កំពង់ឆ្នាំង ៖ ប្រភពព័ត៌មានមួយបានបង្ហើបឲ្យដឹងថា បច្ចុប្បន្ននេះប្រជាពលរដ្ឋក្នុងខេត្តកំពង់ឆ្នាំងដែលបានដាក់ទុនរកស៊ីជាមួយអង្គការយកប្រាក់ពីប្រជាពលរដ្ឋហើយបានឲ្យការប្រាក់១០០ដុល្លារក្នុង១ខែ ក្នុងចំនួនទឹកប្រាក់ដើម១០០០ដុល្លារនោះ កំពុងតែមានការខ្វាយខ្វល់ ជ្រួញចិញ្ចើម ជ្រួលច្របល់ដោយសារតែខាង អង្គការមូលនិធិអភិវឌ្ឍន៍អាស៊ីអាគ្នេយ៍ ហៅកាត់AIF មិនបានបើកប្រាក់កំរៃសេវាប្រចាំខែរបស់ខ្លួន អស់រយៈពេលជាង២ខែមកហើយ គិតមកដល់ពេលនេះ។
សូមរំលឹកផងដែរថា កន្លងមកក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងគណៈកម្មការមូលបត្រកម្ពុជា បានចេញសេចក្តីជូនដំណឹងដល់សាធារណជន ឲ្យមានការប្រុងប្រយ័ត្ន ក្នុងការដាក់ប្រាក់សន្សំ ឬ ប្រាក់វិនិយោគ នៅក្នុងគំរោងវិនិយោគរបស់ក្រុមហ៊ុន EBC ដែលបានធ្វើឡើងតាមរយៈអង្គការ AIF និងសមាគម ICA ឬតាមរយៈបណ្តាញតៗគ្នាដែលជាសកម្មភាពខុសច្បាប់ទាំងនេះ។ អង្គការ AIF រកស៊ីអោយប្រជាពលរដ្ឋធ្វើការវិនិយោគ ដាក់ប្រាក់១០០០ដុល្លារបានការប្រាក់១០០ក្នុង១ខែ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ប្រកាសឲ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នផងដែរ។
ប្រសិនបើមានករណីអវិជ្ជមានកើតឡើងដូចខាងលើនេះមែននោះ ប្រជាពលរដ្ឋដែលបានរកស៊ីដាក់ទុនជាមួយអង្គការមូលនិធិអភិវឌ្ឍន៏អាស៊ីអាគ្នេយ៍ ហៅកាត់AIFដែលមានបណ្តាញមេខ្យល់នៅខេត្តកំពង់ឆ្នាំងពិតជាជួបការលំបាក វេទនាជាមិនខានឡើយ ព្រោះតាមប្រភពបានអោយដឹងថា ប្រជាពលរដ្ឋភាគច្រើនដែលបានដាក់ទុននិងអង្គការ AIF នេះសុទ្ធតែបានយកប្លង់ដី ប្លង់ផ្ទះ និងដីស្រែ យកទៅដាក់តម្កល់ ធនាគារ ឬគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អ្នកចងការប្រាក់ឯកជន ដើម្បីយកលុយទាំងនោះ ទៅដាក់យកការប្រាក់បានច្រើនពីអង្គការAIF។
យោងតាមប្រភពមួយចំនួនផ្សេងទៀតបានអោយដឹងថា មេខ្យល់ខាងអង្គការ AIF បានប្រាប់ពួកគាត់ឲ្យរង់ចាំនៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៥ ខាងមុខនេះ៕
ពលរដ្ឋខេត្តកំពង់ឆ្នាំងដែលរកស៊ីវិនិយោគជាមួយ អង្គការAIF ជ្រួលច្របល់ដោយអង្គការ អត់បើកលុយឲ្យជាង២ខែ
0 Comments