កោះកុង ៖ សមត្ថកិច្ចខេត្តកោះកុង ដឹកនាំដោយលោក គង់ យ៉ាន ស្នងការស្ដីទី ក្រោមបញ្ជារបស់លោក ប៊ូ ប៊ុនហាង ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកោះកុង កាលពីព្រឹកមិញនេះបានឃាត់ខ្លួនសកម្មជន និងក្រុមអ្នកឃ្លាំមើលសិទ្ធិមនុស្ស ព្រមទាំងអ្នកកាសែតម្នាក់ផងប្រមាណ១៧នាក់ យកទៅសាកសួរនៅអធិការនគរបាលពាក់ព័ន្ធនឹងប្រតិបត្តិការចុះបំបែកក្រុមអ្នកតវ៉ានៅខាងមុខតុលាការខេត្ត។
មនុស្សដែលត្រូវនាំខ្លួនយកទៅនោះត្រូវគេបញ្ជាក់ថា មានលោក អ៊ិន គង់ជិត អ្នកសម្របសម្រួលអង្គការសិទ្ធិមនុស្សលីកាដូ, លោក ញៀប សំអឿន អ្នកសម្របសម្រួលអង្គការអាដហុក ព្រមទាំងសកម្មជន និងសមាជិកអង្គការ រួមទាំងអ្នកកាសែតខ្មែរប៉ុស្តិ៍ម្នាក់ផង។
បើតាមលោក អ៊ិន គង់ជិត ថ្លែងតាមទូរស័ព្ទពីស្នងការនគរបាលខេត្តកោះកុងមកថា ខណៈដែលរូបលោក និងក្រុមអ្នកការពារសិទ្ធិមនុស្សមួយចំនួនទៀតកំពុងឃ្លាំមើលខ្លាចមានការប៉ះទង្គិចគ្នា រវាងក្រុមអ្នកតវ៉ារឿងដីធ្លីមកពីឃុំជីខក្រោម និងក្រុមមួយទៀតដែលបង្កើតឡើងដោយអាជ្ញាធរក្រុងដើម្បីប្រឆាំងគ្នានោះ ក៏មានការព័ត៌មាន និងចាប់ខ្លួនពួកលោកមកកាន់ស្នងការនគរបាលខេត្តតែម្ដង។
លោក គង់ ជិត បន្តថា តាមពិតនៅព្រឹកមិញនេះ ក្រុមអ្នកតវ៉ាដែលធ្វើឡើងរយៈពេលប៉ុន្មានថ្ងៃមកនេះ ដើម្បីឲ្យមានការដោះលែងសកម្មជនមាតាធម្មជាតិ៣នាក់នោះ បម្រុងនឹងរំសាយនៅរសៀលនេះទៅហើយ ប៉ុន្តែនៅព្រឹកមិញ ក៏មានក្រុមប្រជាពលរដ្ឋមកពីឃុំជីខក្រោម មកធ្វើការតវ៉ានៅខាងមុខតុលាការ ប៉ុន្តែពេលនោះក៏មានក្រុមអ្នកតវ៉ាមួយក្រុមទៀតមានគ្នាប្រមាណ១០០នាក់ មកតវ៉ាដោយប្រឆាំងនឹងក្រុមប្រជាពលរដ្ឋមកពីឃុំជីខក្រោមនោះ ដោយពួកគេមានគម្លាតពីគ្នាចម្ងាយប្រមាណ៣៥ម៉ែត្រពីគ្នាប៉ុណ្ណោះ។
ដោយខ្លាចមានការប៉ះទង្គិចគ្នា លោក រួមជាមួយសកម្មជនសិទ្ធិមនុស្សមួយចំនួនទៀតបានស្នើសុំអាជ្ញាធរឲ្យជួយអន្តរាគមន៍ ហើយក្រុមអ្នកតវ៉ាមកពីឃុំជីខក្រោមប្រមាណ៣០នាក់ បានដកថយពីការតវ៉ានៅខាងមុខតុលាការ មកប្រមូលផ្តុំគ្នានៅតារាងបាល់ទាត់វិញ ដែលពេលនោះហើយ ក៏មានសមត្ថកិច្ចបានចុះទៅដល់ និងព័ទ្ធចាប់ពួកលោកទាំង១៧នាក់ដាក់រថយន្តបញ្ជូនមកស្នងការនគរបាលខេត្តកោះកុងតែម្ដង មុននឹងសមត្ថកិច្ចបើកប្រតិបត្តិការបំបែកក្រុមអ្នកតវ៉ា។
យើងមិនអាចទាក់ទងសុំការបំភ្លឺពីលោក ប៊ូ ប៊ុនហាង ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកោះកុងដើម្បីធ្វើការបំភ្លឺពីការចាប់ខ្លួនសកម្មជនសិទ្ធិមនុស្សទាំងនោះបានទេនៅរសៀលថ្ងៃនេះ។
ទោះជាយ៉ាងណាក៏ដោយ បើតាមការប្រកាសរបស់ក្រុមអង្គការសង្គមស៊ីវិលនៅរសៀលនេះ អង្គការសិទ្ធិមនុស្សអាដហុក និងលីកាដូ គ្រោងនឹងធ្វើសន្និសីទកាសែតរួមគ្នាអំពីករណីចាប់ខ្លួននេះ៕
ចុះបំបែកក្រុមអ្នកតវ៉ាមុខតុលាការកោះកុង ចាប់សកម្មជនសិទ្ធិមនុស្ស និងអ្នកកាសែតជិត២០នាក់យកទៅសាកសួរ
0 Comments