Ad Code

​ឃាត់ខ្លួន​ជនជាតិ​ឡាវ​២​នាក់​ជាមួយ​គ្រឿងញៀនជាង​២​ពាន់​គ្រាប់​

ស្ទឹងត្រែង ​៖​ ជនជាតិ​ឡាវ​ចំនួន​២​នាក់ ម្នាក់​មាន​ដើមកំណើត​ជា​ខ្មែរ​ពាក់ព័ន្ធ​ក្នុងករណី​ជួញ​ដូរ​គ្រឿងញៀន​ឆ្លងដែន ត្រូវ​បាន​កម្លាំង​អាវុធហត្ថ​ខេត្ត​ដឹកនាំ​ផ្ទាល់​ដោយ​លោក​ដួង ​វិចិត្រ ប្រធាន​មន្ទីរ​ព័ត៌មាន​ និង​សន្តិសុខ​អាវុធហត្ថ​ខេត្ត​ស្ថិត​ក្រោម​ការ​បញ្ជា​ពី​លោក​ឧត្តមសេនីយ៍​ត្រី​អៀង វ៉ានឌី​បាន​បើក​ប្រតិបត្តិការ​ឃាត់ខ្លួន​ជនសង្ស័យ​ជនជាតិ​ឡាវ​ចំនួន​២​នាក់​រួម​ជាមួយ​វត្ថុ​តាង​ថ្នាំញៀន​(WY)១១​កញ្ចប់​បញ្ជូន​មក​ទីបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​។​



ជនសង្ស័យ​ជនជាតិ​ឡាវ​ទាំង​២​នាក់ ត្រូវ​បាន​កម្លាំង​អាវុធហត្ថ​ខេត្ត​ធ្វើការ​ឃាត់ខ្លួន​កាលពី​វេលា​ម៉ោង​១២​និង​៣០​នាទី​ថ្ងៃទី​១៧ ​ខែកញ្ញា ​ឆ្នាំ​២០១៥​ត្រង់​ចំណុច​ភូមិ​កំពង់​ស្រឡៅ ឃុំ​កំពង់​ស្រឡៅ​ ស្រុក​ឆែប ​ខេត្តព្រះវិហារ ​និង​បាន​បញ្ជូន​មកដល់​ទីបញ្ជាការ​ខេត្ត​នៅ​ម៉ោង​៣​និង​៣០​នាទី​ល្ងាច​។​



លោក​វរសេនីយ៍ទោ​ដួង វិចិត្រ​ប្រធាន​មន្ទីរ​ព័ត៌មាន​និង​សន្តិសុខ​អាវុធហត្ថ​ខេត្ត​បាន​ឲ្យ​ដឹង​ថា​ជនសង្ស័យ​ជនជាតិ​ឡាវ​ទាំង​២​នាក់​មាន​១​ឈ្មោះ​ខន ប៉ុល ភេទ​ប្រុស អាយុ​៣៧​ឆ្នាំមាន​ស្រុកកំណើត​នៅ​ភូមិ​តា​សែ ឃុំ​រណសិរ្ស ស្រុក​សង្គម​ថ្មី ខេត្តព្រះវិហារ​បច្ចុប្បន្ន​មាន​ប្រពន្ធ​នៅ​ប្រទេស​ឡាវ និង​២​ឈ្មោះ​សំ ប៊ូ​ន ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ អ្នក​ទាំង​២​បច្ចុប្បន្ន​រស់នៅ​ភូមិ​ណា​ទា ស្រុក​មឿង​មុន ខេត្ត​ចំប៉ា​សាក់ ប្រទេស​ឡាវ​។​



លោក​វរសេនីយ៍ទោ​បាន​បន្ត​ទៀត​ថា ​ជនសង្ស័យ​ជនជាតិ​ឡាវ​ទាំង​២​នាក់ ត្រូវ​បាន​កម្លាំង​អាវុធហត្ថ​ឃាត់ខ្លួន​ ខណៈ​រូបគេ​ទាំង​២​នាក់​បាន​នាំ​គ្រឿងញៀន តាម​ទូក​ចូល​មក​ទឹកដី​កម្ពុជា ត្រង់​ចំណុច​ខាងលើ​ក៏​ត្រូវ​បាន​សមត្ថកិច្ច​ធ្វើការ​ឃាត់ខ្លួន​តែម្តង ព្រមទាំង​បាន​ធ្វើ​ការ​ដកហូត​វត្ថុ​តាង​គ្រឿងញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​(WY)​ចំនួន​១១​កញ្ចប់​ស្មើ​នឹង​២១៩០​គ្រាប់ និង​បាន​នាំ​ខ្លួន​មកកាន់​ទី​បញ្ជា​ការ​អាវុធហត្ថ​ខេត្ត​ធ្វើការ​សួរនាំ​។​



ជនសង្ស័យ​បាន​ឆ្លើយ​សារភាព​ចំពោះមុខ​សមត្ថកិច្ច​ថា ​ខ្លួន​ទាំង​២​នាក់​បាន​ចាញ់បោក​ជន​ជាតិ​ឡាវ​ម្នាក់​ដែល​បាន​នាំ​យក​កញ្ចប់​នោះ​មក​ឲ្យ​គេ និង​ទទួល​បាន​ប្រាក់​១​កញ្ចប់​ចំនួន​ប្រាំ​ពាន់​គិប ហើយ​ពួកគេ​មិន​ដឹង​ថា ​ក្នុង​កញ្ចប់​នោះ​មាន​ស្អី​ទេ គ្រាន់តែ​មកដល់​ចំណុច​ខាងលើ​ក៏​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​តែម្តង​។​



បច្ចុប្បន្ន​ជនសង្ស័យ​ជា​ជនជាតិ​ឡាវ​ទាំង​២​នាក់​រួម​នឹង​វត្ថុ​តាង​ថ្នាំញៀន កំពុង​ស្ថិត​ក្រោម​ការ​សាក​សួរ​ពី​សមត្ថកិច្ច​ជំនាញ ​និង​ធ្វើ​ការរៀបចំ​សំណុំរឿង​បញ្ជូន​ទៅកាន់​តុលាការ​ព្រឹក​ថ្ងៃទី​១៨​ ខែកញ្ញា​នេះ​ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​៕


18-09-2015n3


18-09-2015n2


18-09-2015n



​ឃាត់ខ្លួន​ជនជាតិ​ឡាវ​២​នាក់​ជាមួយ​គ្រឿងញៀនជាង​២​ពាន់​គ្រាប់​

Post a Comment

0 Comments

Close Menu