Ad Code

សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ទទួល​សញ្ញាបត្រ​បណ្ឌិត​កិត្តិយស « ភាពជា​អ្នកដឹកនាំ​ឆ្នើម »

ភ្នំពេញ ៖ ឆ្លើយតប ចំពោះ​ការ​ព្យាយាម​ក្នុងការ​ប្រែក្លាយ​ប្រទេស​កម្ពុជា ពី​ប្រទេស​មួយ​ដែល​មាន​សង្គ្រាមរ៉ាំរ៉ៃ មកកាន់​សន្តិភាព និង​ឈាន​ឆ្ពោះ​មកកាន់​ការអភិវឌ្ឍន៍​នោះ សាកលវិទ្យាល័យ លីម​កុក​វី​ង ( Lim Kokwing )​នៃ​ប្រទេស​ម៉ាឡេស៊ី បាន​ធ្វើ​ការ​ផ្ដល់ នូវ​សញ្ញាបត្រ​បណ្ឌិត​កិត្តិយស «ភាពជា​អ្នកដឹកនាំ​ឆ្នើម​» ជូន​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា។


ពិធី​ប្រគល់​សញ្ញាបត្រ​នេះ​ត្រូវ​បាន​ធ្វើឡើង នា​ព្រឹក​ថ្ងៃទី ៩ ខែកញ្ញា​ឆ្នាំ ២០១៥ នៅ​វិមាន​សន្តិភាព ដោយមាន​ការ​អញ្ជើញ​ចូលរួម​ពី​សំណាក់​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ព្រមទាំង​ឯកឧត្ដម​លោកជំទាវ ជា​ឧបនាយករដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី សមាជិក​សមាជិកា​រាជរដ្ឋាភិបាល មន្ត្រី​អ្នក​មុខ​អ្នក​ការ​និង​ក្រុម​គ្រួសារ​របស់​សម្ដេច​ផងដែរ។


ឯកឧត្ដម Raymond Krill សាស្ត្រាចារ្យ នៃ​សាកលវិទ្យាល័យ​លីម​កុក​វី​ង​បាន​ថ្លែង​អំពី​ស្នាដៃ​របស់​សម្ដេច​ថា សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ បាន​ធ្វើជា​រដ្ឋមន្ត្រីក្រសួង​ការបរទេស នៅ​ពេល​ដែល​សម្ដេច​មាន​អាយុ ២៧ ឆ្នាំ ហើយ​អាយុ ៣៣​ឆ្នាំ សម្ដេច​បាន​ក្លាយ​ជា​នាយករដ្ឋមន្ត្រី​វ័យក្មេង​ជាងគេ​លោក​ដាប់​ពិភពលោក នៅ​ឆ្នាំ​១៩៨៥​។ បច្ចុប្បន្ន​នេះ សម្ដេច​អគ្គមហាសេនាបតី មាន​អាយុ ៦៣​ឆ្នាំ​ដែល​ជា​នាយករដ្ឋមន្ត្រី​មាន​ស្នាដៃ​ឆ្នើម ហើយ​ការគ្រប់គ្រង​របស់​សម្ដេច​តេ​ជោ​ត្រូវ​បាន​ទទួលស្គាល់​ជា​អ្នកដឹកនាំ​ដែល​មាន​គោលនយោបាយ​យូរអង្វែង​នៅ​លើ​ពិភពលោក​។ ក្នុង​រយៈពេល​៣០​ឆ្នាំ ក្រោម​ការដឹកនាំ​របស់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ បាន​កសាង​សន្តិភាព​និង ស្ថេរភាព​ពេញលេញ​ជូន​ប្រទេសជាតិ​។ លើសពី​នេះ​ទៅ​ទៀត សម្ដេច​តេ​ជោ សម្រេច​បាន​ស្នាដៃ​ដ៏​សំខាន់​បំផុត ក្នុង​សកម្មភាព​កាត់បន្ថយ​ភាព​ក្រីក្រ អភិវឌ្ឍន៍​វិស័យ​សុខាភិបាល​និង ពង្រីក​វិសាលភាព​នៃ​វិស័យ​អប់រំ សម្រាប់​ប្រជាជន​កម្ពុជា​ទូទាំង​ប្រទេស​និង ជា​នាយករដ្ឋមន្ត្រី​សម្រេច​បាន​នូវ​ការផ្លាស់ប្ដូរ និង​ភាព​ជោគជ័យ​ក្នុង​ការ​អភិវឌ្ឍន៍​សម្រាប់​ប្រទេស​កម្ពុជា​។ ប្រទេសជាតិ​ទាំងមូល​ដែល​ជា​កន្លែង​ពោរពេញ​ដោយ​ឧបសគ្គ ក្លាយជា​ទីកន្លែង​ដែល​ពោរពេញ​ដោយ​ក្ដីសង្ឃឹម និង ការអភិវឌ្ឍន៍ ក្រោម​ការដឹកនាំ​ដ៏​ឈ្លាសវៃ​របស់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ក្នុង​នោះ​បាន​ផ្សះផ្សា​ប្រជាជន​កម្ពុជា​ពី​ផ្នត់គំនិត​ដ៏​តូច​ចង្អៀត​នៃ​ជាតិនិយម ឲ្យ​ក្លាយ​ទៅជា​ការ​សាមគ្គី​រួបរួម​ជាតិ​ជា​ធ្លុង​មួយ និង បាន​ធ្វើ​ឲ្យ​កម្ពុជា​ប្រែ​ក្លាយ​ជា​ប្រទេស​មួយ​ដែល​មាន​សក្ដានុពល និង​ភាព​រស់​រវើក​ក្នុង​តំបន់​អាស៊ី​។


លោក​បន្ត​ថា ភាពជា​អ្នកដឹកនាំ​ល្អ​ប្រសើរ និង ពោរពេញ​ដោយ​ចក្ខុវិស័យ​របស់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ គឺជា​និមិត្តរូប​តំណាង​ឲ្យ​សុខសន្តិភាព​ស្ថិរភាព និង ទំនើបកម្ម​នៃ​ប្រទេស​កម្ពុជា ដែល​បច្ចុប្បន្ន​នេះ​ប្រៀប​បាន​នឹង​មេដែក​មួយ​ដែល​ទាក់ទាញ​នូវ​ការ​វិនិយោគទុន និង ភ្ញៀវ​ទេសចរណ៍​មកពី​ទូទាំង​ពិភពលោក​។ កវី ទាហាន និង រដ្ឋបុរស សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ​គឺជា​កវី ដែល​ងាយ​ប្រតិកម្ម​ទៅ​នឹង ភាព​លាយឡំ​គ្នា​នៃ​ជីវិត​។ ប៉ុន្តែ​គាត់​ក៏​ជា​ទាហាន​ម្នាក់​ផង​ដែរ ហេតុ​ដូច​នេះ​វា​បែរជា​ធ្វើ​ឲ្យ​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ​ប្រែ​ទៅជា​មាន​ភាព​រឹងប៉ឹង​និង​មាន​វិន័យ​ល្អ ពិតជា​មេដឹកនាំ​នៃ​ជន​គ្រប់រូប​មែន។


ជា​មួយ​និង​ការ​ថ្លែងអំណរគុណ​ចំពោះ​សាកលវិទ្យាល័យ​លីម​កុក​វី​ង ដែល​បាន​ផ្ដល់​សញ្ញាបត្រ «​ភាពជា​អ្នកដឹកនាំ​ឆ្នើម​» សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី​មានប្រសាសន៍ថា កិត្តិយស​ដែល​ពោរពេញ​ទៅ​ដោយ​មោទនភាព​នេះ បាន​ឆ្លុះបញ្ចាំង​ពី​ដំណើរ​វិវត្តន៍​នៅ​លើ​មាគ៌ា​ដ៏​ត្រឹមត្រូវ និង​ប្រាកដនិយម នៃ​ទស្សនវិស័យ​នយោបាយ​កម្ពុជា ក្នុង​ភាពជា​អ្នកដឹកនាំ​ដែល​បាន​ទម្លុះ​ភាព​ឯកោ ភាព​ទាល់ច្រក និង​បាន​ដោះស្រាយ​វិបត្តិ​ជាច្រើន​ក្នុង​អតីតកាល ប្រកបដោយ​ភាព​សាក​សិទ្ធ​ព្រមទាំង​បាន​រៀប​ចំ​ខ្លួន​យ៉ាង​សមស្រប​ទៅ​នឹង​ស្ថានការណ៍​បច្ចុប្បន្ន និង​បាន​បន្ត​រៀបចំ​យុទ្ធសាស្ត្រ​អភិវឌ្ឍ​ជាតិ ប្រកបដោយ​ចក្ខុវិស័យ​មុត​ស្រួច​សម្រាប់​ពេល​អនាគត​របស់​កម្ពុជា​។ កិត្តិយស​នេះ​ក៏បាន​រំលេច​កាន់តែ​ប្រត្យក្ស​ថែមទៀត​នូវ​កាតព្វកិច្ច​ចម្បងៗ​នូវ​ចំពោះមុខ ដែល​ខ្ញុំ​ចាំបាច់​ត្រូវធ្វើ​ដោយ​មិនអាច​បន្ធូរដៃ ឬ​សម្រាក ឬ​ធ្វេសប្រហែស ក្នុង​មួយ​វិនាទី​ណា​បាន​ឡើយ ពិសេស​ក្នុង​ស្ថានភាព​ដែល​កម្ពុជា​កំពុង​ខិត​ជិត​ទៅ​ក្នុង​កិច្ចការ​ធ្វើ​សមាហរណកម្ម ក្នុង​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន​នៅ​ចុង​ឆ្នាំនេះ និង​ក្នុងពេលដែល​ពិភពលោក​ទាំងមូល​កំពុង​តែ​ខិតខំ​ប្រឹងប្រែង​ដោះស្រាយ​បញ្ហា​ប្រឈម​នានា​រួម​ទាំង​ការ​ថយចុះ នៃ​កំណើនសេដ្ឋកិច្ច​ជាដើម​។ ប្រការ​នេះ​ពិតជា​ទាមទារ​នូវ​សមត្ថភាព ទេពកោសល្យ ទស្សនវិស័យ​ប្រកបដោយ​គតិបណ្ឌិត ភាព​ប្រាកដនិយម នៃ​មេដឹកនាំ​សម្រាប់​ជា​គំរូ​ដ៏​ប្រពៃ នៃ​ការ​បណ្ដុះ​នូវ​ស្មារតី និង​ឆន្ទៈ​ខ្ពស់​ក្នុង​កិច្ច​អភិវឌ្ឍ​ជាតិ​មាតុភូមិ ឲ្យ​មាន​ភាព​ចម្រុងចម្រើន ប្រកបដោយ​ចីរភាព រក្សា​បាន​នូវ​សុខ​សន្តិភាព និង​សុភមង្គល​ជូន​ប្រជាជន និង​សង្គមជាតិ​កម្ពុជា។


សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី​មានប្រសាសន៍ថា សញ្ញាបត្រ​នេះ ក៏បាន​លើកទឹកចិត្ត​បន្ថែម​ដល់​រូប​ខ្ញុំ ក្នុង​ការ​បន្ត​នូវ​បុព្វហេតុ​បម្រើប្រជាជន បម្រើ​ជាតិ​មាតុភូមិ បន្ត​អភិវឌ្ឍ​សង្គម​សេដ្ឋកិច្ច​កម្ពុជា ការលើកតម្កើង​មរតក​វប្បធម៌ ការ​ថែរក្សា​នូវ​ប្រពៃណី អរិយធម៌​ជាតិ ឲ្យ​បាន​គង់វង្ស និង​ការអភិវឌ្ឍន៍​វិស័យ​សិក្សា​ស្រាវជ្រាវ​វិទ្យាសាស្ត្រ ឲ្យ​ស្រប​ទៅ​នឹង​និន្នាការ​នៃ​ចរន្ត​សកលភាវូបនីយកម្ម​។ កិត្តិយស​ដែល​ខ្ញុំ​ទទួល​បាន​នា​ថ្ងៃនេះ គឺជា​កិត្តិយស​របស់​យើង​ទាំងអស់គ្នា ពីព្រោះ​កិច្ច​ខិតខំ​ប្រឹងប្រែង​និង​ពលិកម្ម​ទាំងអស់​របស់ខ្ញុំ​គឺ​នូវ​ក្នុង​បុព្វហេតុ​ជាតិ​មាតុភូមិ និង​ប្រជាជន​ជាទី​ស្រឡាញ់​។ ចំពោះមុខ​នេះ​ខ្ញុំ​ក៏​សូម​ចែករំលែក​កិត្តិយស​ដ៏​ឧត្ដុ​ង​ឧត្ដម​នេះ​ដល់​ក្រុម​គ្រួសារ ឧត្ដម​ភរិយា កូន និង ចៅៗ ជាទី​ស្រឡាញ់​របស់ខ្ញុំ ដែល​តែងតែ​ផ្ដល់​កម្លាំងចិត្ត​ដល់​ខ្ញុំ ស្ថិតនៅ​ជាមួយ​ខ្ញុំ និង​គាំទ្រ​ខ្ញុំ​គ្រប់​កាលៈទេសៈ​ទាំងអស់ ទាំង​ក្នុង​ជីវិត​រស់នៅ​សាមញ្ញ ទាំង​ក្នុង​ជីវិត​បម្រើ​ការងារ​ជាតិ​មាតុភូមិ ក្នុង​ពេល​លំបាក ខ្ញុំ​មាន​ឧត្ដម​ភរិយា ព្រមទាំង​កូនៗ និង​ចៅៗ ជាទី​ស្រឡាញ់​នៅ​ក្បែរ​ខ្ញុំ​ជានិច្ច​ជា​កាល៕


T-09-09-15-j-full


T-09-09-15-jjj-full



សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ទទួល​សញ្ញាបត្រ​បណ្ឌិត​កិត្តិយស « ភាពជា​អ្នកដឹកនាំ​ឆ្នើម »

Post a Comment

0 Comments

Close Menu