Ad Code

ក្រុមហ៊ុន​វា​រី​អគ្គិសនី​កំចាយ បើកទ្វារ​ទឹក​យ៉ាង​គំហុក រួម​ទាំង​ទឹកភ្លៀង​ផង បណ្តាល​ឲ្យ​ឃុំ​៣​នៅក្នុង​ស្រុក​ទឹកឈូ​ត្រូវ​ជន់​លិច

កំពត ៖ ក្រុមហ៊ុន​វា​រី​អគ្គិសនី​កំចាយ បើកទ្វារ​ទឹក​យ៉ាង​គំហុក រួម​ទាំង​ទឹកភ្លៀង​ផង បណ្តាល​ឲ្យ​លិច​ផ្ទះ​ប្រជាពលរដ្ឋ ស្រែចម្ការ បន្លែ​បង្កា នៅ​ឃុំ​ចំនួន​បី ក្នុងស្រុក​ទឹកឈូ ខេត្តកំពត កាលពី​ព្រឹក​ថ្ងៃទី​១៦ ខែកញ្ញា ឆ្នាំ​២០១៥។


ប្រភព​ពី​ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹង​ថា នៅ​យប់​ថ្ងៃទី​១៥ នី​ង ១៦​ភ្លៀង​បាន​ធ្លាក់​យ៉ាង​ជង្ហុក ពេញ​មួយ​យប់ បណ្តាល​អោយ​ទឹកភ្លៀង​ជាច្រើន​ហូរ​ធ្លាក់​ខ្លាំង​ពីលើ​ភ្នំ​កំចាយ មក​ក្នុង​អាង​ស្តុក​ទឹក​វា​រី​អគ្គិសនី​កំចាយ​ ​រហូត​មាន​កំពស់​ដល់​១៥៥​ម៉ែត្រ ទៅ ១៥៦ ម៉ែត្រ ហួស​ពី​បរិមាណ​ក្នុង​ស្តុ​ប​ទឹក ទើប​ក្រុមហ៊ុន​បាន​បើកទ្វារ​ទឹក វា​រី​អគ្គិសនី​កំចាយ ទាំងអស់​មាន​ចំនួន​ប្រាំ នៅ​ពាក់កណ្តាល​អធ្រាត្រ​ឈាន​ចូល​ថ្ងៃទី​១៦ គួបផ្សំ​នឹង​ទឹកជ្រោះ​តា​ដា​ច័ន្ទ នៅ​ជ្រលង​ភ្នំ​បូកគោ ហូរ​ធ្លាក់​មក​ក្នុង​ទឹកឈូ​យ៉ាង​ខ្លាំង​ផង​នោះ ទើប​បណ្តាល​ឲ្យ​លិច​ផ្ទះ ស្រែចម្ការ បន្លែបង្ការ នៅ​ឃុំ​ចំនួន​បី ក្នុងស្រុក​ទឹកឈូ​នេះ។


បើ​តាម​មន្ត្រី​ជំនាញ​បាន​ឲ្យ​ដឹង​ថា ទឹកភ្លៀង​បាន​ហូរ​ចាក់​ចូល​អាង​ស្ដុក​ប្រមាណ​៦០០​ទៅ​៧០០​លាន​ម៉ែត្រគូប ទើប​ក្រុម​មន្ត្រី​ជំនាញ​បាន​បើកទ្វារ​ទឹក​ចំនួន​៣​ដើម្បី​រំដោះ​ទឹក​ចេញពី​អាង។ ប៉ុន្តែ​នៅ​មិនអាច​ទប់​នឹង​កម្លាំង​ទឹកបាន​ក៏​ត្រូវ​បើកទ្វារ​ទឹក​ទាំងអស់​៥​ដើម្បី​បង្ហូរទឹក​ទម្លាក់​ចុះ​មក​ខាងក្រោម រហូតដល់​ម៉ោង​១២,៣០​ថ្ងៃត្រង់ ទើប​មន្ត្រី​ជំនាញ​បិទទ្វារ​ទឹក​២ ទុក​តែ​ទ្វារ​ទឹក​៣​នៅ​បើកចំហ​ដដែល។


លោក​ខូ​យ ឃុន​ហ៊ួ​រ អភិបាលខេត្ត​កំពត​បា​ន​ឲ្យ​ដឹង​នៅ​រសៀល​ថ្ងៃទី​១៦ កញ្ញា​ថា ការ​បើកទ្វារ​ទឹក​យ៉ាង​គំហុក របស់​ក្រុមហ៊ុន​វា​រី​អគ្គិសនី​កំចាយ រួម​ទាំង​ទឹកភ្លៀង​ផង ធ្វើ​ឲ្យ​ប៉ះពាល់ ឃុំ​ចំនួន​៣ ​គឺ​ឃុំ​ម៉ាក់​ប្រា​ង ឃុំ​កំពង់​គ្រែង និង​ឃុំ​ព្រៃ​ឃ្មុំ ស្មើនឹង​៩​ភូមិ និង​មាន​ប្រជាពលរដ្ឋ​ចំនួន​១៥១៧​គ្រួសារ​ ​មាន​មនុស្ស​៧.៦៨៦ នាក់ ដោយ​មិន​អោយ​ប៉ះពាល់​ដល់​អាយុជីវិត​របស់​ប្រជាពលរដ្ឋ​ទេ ពីព្រោះ​ចរន្តទឹក​ហូរ​យឺត។


លោក​បាន​បញ្ជាក់​ទៀត​ថា នៅ​ពេល​នេះ​ទឹក​មានការ​ស្រក​ចុះ​ជា​បណ្តើរៗ​ហើយ តែ​ទោះជា​យ៉ាងណា​លោក​ក៏បាន​បញ្ជា​អោយ កម្លាំង​សមត្ថកិច្ច សហការ​ជាមួយ​អាជ្ញាធរ​ពាក់​ព័ទ្ធ អោយ​ធ្វើ​សកម្មភាព ជួយសង្គ្រោះ​ដល់​ប្រជាពលរដ្ឋ អោយ​ទាន់​ពេលវេលា​បើសិន​ជា​មាន​បញ្ហា​កើត​ទ្បើង។


ប្រជាពលរដ្ឋ​ខាងលើ បាន​សំណូមពរ​ឲ្យ​មន្ត្រី​ជំនាញ អាជ្ញាធរ ខេត្ត និង​មន្ត្រី​ពាក់ព័ន្ធ​ពិនិត្យមើល​ឲ្យ​បាន​ដិតដល់ ចំពោះ​ការ​បើកទ្វារ​ទឹក វារីអគ្គិសនី​កំចាយ ធ្វើ​យ៉ាង​ការ​បើក​ទឹក ត្រូវ​មាន​បរិមាណ​សម​ស្រប ដើម្បី​ជៀសវាង កុំ​ឲ្យ​មានការ​លិចលង់​ដល់​ផ្ទះ​ប្រជាពលរដ្ឋ​ ​និង​ខូចខាត​ទ្រព្យសម្បតិ្ត ជាពិសេស ប៉ះពាល់​ដល់​ជីវិត​មនុស្ស សត្វ​ព្វា​ហនៈ។


គួរ​បញ្ជាក់​ផង​ដែរ​ថា ខេត្តកំពត​នៅពេល​មិន​ទាន់​មាន​ទំនប់​វា​រី​អគ្គិសនី​កំចាយ​ខេត្តកំពត​តែងតែ​ជួប​នៅ​គ្រោះ​ទឹកជំនន់​ជា​រៀងរាល់​ឆ្នាំ​។ លុះ​មកដល់​ឆ្នាំ​២០០៩ ​វា​រី​អគ្គិសនី​កំចាយ​ចាប់ផ្ដើម​ដំណើរការ​ដោយមាន​ទំនប់​ស្តុ​ប​ទឹក​ទើប​ជៀស​ផុត​ពី​គ្រោះ​ទឹកជំនន់​រយៈពេល​៦​ឆ្នាំ​ទើបតែ​ថ្ងៃទី​១៦ ខែកញ្ញា ឆ្នាំ​២០១៥ ​បង្ក​ទ្បើង​ដោយ​ឥទ្ធិពល​ព្យុះភ្លៀង​ខ្លាំង​បណ្តាល​ឲ្យ​ឃុំ​ចំនួន​៣​នៅក្នុង​ស្រុក​ទឹកឈូ​ត្រូវ​ជន់​លិច​តែប៉ុណ្ណោះ៕


T-09-18-15-dd-full


T-09-18-15-d-full



ក្រុមហ៊ុន​វា​រី​អគ្គិសនី​កំចាយ បើកទ្វារ​ទឹក​យ៉ាង​គំហុក រួម​ទាំង​ទឹកភ្លៀង​ផង បណ្តាល​ឲ្យ​ឃុំ​៣​នៅក្នុង​ស្រុក​ទឹកឈូ​ត្រូវ​ជន់​លិច

Post a Comment

0 Comments

Close Menu