Ad Code

បើក​វគ្គ​បណ្តុះបណ្តាល​គ្រូ​បង្គោល​ជាតិ​ផ្នែក​សេវាកម្ម​ម្ហូបអាហារ​និង​ភេសជ្ជៈ​សម្រាប់​សេវាកម្ម​សណ្ឋាគារ

សៀមរាប ៖ ក្រសួងទេសចរណ៍​និង​គណៈកម្មាធិការ​ជាតិ​អ្នកជំនាញ​ទេសចរណ៍​បាន​រៀប​ចំ​បើក​បណ្តុះបណ្តាល​នេះ​ឡើង​មាន​រយៈពេល​៧​ថ្ងៃ​ចាប់ពី​ថ្ងៃទី​៣​ដល់​ថ្ងៃទី​៩ ខែកញ្ញា ឆ្នាំ​២០១៥​ជូន​ដល់​សិក្ខាកាម​ចំនួន​៣៥​រូប​។ សិក្ខាកាម​ចូលរៀន​ក្នុង​វគ្គ​បណ្តុះបណ្តាល​នេះ​បានជា​សិក្ខាកាម​គឺ​ត្រូវ​មាន​បទពិសោធន៍​ផ្នែក​សេវាកម្ម​ម្ហូបអាហារ​និង​ភេសជ្ជៈ​យ៉ាងតិច​៣​ឆ្នាំ​និង​មាន​បទពិសោធន៍​ក្នុង​ការ​បណ្តុះបណ្តាល​ផងដែរ ព្រោះថា​បន្ទាប់​ពី​បញ្ចប់​វគ្គ​បណ្តុះបណ្តាល​នេះ​ទៅ​អ្នក​ទាំងនោះ​ត្រូវ​មាន​កាតព្វកិច្ច​បណ្តុះបណ្តាល​បន្ត​ទៅដល់​បុគ្គលិក​និង​សិស្ស​របស់​ខ្លួន​នៅ​តាម​ស្ថាប័ន​រៀងៗ​ខ្លួន​។


វគ្គ​នេះ​ជា​ផ្នែក​មួយ​នៃ​ផែនការ​សកម្មភាព​រប​ស់​ក្រសួងទេសចរណ៍​ដើម្បី​អភិវឌ្ឍន៍​ជំនាញ​ទេសចរណ៍​ស្របតាម​ស្តង់ដារ​ជាតិ​និង​អាស៊ាន​និង​ការ​អនុវត្តន៍​កិច្ចព្រមព្រៀង​ទទួល​ស្គាល់គ្នា​ទៅវិញទៅមក​លើ​អ្នកជំនាញ​ទេសចរណ៍​អាស៊ាន ដើម្បី​ត្រៀម​ចូល​សមាហរណកម្ម​សេដ្ឋកិច្ច​អាស៊ាន​រួមគ្នា​នា​ចុងឆ្នាំ​២០១៥​ខាងមុខនេះ​។ លោក ប៉ាក់ សុខុម​រដ្ឋលេខាធិការ​បាន​មានប្រសាសន៍​ក្នុង​ឱកាស​បើក​វគ្គ​បណ្តុះបណ្តាល​នោះ​ថា ទន្ទឹម​នឹង​ការ​ជំរុញ​អនុវត្ត​ស្តង់ដារ​នានា​ក្រសួង​បាន​ផ្តល់​អាទិភាព​ផង​ដែរ​លើ​ការអភិវឌ្ឍន៍​ធនធាន​មនុស្ស​លើ​គ្រប់​ជំនាញ​មាន​ដូច​ជា​មគ្គុទេសក៍​ទេសចរ អ្នកជំនាញ​ម៉ាស្សា ជំនាញ​សេវាកម្ម​តាម​ភោជនីយដ្ឋាន សណ្ឋាគារ​និង​សេវាកម្ម​ធ្វើដំណើរ​ជាដើម​សំដៅ​បង្កើន​គុណភាព​សេវាកម្ម​និង​បដិសណ្ឋារកិច្ច​កម្រិត​ខ្ពស់។


មកដល់ពេលនេះ​ក្រសួង​បាន​បណ្តុះបណ្តាល​គ្រូ​បង្គោល​និង​អ្នក​វាយ​តម្លៃ​បង្គោល​ជាតិ​បាន​៣៧៣​នាក់​និង​បាន​បង្កើត​ស្តង់ដារ​សមត្ថភាព​អ្នកជំនាញ​ទេសចរណ៍​កម្ពុជា​នៃ​សេវាកម្ម​សណ្ឋាគារ​ស្របតាម​ស្តង់ដារ​អាស៊ាន​ព្រមទាំង​បាន​ដាក់​ឲ្យ​អនុវត្ត​នៅ​តាម​បណ្តា​សាលា​បណ្តុះបណ្តាល​វិជ្ជាជីវៈ​តាម​សណ្ឋាគារ​នៅ​កម្ពុជា​។ ជាមួយគ្នា​នោះ​ក្រសួង​បាន​សហការ​ជាមួយ​លេខាធិការដ្ឋាន​អាស៊ាន​ធ្វើការ​វាយតម្លៃ​សមត្ថភាព​សិស្ស​ផ្នែក​ទេសចរណ៍​ដែល​បាន​សិក្សា​ស្របតាម​ស្តង់ដារ​អាស៊ាន​ជា​ជំហាន​ដំបូង​បាន​ចំនួន​១៥​នាក់​អាច​ធ្វើ​បម្លាស់ទី​ការងារ​ក្នុង​វិស័យ​ទេសចរណ៍​បាន។


លោក​ក៏​បាន​មានប្រសាសន៍​ឲ្យ​ដឹង​ផង​ដែរ​ពី​កិច្ចព្រមព្រៀង​ទទួលស្គាល់​គ្នា​ទៅវិញទៅមក​លើ​អ្នក​ជំនាញ​ទេសចរណ៍​អាស៊ាន​(MRA)​គឺ​មាន​គោលបំណង​សម្រួល​ឲ្យ​មាន​បម្លាស់ទី​ការងារ​របស់​អ្នកជំនាញ​ទេសចរណ៍​អាស៊ាន​ដែល​មាន​សមត្ថភាព​និង​មានការ​ទទួលស្គាល់​ដោយ​ប្រទេស​ជា​សមាជិក​អាស៊ាន​ទាំង​១០​លើ​មុខជំនាញ​៣២​ស្ថិត​ក្នុង​ផ្នែក​សេវាកម្ម​សណ្ឋាគារ និង​សេវាកម្ម​ធ្វើដំណើរ កិច្ចព្រមព្រៀង​នេះ​ក៏​ចូលរួម​កាត់បន្ថយ​គម្លាត​សមត្ថភាព​របស់​អ្នកជំនាញ​ក្នុង​តំបន់​ផង​ដែរ​តាមរយៈ​ការអនុវត្តន៍​ស្តង់ដារ​រួម​ជា​អប្បបរមា​។ ទន្ទឹម​នឹង​លទ្ធផល​សម្រេច​បាន​ខាងលើ​វិស័យ​ទេសចរណ៍​ក៏​នៅ​មាន​បញ្ហា​ប្រឈម​មួយចំនួន​ដែល​ត្រូវ​រៀបចំ​ដោះស្រាយ​ដូចជា​បញ្ហា​អ្នក​កំពុង​បម្រើសេវា​ក្នុង​វិស័យ​ទេសចរណ៍​បច្ចុប្បន្ន​មានតែ​១៣%​និង​បញ្ហា​កង្វះខាត​សាលា​បណ្តុះបណ្តាល។


ឆ្លើយតប​ទៅ​នឹង​កង្វះខាត​នេះ​ឯកឧត្តម​ប៉ាក់​សុខុម​បាន​មានប្រសាសន៍ថា ដោយមាន​ការ​ឯកភាព​ពី​រាជរដ្ឋាភិបាល​ក្រសួងទេសចរណ៍​បាន​នឹង​កំពុង​សហការ​ជាមួយ​ទីភ្នាក់ងារ​បារាំង​ដើម្បី​បង្កើត​សាលា​បណ្តុះបណ្តាល​វិជ្ជា​ជីវៈ​ចំនួន​២​កន្លែង​គឺ​នៅ​ក្រុងភ្នំពេញ​និង​នៅ​ខេត្ត​ព្រះសីហនុ​និង​ការ​លើក​ទឹកចិត្ត​ដល់​ការ​វិនិយោគ​លើ​សាលា​បណ្តុះបណ្តាល​ដោយ​ផ្នែក​ឯកជន​ផង​ដែរ​ជាពិសេស​ការ​បណ្តុះបណ្តាល​ខាងលើ​ត្រូវការ​ឲ្យ​មាន​ការចូលរួម​បំពេញបន្ថែម​ពី​ផ្នែក​ឯកជន​ជា​អ្នក​ប្រតិបត្តិ​ផ្ទាល់​និង​ទទួលផល​ពី​ការ​បណ្តុះបណ្តាល​ដំបូង​។


គួរ​រំលឹក​ដែរ​ថា ​ក្នុង​របាយការណ៍​រប​ស់​មន្ទីរ​ទេសចរណ៍​ខេត្តសៀមរាប ក្នុង​ទូទាំង​ខេត្ត​មាន​សណ្ឋាគារ​១៨៦​កន្លែង​ស្មើ​១២.០៥៣​បន្ទប់​.​អា​ផាត​មេន មាន​៩​កន្លែង​ស្មើ​២២៣​យូ​នី​ត​៣៩៩​បន្ទប់​.​ភោជនីយដ្ឋាន​ចំនួន​១៩៥​កន្លែង​ស្មើ​៤៩១១​តុ​និង​១៧៥៣០​តុ​.​ម៉ាស្សា​មាន​៥១​កន្លែង​ស្មើ​៦២១​គ្រែ​ខារ៉ាអូខេ​មាន​១៧​កន្លែង​ស្មើ​២៦៨​បន្ទប់​ទីភ្នាក់ងារ​ទេសចរណ៍​មាន​២៧៤​សាខា​.​មគ្គទេសក៍​ទេសចរ​ចំនួន​៤៤៥៧​នាក់​(​ស្រី​៦៣២​នាក់​)៕


T-09-03-15-hh-full


T-09-03-15-h-full



បើក​វគ្គ​បណ្តុះបណ្តាល​គ្រូ​បង្គោល​ជាតិ​ផ្នែក​សេវាកម្ម​ម្ហូបអាហារ​និង​ភេសជ្ជៈ​សម្រាប់​សេវាកម្ម​សណ្ឋាគារ

Post a Comment

0 Comments

Close Menu