Ad Code

ការ​ផ្គត់ផ្គង់​លំនៅដ្ឋាន​ ដែល​មាន​លក្ខណៈ​ទំនើប​សម្រាប់​ពលរដ្ឋ​នៅតែ​ជា​បញ្ហា​ប្រឈម

ភ្នំពេញ ​៖​ សម្តេច​ក្រឡាហោម ស ខេង នាយករដ្ឋមន្ត្រី​ស្តីទី​បាន​មានប្រសាសន៍​ថា ការ​វិនិយោគ​បង្កើត​ឡើង​នូវ​គម្រោង​អចលនវត្ថុ​នា​ពេល​នេះ គឺជា​ការ​ឆ្លើយតប​ដ៏​សមស្រប​ទៅ​នឹង​សភាពការណ៍​វិវត្តន៍​នៃ​សេដ្ឋកិច្ច ប៉ុន្តែ​ការ​ផ្គត់ផ្គង់​លំនៅដ្ឋាន​ដែលមាន​លក្ខណៈ​ទំនើប​សម្រាប់​ពលរដ្ឋ​នៅតែ​ជា​បញ្ហា​ប្រឈម​សម្រាប់​រាជរដ្ឋាភិបាល។


សម្តេច​ក្រឡាហោម ស ខេង លើកឡើង​ដូច្នេះ​នៅក្នុង​ពិធី​សម្ពោធ​ដាក់​ឲ្យ​ដំណើរការ​គម្រោង ខេ​ម​ហូ​ម​របស់​ក្រុមហ៊ុន ផាប់​ប្ល៊ី​ក កាលពី​ព្រឹក​ថ្ងៃទី​២៦ ខែកញ្ញា ឆ្នាំ​២០១៥ នៅ​វិមាន​កាណាឌីយ៉ា​។ សម្តេច​បាន​មានប្រសាសន៍​យ៉ាងនេះ​ថា “​ការវិនិយោគ​បង្កើតឡើង​នូវ​គម្រោង​អចលនវត្ថុ​នាពេលនេះ គឺជា​ការ​ឆ្លើយតប​ដ៏​សមស្រប​ទៅ​នឹង​សភាពការណ៍​វិវត្តន៍​នៃ​សេដ្ឋកិច្ច​នៅ​កម្ពុជា និង​ជាការ​រួមចំណែក​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​កាន់តែ​មានលទ្ធភាព និង​មាន​ជម្រើស​កាន់តែច្រើន ក្នុងការ​ទទួលបាន​លំនៅដ្ឋាន​រស់នៅ​ប្រកបដោយ​គុណភាព បរិយាកាស​ល្អ សោភណភាព និង​សុខុមាលភាព ជាមួយនឹង​តម្លៃ​កាន់តែ​សមរម្យ​”​។​


សម្តេច​បញ្ជាក់ទៀតថា “​សម្រាប់​បរិបទ​កម្ពុជា ការផ្គត់ផ្គង់​លំនៅដ្ឋាន​ដែលមាន​លក្ខណៈ​ទំនើប​ស្របតាម​សម័យកាល ដើម្បី​បំពេញ​ទៅតាម​តម្រូវការ​នៃ​កំណើន​ប្រជាពលរដ្ឋ ដែលមាន​ចំណូល​មធ្យម គឺ​នៅជា​បញ្ហា​ប្រឈម​មួយ ដែល​រាជរដ្ឋាភិបាល​កំពុងតែ​ដោះស្រាយ និង​ជួយ​ជ្រោមជ្រែង ធ្វើ​យ៉ាង​ណា​ឲ្យ​ប្រជាពលរដ្ឋ​មាន​លំនៅដ្ឋាន​ស្នាក់នៅ​សមរម្យ និង​មានឱកាស​ក្លាយជា​ម្ចាស់​កម្មសិទ្ធិ​នៃ​លំនៅដ្ឋាន​របស់​ខ្លួន​ផងដែរ​”​។ សម្តេច​ក្រឡាហោម​ថា ជាមួយនឹង​ការប្តេជ្ញាចិត្ត​របស់​រាជ​រដ្ឋាភិបាល​ក្នុងការ​លើកទឹកចិត្ត​ដល់​វិស័យ​សំណង់ និង​អចលនវត្ថុ​នៅ​កម្ពុជា សម្តេច​គាំទ្រ​ចំពោះ​ការវិនិយោគ​គម្រោង​អចលនវត្ថុ​ខេ​ម​ហូ​ម ដែល​គម្រោង​នេះ ក៏បាន​ដើរ​ស្រប​ទៅ​នឹង​គោលនយោបាយ​លំនៅដ្ឋាន​សាធារណៈ​ថ្នាក់ជាតិ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ដែល​ក្រសួង​រៀបចំ​ដែនដី នគរោបនីយកម្ម និង​សំណង់ កំពុងដំណើរការ​អនុវត្ត​ដោយ​រំពឹងថា នឹង​លេច​ជា​រូបរាង​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ខាងមុខនេះ​”​។​



សម្តេចនាយក​រដ្ឋមន្ត្រី​ស្តីទី​បានលើកឡើង​ទៀតថា ការ​រីកចម្រើន នៃ​វិស័យ​សំណង់ និង​អចលនវត្ថុ បាន​ពឹងផ្អែក​មួយផ្នែកធំ​ទៅលើ​វិស័យ​ឯកជន​ក្នុងការ​អនុវត្តន៍​នូវ​គម្រោង​វិនិយោគ​របស់ខ្លួន ដោយ​ដើរតួនាទី​ជា​អ្នក​សម្របសម្រួល​តម្រង់​ទិស​ពាក់ព័ន្ធ នឹង​ការដាក់ចេញ​នូវ​គោលនយោបាយ និង​យុទ្ធសាស្ត្រ ដើម្បី​ធានា​ដល់​ដំណើរការ​អភិវឌ្ឍន៍ ប្រកបដោយ​ចីរភាព​។ ដោយ​យល់ឃើញ​សារៈសំខាន់ នៃ​ការចូលរួម​របស់​វិស័យ​ឯកជន​ក្នុងការ​អភិវឌ្ឍ​​វិស័យ​សំណង់ និង​អចលនវត្ថុ រាជរដ្ឋាភិបាល​ក៏បាន​យកចិត្តទុកដាក់​បង្ក​បរិយាកាស​ល្អប្រសើរ​សម្រាប់​ការវិនិយោគ តាមរយៈ​ការខិតខំ​រក្សា​ឲ្យ​បាន​នូវ​សន្តិភាព និង​ស្ថិរភាព​នយោបាយ ដែលជា​កត្តា​ស្នូល នៃ​ការអភិវឌ្ឍ​សំដៅ​បង្កើន​ជំនឿ​ទុកចិត្ត​ពី​វិនិយោគិន​ជាតិ និង​អន្តរជាតិ ក៏ដូចជា​លើកទឹកចិត្ត និង​ជំរុញ​ការវិនិយោគ​មកកាន់​កម្ពុជា​ឲ្យ​បាន​កាន់តែ​ច្រើនឡើង​ថែមទៀត។


ទន្ទឹមនឹងនេះ ដើម្បី​គាំទ្រ និង​ពង្រឹង​ដល់​វិស័យ​សំណង់ និង​អចលនវត្ថុ​នៅ​កម្ពុជា​ឲ្យ​កាន់តែ​រឹងមាំ ក៏បាន​យកចិត្តទុកដាក់​រៀបចំ​កសាង និង​កែសម្រួល ច្បាប់ នីតិវិធី ព្រមទាំង​បទប្បញ្ញត្តិ​ពាក់ព័ន្ធ​ផ្សេងៗ ដើម្បី​ធានា​នូវ​និរន្តរភាព​វិស័យ​នេះ ​ឲ្យ​ស្របតាម បរិបទ និង​ស្ថានភាព​សេដ្ឋកិច្ច​របស់​កម្ពុជា និង​សកលលោក។ ជាមួយគ្នា​នោះ ​សម្តេច​ក្រឡាហោម ​ស ខេង បាន​សំណូមពរ​ឲ្យ​ក្រុមហ៊ុន​បន្ត​យកចិត្តទុកដាក់​ពង្រឹង​គុណភាព​សំណង់​ស្របតាម​បទដ្ឋាន​បច្ចេកទេស ដើម្បី​ធានា​បាន​នូវ​គុណភាព​យូរអង្វែង និង​ធានា​សុវត្ថិភាព​ក្នុងការ​ស្នាក់នៅ សម្រាប់​ផ្តល់​ជូន​អតិថិជន ក៏​ដូចជា​ឆ្លើយតប​ជំនឿ​ទុកចិត្ត និង​ការ​គាំទ្រ​ដល់​ផលិតផល​របស់​ក្រុមហ៊ុន​ពី​សំណាក់​អ្នកប្រើប្រាស់។


តាម​សម្តេច​ក្រឡាហោម​បាន​បញ្ជាក់​ទៀត​ថា ការ​រីកចម្រើន​នៃ​វិស័យ​សំណង់​ និង​អចលវត្ថុ​នៅ​កម្ពុជា គឺ​មិន​ត្រឹមតែ​លាតសន្ធឹង​នៅ​ក្នុង​រាជធានី​ភ្នំពេញ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​នៅ​តាម​ប៉ូល​សេដ្ឋកិច្ច​សំខាន់ៗ​មួយ​ចំនួន​ទៀត ដូចជា​ខេត្ត​ព្រះសីហនុ ខេត្ត​សៀមរាប និង​តំបន់​ដែល​មាន​សក្ដានុពល​មួយ​ចំនួន​ទៀត ក៏​មាន​ការ​រីកចម្រើន​គួរ​កត់​សម្គាល់​ផង​ដែរ។ ហេតុនេះ​ខ្ញុំ​សូម​លើកទឹកចិត្ត​ដល់​ក្រុមហ៊ុន ក៏​ដូចជា​ផ្នែក​ឯកជន​ដទៃ​ទៀត បន្ត​ពិនិត្យ​លទ្ធភាព​បង្កើត និង​ពង្រីក​នូវ​វិសាលភាព​គម្រោង​វិនិយោគ​នៅតាម​តំបន់​ប៉ូល​សេដ្ឋកិច្ច​សំខាន់ៗ​របស់​កម្ពុជា​ឲ្យ​បាន​កាន់តែ​ច្រើន​ថែមទៀត៕
M26-09-15-e7M26-09-15-e6M26-09-15-e5M26-09-15-e4M26-09-15-e3M26-09-15-e2M26-09-15-e1



ការ​ផ្គត់ផ្គង់​លំនៅដ្ឋាន​ ដែល​មាន​លក្ខណៈ​ទំនើប​សម្រាប់​ពលរដ្ឋ​នៅតែ​ជា​បញ្ហា​ប្រឈម

Post a Comment

0 Comments

Close Menu