Ad Code

ពូជ​ពោតក្រហម​៣៥៩​ការុង ជា​ជំនួយ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ផ្តល់​ជូន​ប្រជាពលរដ្ឋ​ក្រីក្រ​ក្នុង​ខេត្ត តាមរយៈ​មន្ទីរ​កសិកម្ម​ខេត្ត​ប៉ៃលិន​

ប៉ៃលិន ៖ ដោយមាន​ការ​យក​ចិត្ត​ទុកដាក់​ពី​រាជរដ្ឋាភិបាល​កម្ពុជា និង​ដើម្បី​កាត់បន្ថយ​ភាព​ក្រីក្រ​របស់​ប្រជាពលរដ្ឋ គេ​សង្កេត​ឃើញ​ថា​ នៅ​ពេល​ថ្មីៗ​នេះ មន្ទីរ​កសិកម្ម​ខេត្ត បាន​ធ្វើ​ការ​ចែក​ជូន​គ្រាប់​ពូជ​ពោតក្រហម​ចំនួន​៣៥៩​ការុង​ដល់​ប្រជាពលរដ្ឋ​ក្រីក្រ​ចំនួន​៣៥៩​គ្រួសារ មកពី​ឃុំ/សង្កាត់​ទាំង​៨ ក្នុង​ខេត្ត ដែល​ជា​អំណោយ​របស់​រាជរដ្ឋាភិបាល តាមរយៈ​មន្ទីរ​កសិកម្ម​ខេត្ត​ប៉ៃលិន។ ពិធី​ចែក​ពូជ​ពោត​ក្រហម​នេះ ត្រូវ​បាន​ធ្វើឡើង​នៅ​ស្រុក​សាលា​ក្រៅ និង​ក្នុង​មន្ទីរ​កសិកម្ម​ខេត្ត​ប៉ៃលិន ស្ថិត​ក្នុង​ក្រុង​ប៉ៃលិន ខេត្ត​ប៉ៃលិន ក្រោម​អធិបតីភាព​លោក អៀង វុ​ធ អភិបាលរង​ខេត្ត​ប៉ៃលិន​, លោក សេង វ​ន្តា អភិបាលរង​ក្រុងប៉ៃលិន​, លោក សាយ សុផាត ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត​ប៉ៃលិន ព្រមទាំង​មានការ​ចូលរួម​មន្ត្រី​ជំនាញៗ នៃ​មន្ទីរ​កសិកម្ម​ផង​ដែរ។

លោក សាយ សុផាត ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត​ប៉ៃលិន​បាន​ឲ្យ​ដឹង​ថា ការ​ផ្តល់​ពូជ​ពោត​ក្រហម​ជូន​ដល់​ប្រជាពលរដ្ឋ​នា​ពេល​នេះ គឺជា​គម្រោង​របស់​រាជរដ្ឋាភិបាល សម្រាប់​ជួយ​ដល់​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយ​ភាព​រាង​ស្ងួត​នា​ពេល​កន្លងមក។

លោក​បាន​បន្ត​ថា ពូជ​ពោត​ដែល​យក​មក​ចែក​ជូន​នា​ពេល​នេះ មាន​ចំនួន​តិចតួច មិន​គ្រប់​តាម​តម្រូវ​ការ​ដាំដុះ​របស់​ប្រជាពលរដ្ឋ​យើង​ទេ ហើយ​ម្យ៉ាងទៀត​គ្រាប់​ពូជ​ទាំងនេះ ចែក​មិនបាន​គ្រប់​ដល់​ប្រជាពលរដ្ឋ​ទាំងអស់​ទេ ព្រោះ​មាន​ប្រជាពលរដ្ឋ​ច្រើន​ណាស់​ដែល​រងគ្រោះ​ដោយ​ភាព​រាំង​ស្ងួត តែ​ទោះជា​យ៉ាងណាក៏ដោយ គ្រាប់​ពូជ​ទាំងនេះ​ក៏​អាច​ជួយ​សម្រួលការ​លំបាក​របស់​ប្រជាពលរដ្ឋ​យើង​បាន​ខ្លះៗ​ផង​ដែរ។​

លោក អៀង វុ​ធ អភិបាលរង​ខេត្ត​ប៉ៃលិន​បាន​មានប្រសាសន៍ថា បច្ចុប្បន្ន​នេះ អាកាសធាតុ​ទូទាំង​ពិភពលោក​មានការ​ប្រែប្រួល​ខុស​ពីមុន​ច្រើន​ណាស់ និង​បាន​បង្ក​គ្រោះថ្នាក់​ច្រើន​ដល់​អាយុ​ជីវិត​ប្រជាពលរដ្ឋ​ដំណាំ​កសិកម្ម​ជាច្រើន​ទៀត។ ដូច្នេះ​ប្រជាពលរដ្ឋ​យើង​ត្រូវតែ​ចេះ​សម្របសម្រួល​ខ្លួន​ទៅ​នឹង​ធម្មជាតិ និង​ចេះ​កែច្នៃ​រក​ផលប្រយោជន៍​ឲ្យ​ស្រប​ទៅ​នឹង​ធម្មជាតិ។ ឧទាហរណ៍​ កាលពី​បី បួន​ឆ្នាំមុន នៅ​អំឡុង​ខែ​មីនា ឬ​មេសា ប្រជាពលរដ្ឋ​ចាប់ផ្ដើម​ដាំ​ដំណាំ​របស់​ខ្លួន ដោយមាន​ទឹកភ្លៀង​គ្រប់គ្រាន់ តែ​មកដល់​ពេល​បច្ចុប្បន្ន​នេះ ប្រជាពលរដ្ឋ​មិន​អាច​ដាំ​ដំណាំ​នៅ​ក្នុង​អំឡុង​ខែ​ទាំងនេះ​បាន​ទេ។ ម្យ៉ាងទៀត​កម្ពស់​ទឹកភ្លៀង​មាន​ចំនួន​តិច ដូច្នេះ​ប្រជាកសិករ​ក៏​ត្រូវ​ដាំ​ដំណាំ​ណា​ដែល​ត្រូវការ​ទឹក​តិច ឬ​ប្រើប្រាស់​ពូជ​ណា​ដែល​ធន​នឹង​ភាព​រាំង​ស្ងួត ឬ​ពូជ​ណា​ដែល​ធន់​នឹង​ភាព​ជាំ​ទឹក អាស្រ័យ​ទៅ​នឹង​ស្ថានភាព​ដី​របស់​ខ្លួន។

លោក​បាន​បន្ត​ថា នៅ​ពេល​ខាងមុខនេះ យើង​មាន​ក្រុមហ៊ុន​កែច្នៃ​កសិផល​នៅ​ក្នុង​ខេត្ត​ប៉ៃលិន ដូចជា​រោងចក្រ​ផលិត​ចំណី​សត្វ​របស់​ក្រុមហ៊ុន CP នៅ​ភូមិ​អូរ​អឹ​ល និង​រោងចក្រ​កែច្នៃ​ដំឡូង​មី​របស់​ក្រុមហ៊ុន​ចិន​នៅ​ព្រំប្រទល់​ខេត្ត​ប៉ៃលិន បាត់ដំបង​ជាដើម ដែល​ក្រុមហ៊ុន​ទាំងនេះ ត្រូវការ​កសិផល​របស់​ប្រជាកសិករ​យើង​យ៉ាង​ច្រើន។

លោក​បាន​បន្ត​ទៀត​ថា ប្រជាកសិករ​យើង​ទាំងអស់​ ត្រូវ​ចងក្រង​គ្នា​ជា​សហគមន៍​កសិកម្ម និង​រួមគ្នា​ដាំ​ដំណាំ​អ្វីមួយ​ដែល​ជា​តម្រូវការ​របស់​ក្រុមហ៊ុន ដើម្បី​លក់​ឲ្យ​ក្រុមហ៊ុន​នោះ ធ្វើ​ដូចនេះ​យើង​ក៏​មាន​លទ្ធភាព​ចរចា​តម្លៃ​ជាមួយ​ក្រុមហ៊ុន ដែល​ធានា​បាន​នូវ​តម្លៃ​មួយ​ដែល​សមរម្យ​ ប្រជាពលរដ្ឋ​យើង​អាច​ទទួល​យក​បាន ហើយ​យើង​ក៏​មាន​និរន្តរភាព​លើ​ទីផ្សារ​លក់​កសិផល​របស់​យើង​ផង​ដែរ។ លោក អៀង វុ​ធ​ ក៏បាន​ណែនាំ ​សូម​ឲ្យ​ប្រជាពលរដ្ឋ​យើង​ចាប់អារម្មណ៍ និង​យកចិត្តទុកដាក់​លើ​ការ​ចិញ្ចឹម​សត្វ​ផង​ដែរ ដូចជា​សត្វ​គោ​ជាដើម ដោយសារ​ខេត្ត​ប៉ៃលិន​សំបូរ​ស្មៅ​សម្រាប់​គោ​ស៊ី​ផង​ដែរ៕

Pisey-2015-08-06-full-X1

Pisey-2015-08-06-full-X5
Pisey-2015-08-06-full-X
Pisey-2015-08-06-full-X4


Pisey-2015-08-06-full-X7 Pisey-2015-08-06-full-X8 Pisey-2015-08-06-full-X9

ពូជ​ពោតក្រហម​៣៥៩​ការុង ជា​ជំនួយ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ផ្តល់​ជូន​ប្រជាពលរដ្ឋ​ក្រីក្រ​ក្នុង​ខេត្ត តាមរយៈ​មន្ទីរ​កសិកម្ម​ខេត្ត​ប៉ៃលិន​

Post a Comment

0 Comments

Close Menu