើ​ដី​ទំនាស់​នេះ ដោយ​រង់ចាំ​លទ្ធផល​ដោះស្រាយ​សិន។​

លោក សុខ មករា អភិបាលរង​ស្រុក​បាន​បញ្ជាក់​ថា កន្លងមក​ខាង​អាជ្ញាធរ​បាន​ដោះស្រាយ ជា​បន្តបន្ទាប់ ក្នុង​នោះ​ឃើញ​ថា មាន​បងប្អូន​ចំនួន​២​គ្រួសារ​គាត់​យល់ ហើយ​បាន​ប្រគល់​ដី​ចំនួន​៣០​អា ក្នុងចំណោម​ផ្ទៃដី​២​ហិកតា និង​៩៨​អា មក​ដាក់​ជា​សម្បត្តិ​រួម​វិញ បើ​បងប្អូន​យក​សព​មក​បញ្ចុះ​ត្រូវ​បញ្ចុះ​លើ​ផ្ទៃដី​៣០​អានោះ​ទៅ​រង់ចាំ​ស្រុក​ដោះស្រាយ​សិន។

លោក យិន ពៅ ប្រធាន​ការិយាល័យ​ភូមិបាល​ស្រុក​ក៏បាន​បញ្ជាក់​ដែរ​ថា ប្រជាពលរដ្ឋ​ដែល​បាន​កាន់កាប់​ដី​នោះ ពិត​ជា​មាន​ឯកសារ​ចុងសន្លឹក​ពិតប្រាកដ​មែន តែ​ចុងសន្លឹក​ទាំងនោះ​មាន​កែ​លុប ដោយ​ពួកគាត់​មានការ​កាប់​រាន​យក​ដី​បន្ថែម។ រង់ចាំ​យើង​ឆែក​ឯកសារ​ផ្ទៀងផ្ទាត់​នោះ ​ទើប​ច្បាស់​ជាង។​

ចាស់ទុំ​ក្នុងស្រុក​ក៏បាន​បញ្ជាក់​ដែរ​ថា ដី​នោះ​ពិតជា​ទី​បច្ឆា​បញ្ចុះ​សាកសព​ពិតប្រាកដ​មែន ពី​មុន​សុទ្ធ​តែ​ព្រៃ ក្រោយមក​មានការ​កាប់​រាន​វាទ​យក​ដី​នោះ​ធ្វើជា​កម្មសិទ្ធិ​មែន៕
Pisey-2015-08-06-full-O

Pisey-2015-08-06-full-O1

Pisey-2015-08-06-full-O5


ប្រជាពលរដ្ឋ សូម​ឲ្យ​អាជ្ញាធរ​ស្រុក​អូររាំងឪ ពន្លឿន​ការ​ដោះស្រាយ​ដី​បច្ឆា​ទុក​បញ្ចុះ​សព​អ្នកភូមិ​​

Post a Comment

0 Comments

Close Menu