Ad Code

ខ្ញុង​ប្រតិកម្ម​​​​នឹង​ការ​រិះគន់​ជុំវិញ​រឿង​ប្រកាស​រក​តែ​ប្ដី​អ្នក​មាន​ទ្រព្យ

ភ្នំពេញ​ ៖ ​តារា​កំប្លែង​ស្រី​មាន​ភាព​លេចធ្លោ​ខ្លាំង​ជាង​គេ​របស់​ក្រុម​នាយ ពាក់​មី គឺ​នាង ខ្ញុង​​ថ្មីៗ​នេះ​បាន​រង​នូវ​ការ​រិះគន់​ និង​ជេរ​ប្រមាថ​ ដោយ​ប្រើ​ពាក្យ​សម្ដី​មិន​សមរម្យ​មួយ​ចំនួន​ ខណៈ​ដែល​ត្រូវ​បាន​បណ្ដា​​​សារព័ត៌មាន​ក្នុងស្រុក​ជាច្រើន​បាន​ធ្វើ​ការ​សរសេរ​ចុះផ្សាយ​ព័ត៌មាន​ពី​ជីវិត​ស្នេហា​ឯកជន​ខាងក្រៅ​របស់​នាង​ដោយ​លើក​ឡើង​ថា «ខ្ញុង​ប្រកាស​រក​ប្តី​អ្នកមាន​មិន​យក​ភ្នែក​មើល​ទេ​ប្តី​អ្នកក្រ»។ ព័ត៌មាន​នេះ​ធ្វើ​ឲ្យ​​​មានការ​រិះគន់​រហូត​ប៉ះពាល់​ដល់​អារម្មណ៍​ ដែល​នាង​គិត​ថា​មិន​អាច​ទទួលយក​បាន​ឡើយ។


ឆ្លើយតប​នឹង​ការ​ចុះផ្សាយ​របស់​បណ្តា​​សារព័ត៌មាន​ក្នុងស្រុក​ខាងលើ​មុន​នេះ​បន្តិច​គេ​ឃើញ​តារា​កំប្លែង​នាង ខ្ញុង បាន​ចេញមុខ​ប្រតិកម្ម​ខឹង​ខ្លាំងៗ​ ដែល​ធ្វើឡើង​តាមរយៈ​ឃ្លីប​វីដេអូ​ខ្លី​មួយ​មាន​រយៈពេល​១២​នាទី​ ដោយ​នាង​បាន​និយាយ​ថា នាង​មាន​ការ​មិន​សប្បាយចិត្ត​សោះ​បន្ទាប់ពី​មានការ​ចុះផ្សាយ​ព័ត៌មាន​បំផ្លើស​ហួស​ពី​ការពិត​រហូត​ធ្វើ​ឲ្យ​មហាជន​មានការ​យល់​ច្រឡំ​រិះគន់​ដោយ​ប្រើ​ពាក្យសម្តី​ជេរប្រមាថ​ធ្ងន់ៗ​ទៅលើ​រូប​នាង​ស្ទើរ​ពេញ​ផ្ទៃ​ប្រទេស។


តាមរយៈ​ឃ្លី​ប​វីដេអូ​របស់​តារា​កំប្លែង​ស្រី​អ្នកនាង ខ្ញុង ដែល​បាន​បង្ហោះ​ជា​សាធារណៈ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​កាលពី​យប់មិញ​ ក្រោយពី​ការ​ចុះផ្សាយ​ព័ត៌មាន​នោះ​ នាង​​បាន​និយាយ​ថា ដំបូង​ឡើយ​ខ្ញុំ​គិត​ថា​មិន​ចង់​ធ្វើ​ការ​តបត​ចំពោះ​ការចុះផ្សាយ​នេះ​ទេ​ តែ​នៅពេលដែល​ខ្ញុំ​បាន​មើល​នៅលើ​ការ​សរសេរ​សារ​បញ្ចេញមតិ​ក្នុង​ហ្វេ​ស​ប៊ុ​ក​គឺ ឃើញ​មាន​ពាក្យ​ជេរ​បញ្ចោរ​ដៀលត្មះ ​និង​មើលងាយ​លើស​អ្វី​ដែល​ជា​ការពិត ​ទើប​នាំ​ឲ្យ​មាន​អារម្មណ៍​មិន​សប្បាយចិត្ត​រហូត​ទ្រាំ​អត់ធ្មត់​ពុំបាន​ក៏​ចេញមុខ​ស្រាយ​បំភ្លឺ​បញ្ជាក់​ពី​ការពិត។


តារា​កំប្លែង​ចូលចិត្ត​លេង​ និង​និយាយ​មិនសូវមាន​ភាព​ខ្មាសអៀន​នាង ខ្ញុង បាន​បញ្ជាក់​ថា មនុស្ស​យើង​បើ​ខុស​គឺ​ត្រូវ​ទទួល​ស្គាល់ថា​ខ្លួន​ខុស ​ប៉ុន្តែ​នៅពេលដែល​មិន​ខុស​ហើយ​មាន​គេ​ចោទប្រកាន់​តែងមាន​អារម្មណ៍​ផ្សេង ​ដូច្នេះ​ទើប​ខ្ញុំ​ចង់​បកស្រាយ​ម្តង​មួយ​ចំណុច​ដើម្បី​ឲ្យ​មហាជន​បាន​យល់ ​និង​ដឹង​ទាំង​អស់គ្នា។ ខ្ញុំ​ចង់​និយាយ​ប្រាប់​ទៅ​បងៗ​អ្នកសារព័ត៌មាន​ថា បើសិន​បង​បាន​ទទួល​ព័ត៌មាន​ពី​នាង​ខ្ញុំ​ប៉ុណ្ណា ​សូម​ចុះផ្សាយ​តាម​ហ្នឹង​ទៅ​សូម​កុំ​បន្ថែម​ពាក្យ​ ឬ​បំផ្លើស​លើស​ការពិត​និង​បំប៉ោង​ចំណងជើង​នេះ​ជា​ចំណុច​ទី​១​។ ខ្ញុំ​ចង់​សួរ​ទៅ​បងៗ​ថា សប្បាយចិត្ត​ណា​មែន​ទេ​ពេលដែល​ចុះ​ផ្សាយ​មួយ​ទំព័រ​ធ្វើ​ឲ្យ​គេ​ជេរ​បញ្ចោរ​១​ប្រទេស…។ បង​សប្បាយចិត្ត​ទេ ?​ត្រង់​ចំណុច​ហ្នឹង​ធ្វើ​ឲ្យ​ខ្ញុំ​ទទួលយក​មិន​បានទេ​ព្រោះ​វា​មិនមែនជា​រឿង​ពិត។

អ្នកនាង ខ្ញុង បាន​បន្ថែមថា ចំពោះ​មួយ​រឿង​ទៀត​ខ្ញុំ​ក៏​ចង់​លើក​មក​និយាយ​ដែរ​គឺ​ខាង​បងប្អូន​អ្នកលេង​ហ្វេ​ស​ប៊ុ​ក​នៅពេល​ឃើញ​ព័ត៌មាន​នេះហើយ​គឺ​ពួកគាត់​បាន​ព្រួត​គ្នា​សរសេរ​សារ​ជេរ​បញ្ចោរ​និង​មើលងាយ​ច្រើន​មកលើ​រូបខ្ញុំ ​ដូច្នេះ​ខ្ញុំ​ចង់​ប្រាប់​ទៅវិញ​ថា បើ​ស្រឡាញ់​ឬ​ស្អប់​ក៏ដោយ​មុននឹង​សម្រេចចិត្ត​ជេរ​មនុស្ស​ម្នាក់​ត្រូវ​ស៊ើប​ឲ្យ​បាន​ដឹង​ រឿងហេតុ​ច្បាស់លាស់​សិន​កុំ​គ្រាន់តែ​ឮ​តាម​គេ​រួច​នាំគ្នា​ជេរ​បញ្ចោរ​កប់ៗ​មាត់​ប្រើ​ពាក្យ​មិន​គួរ​គប្បី ​ព្រោះ​ស្តាប់​ទៅ​វា​មិន​ពីរោះ​ទាល់តែសោះ​។ ដូច្នេះហើយ​ខ្ញុំ​សុំ​សំណូមពរ​ឲ្យ​បញ្ឈប់​ទៅ​ព្រោះ​វា​ជា​ព័ត៌មាន​មួយ​ដែល​លើកឡើង​ខុស​ផ្ទុយ​ស្រឡះ​ពី​ការពិត៕



nhong6

nhong2


nhong1


nhong




ខ្ញុង​ប្រតិកម្ម​​​​នឹង​ការ​រិះគន់​ជុំវិញ​រឿង​ប្រកាស​រក​តែ​ប្ដី​អ្នក​មាន​ទ្រព្យ

Post a Comment

0 Comments

Close Menu