Ad Code

អាជ្ញាធរ​ខណ្ឌ​ជ្រោយ​ចង្វារ​ប្រជុំ​បង្កើត​គណៈកម្មាធិការ​ចុះ​រុះរើ​សំណង់​រោង​និង​ខ្ចុ​ស​បណ្តែតទឹក

ភ្នំពេញ ៖ ខណៈ​ដែល​អាជ្ញាធរ​ខណ្ឌ​ជ្រោយចង្វារ កោះហៅ​ម្ចាស់​សំណង់​រោង​សង់​រំលោភ​ចូល​ដី​ច្រាំងទន្លេ និង​សង់​ខ្ចុ​ស​បណ្តែត​ទឹក​ក្នុង​ទន្លេ មក​ចូលរួម​ប្រជុំ​ផ្សព្វផ្សាយ​សេចក្តីជូន​ដំណឹង​ដើម្បី​ឲ្យ​រុះរើ​ចេញពី​ច្រាំងទន្លេ ដោយ​បាន​ទុក​រយៈពេល​១០​ថ្ងៃ កាលពី​កន្លងមក​នោះ តែ​មកដល់ពេលនេះ​ឃើញថា​ម្ចាស់​ហាង​មិន​មាន​ការ​រុះរើ​នោះ​ទេ។ ដូច្នេះ​ទើប​អាជ្ញាធរ ប្រជុំ​បង្កើត​ក្រុម​កម្លាំងចំរុះ​ដើម្បី​ចុះ​រុះរើ​នៅ​សប្តាហ៍​ក្រោយនេះ។


កិច្ចប្រជុំ​នេះ​បាន​រៀបចំ​ឡើង នៅ​សាលា​ខណ្ឌ​ជ្រោយចង្វារ នា​រសៀល​ថ្ងៃទី​៣​ខែកញ្ញា​ឆ្នាំ​២០១៥ ដែលមាន​ការអញ្ជើញ​ចូលរួម​ពី​លោក ហ៊ុយ​សា​រ៉ុន អភិបាលរងខណ្ឌ​ជ្រោយចង្វារ លោក កៅ​សារ៉ាវុ​ធ នាយក​រដ្ឋបាល​ខណ្ឌ លោក ឃ​ន សុជាតិ នាយករង​រដ្ឋបាល​ខ​ណ្ឌ និង​មន្ត្រី​ពាក់​ព័ន្ធ​ជាង​២០​នាក់។


លោក ហ៊ុ​យ​សា​រ៉ុ​ន បាន​មានប្រសាសន៍ថា សំណង់​អានាធិបតេយ្យ​ដែល​សង់​រំលោភ​លើ​ដី​ចំណី​ទន្លេ​និង​ខ្ចុ​ស​បណ្តែត​ទឹក​នេះ​គឺ​មិនអាច​អនុគ្រោះ​បាន​នោះ​ទេ ព្រោះ​វា​ខុស​នឹង​ច្បាប់ ដូច្នេះ​មេភូមិ ត្រូវ​ដើរ​ប្រាប់​ម្ចាស់​ហាង​ឲ្យ​រុះរើ​ឲ្យ​បាន​មុន ថ្ងៃ​ដែល​អាជ្ញាធរ​ចុះ​រុះរើ ហើយ​កម្លាំង​យើង​ត្រូវ អនុវត្ត​តាម​ស្មារតី​ប្រ​ជុំ​ថ្ងៃនេះ កុំបី​ខាន។


គួរ​រំលឹក​ថា កន្លងមក អាជ្ញាធរ​បាន​ចេញ​សេចក្តី​ជូនដំណឹង​ដើម្បី​ឲ្យ​ម្ចាស់​សំណង់​រុះរើ​សំណង់​ដែល​សង់​បណ្តែត​ទឹក ប៉ុន្តែ​មកដល់ពេលនេះ​មិនទាន់​ម្ចាស់​សំណង់​រុះរើ​នៅឡើយ។

សេចក្តី​ជូន​ដំណឹង​បាន​បញ្ជាប់​ថា ដើម្បី​ចូលរួម​កែលំអ និង​ដើម្បី​រក្សា​បាន​នូវ​សោ​ភណ្ឌ​ភាព សណ្តាប់ធ្នាប់​របៀបរៀបរយ និង​ការពារ​នូវ​បរិស្ថាន​ការពារ​សម្បត្តិ​សាធារណៈ​របស់​រដ្ឋ  ស្របតាម​ការណែនាំ​រប​ស់​សាលា​រា​ធានី​ភ្នំពេញ និង​ក្រសួង​ដែនដី​នគររូបនីយកម្ម និង​សំណង់ អាជ្ញាធរ​ខណ្ឌ​ជ្រោយ​ចង្វារ​បាន​តម្រូវ​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​ដែល​ជា​ម្ចាស់​អាជីវកម្ម​ទាំងអស់ រុះរើ​សំណង់​រោង​និង​ខ្ចុ​ស​អានាធិបតេយ្យ​ទាំងអស់ ឲ្យ​អស់​ពី​ច្រាំង​និង​តាម​ដង​ទន្លេ​របស់​ខ្លួន​ចេញ​ឲ្យ​អស់​ដោយ​ទុក​រយៈពេល​១០​ថ្ងៃ គិត​ចាប់​ពី​ថ្ងៃទី​១២​ខែសីហា​នេះ​តទៅ។


សេចក្តី​ជូនដំណឹង បាន​បញ្ជាក់​បន្ថែម​ថា ករណី​ដែល​អស់លោក លោកស្រី មិន​អនុវត្តតាម​ខ្លឹមសារ​ជូនដំណឹង​ខាងលើនេះ​ទេ សាលាខណ្ឌ​នឹង​ចុះ​អនុវត្ត​នូវ​វិធានការ​រដ្ឋបាល តាម​ផ្លូ​វ​ច្បាប់ ដោយ​មិន​ទទួលខុសត្រូវ រាល់​ការខូចខាត ឬ​បាត់​ទ្រព្យសម្បត្តិ​អ្វី​ឡើយ។


លោក ហ៊ុ​យ​សារ៉ុន អភិបាលរងខណ្ឌ មានប្រសាសន៍ថា ម្ចាស់​ហាង​ទាំងអស់​ត្រូវ​រុះរើ​ខ្ចុ​ស​បណ្តែត​ទឹក​ទាំងអស់​មុនគេ​ដោយ​ខ្លួនឯង​ដោយ​ទុក​រយៈពេល​១០​ថ្ងៃ ចាប់​គិត​ពី​ថ្ងៃនេះ​តទៅ តែបើ​មិន​មាន​ការ​រុះរើ​ទេ អាជ្ញាធរ​ខណ្ឌ​នឹង​ចុះ​រុះរើ​ដោយ​មិន​ទទួល​ការខូចខាត​ទ្រព្យសម្បត្តិ​របស់​បងប្អូន​ឡើយ។

គួរ​បញ្ជាក់​ថា អាជីវកម្ម​លើ​អាហារដ្ឋាន​ដែល​រំលោភ​ច្រាំងទន្លេ​និង​ខ្ចុ​ស​លើទឹក​ទាំងអស់​មាន​ចំនួន​៥១​ទីតាំង ក្នុង​នោះ​មាន​ខ្ចុ​ស​បណ្តែត​លើ​ផ្ទៃ​ទឹក​មាន​ចំនួន​១០ ទីតាំង​ដែល​អាជ្ញាធរ​តម្រូវ​ឲ្យ​រុះ​ចេញ​មុនគេ។


លោក ឃ្លាំង​ហួត អភិបាល​នៃ​គណៈ​អភិបាល ខណ្ឌ​ជ្រោយចង្វារ​បាន​មានប្រសាសន៍ថា សំណង់​ខ្ចុ​ស ទាំងអស់​ដែល​ប៉ះពាល់​ដល់​ដី​ច​ណី​ទន្លេ​នោះ​ត្រូវ​រុះរើ​ចេញ​តាម​ការ​ជូនដំណឹង​របស់​សាលាខណ្ឌ បើ​មិន​ដូច្នេះ​ទេ​អាជ្ញាធរ​នឹង​ចុះ​អនុវត្ត​តាម​ច្បាប់រដ្ឋបាល​ដោយ​មិន​ទទួលខុសត្រូវ​នូវ​ការខូចខាត​ឬ​បាត់បង់​ទ្រព្យ​សម្បត្តិ​អ្វី​ឡើយ  ព្រោះ​ករណីនេះ​វា​ខុស​នឹង​ច្បាប់​ទាំងស្រុង ហើយ​មិនអាច​បណ្តែតបណ្តោយ​ដូច​បច្ចុប្បន្ន​បានទេ ដោយសារតែ​សំណង់​អានាធិបតេយ្យ​មិន​រៀបរយ អាចមាន​បញ្ហា​ប្រឈម​៣ ទី​១​បញ្ហា​បរិស្ថាន ទី​២ ការ​សង់​រំលោភ​លើដី​ចំណី​ទន្លេ និង​ទី​៣ គឺ​បញ្ហា​សុវត្ថិភាព របស់​ភ្ញៀវ។


លោក​បាន​បញ្ជាក់​ថា ប្រសិនបើ​ថ្ងៃ​ណាមួយ​មាន​ឧប្បត្តិហេតុ​កើតឡើង​ដូចជា​បាក់​ច្រាំងទន្លេ​ចូលក្នុង​ទឹក​បណ្តាល​ឱ្យ​និង​របួស​មនុស្ស ឬ​ស្លាប់​ម្ចាស់​ហាង​ត្រូវ​ទទួលទោស​ព្រហ្មទណ្ឌ​និង​ទទួលខុសត្រូវ​ចំពោះមុខ​ច្បាប់។ ដូច្នេះ​ជៀសវាង​មាន​គ្រោះថ្នាក់​ជាយថាហេតុ ក៏ដូចជា​រក្សា​បាន​នូវ​សណ្តាប់ធ្នាប់​របៀបរៀបរយ ម្ចាស់​ត្រូវតែ​អនុវត្ត​នូវ​ខ្លឹមសារ​សេចក្តីជូនដំណឹង​និង​ស្មារតី​ប្រជុំ​ថ្ងៃនេះ​កុំបី​ខាន៕


T-09-03-15-ee-full


T-09-03-15-e-full



អាជ្ញាធរ​ខណ្ឌ​ជ្រោយ​ចង្វារ​ប្រជុំ​បង្កើត​គណៈកម្មាធិការ​ចុះ​រុះរើ​សំណង់​រោង​និង​ខ្ចុ​ស​បណ្តែតទឹក

Post a Comment

0 Comments

Close Menu