ភ្នំពេញ ៖ មន្ទីរពេទ្យគន្ឋបុប្ឆាដែលជាមន្ទីរពេទ្យដ៏ធំមួយនៅក្នុងប្រទេសកម្ពុជាក្នុងការផ្តល់សេវាព្យាបាលដោយឥតគិតថ្លៃជួនដល់កុមារនោះបានទទួលថវិកា២លានដុល្លារបន្ថែមទៀតពី រាជរដ្ឋាភិបាល កម្ពុជាដែល ធ្វើឲ្យធ្វើឲ្យកញ្ចប់ថវិការបស់រាជរដ្ឋាភិបាលជួយដល់មន្ទីរពេទ្យមួយនេះបានកើនដល់ ៥,២លានដុល្លារអាមេរិកក្នុងមួយឆ្នាំ។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុចុះថ្ងៃទី២កញ្ញាបានឲ្យដឹងថា ការប្រកាសផ្តល់កញ្ចប់ថវិកា២លានដុល្លាដល់មន្ទីរពេទ្យគន្ធបុប្ផានេះ ត្រូវបានប្រកាស នៅព្រឹកថ្ងៃទី០២ ខែកញ្ញានេះ ដោយ លោកអូន ព័ន្ធមុនីរ័ត្នរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុតំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោហ៊ុនសែន ក្នុងឱកាសដែលលោកអញ្ជើញ ចូលរួមសំណេះសំណាលជាមួយស្ថាបនិក និងជាប្រធានមូលនិធិគន្ធបុប្ផា លោកវេជ្ជបណ្ឌិត Beat Richner និងក្រុមគ្រូពេទ្យនៅមន្ទីរពេទ្យគន្ធបុប្ផាក៏ដូចជាពិនិត្យមើលអំពីស្ថានភាពការផ្តល់សេវាសុខាភិបាលនិង ថែទាំសុខភាពព្រមទាំងកិច្ចដំណើរការនិងការគ្រប់គ្រងមន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញដែលជាមន្ទីរពេទ្យដ៏សំខាន់មួយក្នុងការផ្តល់សេវាសុខភាពពិសេសដល់កុមារកម្ពុជាប្រកបដោយស្តង់ដារគំរូខ្ពស់នៅប្រទេសកម្ពុជា។
នៅក្នុងឱកាសនោះលោករដ្ឋមន្ត្រីបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកលោក វេជ្ជបណ្ឌិត Beat Richnerដែលបានបរិច្ចាគកំលាំងការចិត្តក្នុងការប្រមូលមូលនិធិកសាងនិងគ្រប់គ្រងមន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញនិងមន្ទីរពេទ្យជ័យវរ្ម័នទី៧ខេត្តសៀមរាបក្នុងរយៈពេល២៣ឆ្នាំកន្លងមកនេះព្រមទាំងថ្លែងអំណរគុណនឹងកោតសរសើរដល់លោកគ្រូអ្នកគ្រូពេទ្យនិងបុគ្គលិកនៃមន្ទីរពេទ្យគន្ធបុប្ផាទាំងអស់ដែលបានខិតខំប្រឹងប្រែងបំពេញភារកិច្ចប្រកបដោយការទទួលខុសត្រូវនិងវិជ្ជាជីវៈខ្ពស់។
លោករដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច បានមានប្រសាសន៍ថា “បើនិយាយពីវិភាគទាន របស់រាជរដ្ឋាភិបាលផ្តល់ ដល់មន្ទីរពេទ្យគន្ធបុប្ផាមកដល់ពេលនេះ គឺមានប្រហែលជាង៦,៥លានដុល្លារ ដែលយើងចាយទៅលើការវិភាគទានដល់ប្រាក់ បៀវត្សរ៍មន្ត្រីវិភាគទានទៅដល់កិច្ចដំណើរការរបស់មន្ទីរពេទ្យ វិភាគទានទៅលើថ្លៃទឹក និងថ្លៃភ្លើង។
បើតាមការបញ្ជាក់របស់លោកវេជ្ជបណ្ឌិត Beat Richner បានឲ្យដឹងថា មន្ទីរពេទ្យគន្ធបុប្ផា បានចំណាយថវិកាសម្រាប់ការព្យាបាលកុមារកម្ពុជា ដោយឥតគិតថ្លៃចំនួនប្រមាណពី៤២ ទៅ៤៣លានដុល្លារអាម៉េរិក ដោយការចំណាយនេះស្មើនឹង ២០ ភាគរយ នៃថវិកាជាតិ ទៅលើវិស័យសុខាភិបាលក្នុងមួយឆ្នាំៗ។ រហូតដល់ពេលបច្ចុប្បន្ននេះមន្ទីរពេទ្យគន្ធបុប្ផា បានជួយព្យាបាលកុមារកម្ពុជាបាន១៤,៥លាននាក់មកហើយ។
លោកអូន ព័ន្ធមុនីរ័ត្ន បានឲ្យដឹងទៀតថា រាជរដ្ឋាភិបាល បានផ្តោតការយកចិត្តទុកដាក់ខ្លាំងផងដែរ ក្នុងការពង្រឹងវិស័យសុខាភិបាលនៅកម្ពុជា ដោយបានដាក់នូវគោលដៅអាទិភាពចំនួន៣សម្រាប់ពង្រឹងវិស័យមួយនេះ។ ចំណុចអាទិភាពទាំង ៣នោះរួមមាន ១-បង្កើនទំហំថវិកាសម្រាប់វិស័យសុខាភិបាល ទី២បង្កើនប្រសិទ្ធភាពនៃការវិភាជន៍ឲ្យចំគោលដៅ និងមុខចំណាយ និងទី៣បង្កើនប្រសិទ្ធភាពក្នុងផ្នែកប្រតិបត្តិការឲ្យទទួលលទ្ធផល ស្របតាមទំហំ នៃថវិកាចំណាយ។
ដើម្បីទ្រទ្រង់ចិរភាពនៃប្រតិបត្តិការរបស់មន្ទីរពេទ្យនិងដោយមានការគាំទ្រពីសំណាក់សម្តេចនាយករដ្ឋមន្ត្រីលោករដ្ឋមន្ត្រីបានបញ្ជាក់ថា សំរាប់ឆ្នាំ២០១៥នេះរាជរដ្ឋាភិបាលនឹងបង្កើនថវិកាវិភាគទានជាសាច់ប្រាក់ចំនួន២លានដុល្លាអាមេរិកបន្ថែមពីលើវិភាគទានជាសាច់ប្រាក់៣,២លានដុល្លាអាមេរិកដែលបានសម្រេចផ្តល់ជួនមន្ទីរពេទ្យរួចមកហើយហើយរាជរដ្ឋាភិបាលនឹងបង្កើនការផ្តល់វិភាគទាននេះឲ្យដល់៦លានដុល្លាអាមេរិកនៅឆ្នាំ២០១៦ខាងមុខ។
លោក អូន ព័ន្ធមុនីរ័ត្នបន្ថែមថា ក្រៅពីនេះ រាជរដ្ឋាភិបាលកម្ពុជា ក៏នឹងបន្តជួយកៀងគរនូវជំនួយសប្បុរសនានាបន្ថែមទៀត ដើម្បីទ្រទ្រង់ដល់ដំណើរការរបស់មន្ទីរពេទ្យគន្ធបុប្ផា ក្នុងនោះជារៀងរាល់ឆ្នាំតាមរយៈមូលនិធិទូរទស្សន៍បាយន្តលោក រដ្ឋមន្ត្រីក៏បានផ្តល់ថវិកា ១ម៉ឺនដុល្លារ សម្រាប់មន្ទីរពេទ្យនេះផងដែរ៕
មន្ទីរពេទ្យគន្ឋបុប្ឆា ទទួលបានថវិកា២លានដុល្លាបន្ថែមពីរដ្ឋាភិបាលកម្ពុជា
0 Comments