Ad Code

ក្រោយ​វះកាត់ ​ស្ថានភាព​ជំងឺ​នាយ​វីតាមីន​សេ​ឡើង​ជាតិ​ស្ករ​ខ្ពស់​គួរ​ឲ្យ​ព្រួយបារម្ភ

ភ្នំពេញ ៖ ជា​លទ្ធផល​ការវះកាត់​ជំងឺ​បូស​អន្ទង់ ​និង​ឫសដូងបាត​របស់​តារា​កំប្លែង​ជើងចាស់​លោក ​ម៉ៅ សាមឿន​ ហៅ​នាយ​វីតាមីន​សេ​ ទទួល​បាន​លទ្ធផល​ជោគជ័យ ក៏ប៉ុន្តែ​ក្រុម​គ្រួសារ​សាច់ញាតិ​កំពុង​តែ​បារម្ភ​ខ្លាំង​ទៅលើ​បញ្ហា​កម្រិត​ជាតិ​ស្ករ​ឡើង​កាន់តែ​ខ្ពស់។


ក្រោយ​វះកាត់​កាលពី​រសៀល​ថ្ងៃ​ទី​៨ ខែ​កញ្ញា ឆ្នាំ​២០១៥​កន្លងទៅ​ នៅ​មន្ទីរពេទ្យ​កាល់ម៉ែត​ស្ថានភាព​ជំងឺ​របស់​នាយ​វីតាមីន​សេ​ នៅ​ស្ថិត​ក្នុង​ការ​តាម​ដាន​របស់​គ្រូពេទ្យ​នៅឡើយ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​តារា​កំប្លែង​អ្នកនាង មឿ​ន និមល ហៅ​ប៉េងប៉ោង ជា​កូន។

ប៉េងប៉ោង​បញ្ជាក់​ទៀត​ថា ឪពុក​នាង​ត្រូវ​ចូល​វះកាត់​ផ្នែក​ជំងឺ​បូស​អន្ទង់ និង​ឫសដូងបាត​ដែល​បូស​នោះ​មាន​ខ្ទុះ​ហូរ​ខ្លាំង​មិន​អាច​ទុក​យូរ​បាន ក៏​សម្រេច​វះ​តាម​ការ​បញ្ជា​ពី​ក្រុម​គ្រូពេទ្យ។


អ្នកនាង​និយាយ​ទៀត​ថា ឪពុក​នាង​បាន​ចំណាយ​ពេល​ចាប់ពី​ម៉ោង​១០​ព្រឹក ​ដល់​ម៉ោង​១២​និង​៣០​នាទី​ថ្ងៃត្រង់ ទើប​ចេញពី​បន្ទប់​វះកាត់​ ដោយ​នេះ​ជា​រយៈពេល​យូរ​គួរសម​រហូត​កូនៗ​មាន​អារម្មណ៍​ថា ភ័យ​ខ្លួន​មិន​ស្ទើរ​ឡើយ។ ប៉ុន្តែ​ក្រោយពី​វះកាត់​រួច ​អត់​មាន​អ្វី​ប្រែប្រួល​ក្រៅពី​លោកគ្រូ​ពេទ្យ​បារម្ភ​តែ​ម្យ៉ាង គឺ​កម្រិត​ជាតិ​ស្ករ​ខ្ពស់​ឲ្យ​យើង​មើល​ថែ​ឲ្យ​ល្អជា​បន្ត​ទៀត។


នាង​បន្ត​ថា ក្រោយពី​វះកាត់​រួច​ យើង​នៅ​បន្ត​ទុក​គាត់​សម្រាក​នៅ​មន្ទីរពេទ្យ​មួយ​រយៈ​ទៀត ដើម្បី​តាមដាន​ស្ថានការណ៍ បើ​ទោះ​បី​ជា​ឪពុក​នាង​មិន​ចង់​សម្រាក​នៅ​ពេទ្យ​ក្តី។

តារា​កំប្លែង​រូប​នេះ​បញ្ជាក់​ថា កន្លងមក​ ដោយសារ​វ័យ​គាត់​កាន់តែ​ជរា​ អ្នកនាង និង​ក្រុម​គ្រួសារ​បាន​ស្នើ​ឲ្យ​ឪពុក​បន្ថយ​ការងារ​សិល្បៈ​ខ្លះ ប៉ុន្តែ​ឪពុក​នាង​នៅតែ​ចង់​ឡើង​ឆាក​សម្ដែង ​ព្រោះតែ​ស្តាយ​ការងារ​សិល្បៈ​ដែល​ពេលខ្លះ​ឡើង​សម្តែង​ទាំង​ខ្លួន​ឈឺ​ក៏​មាន។

អ្នក​នាង ប៉េងប៉ោង បាន​លើក​ឡើង​ទៀត​ថា​ នេះ​មិន​មែន​ជា​លើក​ទី​១​នោះ​ទេ ដែល​លោក​ឪពុក​មក​សម្រាក​ពេទ្យ​នេះ ហើយ​តែងតែ​ជួយ​ខ្នះខ្នែង​រហូត​ពី​ក្រុម​គ្រូពេទ្យ​ជំនាញ និង​សប្បុរសជន​នានា​តែងតែ​សួរនាំ​ជូនពរ និង​ខ្លះ​ទៀត​មក​សួរសុខទុក្ខ​ដល់​មន្ទីរពេទ្យ​ ដែល​ធ្វើ​ឲ្យ​ក្រុម​គ្រួសារ​មាន​ទឹកចិត្ត​រំភើប និង​កក់ក្ដៅ​ពេល​មាន​អ្នកដទៃ​អាណិត​ស្រឡាញ់​ក្នុង​សភាព​កំពុង​ជួប​ទុក្ខ​លំបាក។​


គួរ​បញ្ជាក់​ឲ្យ​ដឹង​ដែរ​ថា កាលពី​ព្រឹក​ថ្ងៃ​ទី​១១​ ខែ​កញ្ញា ​ឆ្នាំ​២០១៥​នេះ សមាគម​សិល្បករ​ខ្មែរ​ដែល​មាន​លោក ​សុះ ម៉ាច​ ជា​ប្រធាន​នោះ​បាន​ដឹកនាំ​តារា​សិល្បៈ​ប្រុស/​ស្រី​ចុះទៅ​សួរសុខទុក្ខ​ និង​នាំ​យក​អំណោយ​ជា​ថវិកា​មួយ​ចំនួន​ទៅ​ជូន​លោក​ ម៉ៅ សាមឿន​ ហៅ​នាយ​វីតាមីន​សេ​ ដោយ​ផ្ទាល់​ផង​ដែរ​នៅ​ឯ​មន្ទីរពេទ្យ​កាល់ម៉ែត៕




ក្រោយ​វះកាត់ ​ស្ថានភាព​ជំងឺ​នាយ​វីតាមីន​សេ​ឡើង​ជាតិ​ស្ករ​ខ្ពស់​គួរ​ឲ្យ​ព្រួយបារម្ភ

Post a Comment

0 Comments

Close Menu