កំពង់ចាម ៖ អ្នកនេសាទត្រីខុសច្បាប់ម្នាក់បានស្លាប់នៅក្នុងទឹកដោយសារឧបករណ៍របស់ខ្លួនឆក់ ក្នុងខណៈកំពុងធ្វើការឆក់ត្រីហើយក៏រអិលជើងដួលនៅវេលាម៉ោង១០និង៣០នាទីយប់ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៥នៅចំនុចទួលតាឈុនចម្ងាយប្រហែល១៥០០មខាងជើងភូមិទួលចាន់ ឃុំច្បារអំពៅ ស្រុកបាធាយ ខេត្តកំពង់ចាម។
ជនរងគ្រោះត្រូវឧបករណ៍ឆក់ត្រីបណ្ដាលឲ្យស្លាប់មានឈ្មោះសាម សីហា ភេទប្រុស អាយុ២៩ឆ្នាំ មានទីលំនៅភូមិឃុំកើតហេតុខាងលើ។ ប្រភពព័ត៌មានពីក្រុមគ្រួសារសពបានឲ្យដឹងថានៅពេលយប់ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៥ឈ្មោះសាម សីហាបានយកឧបករណ៍ឆក់ត្រីទៅចំណុចទួល
តាឈុន(ចំនុចកើតហេតុ)ដើម្បីឆក់ត្រី។ នៅវេលាម៉ោង១០និង៣០នាទីឈ្មោះសាម សីហាទំនងជារអិលជើងដួលក៏ត្រូវឧបករណ៍ឆក់ត្រីឆក់ខ្លួនឯងបណ្ដាលឲ្យស្លាប់នៅកន្លែងកើតហេតុ។
លោកសុខ សូលអធិការនគរបាលស្រុកបាធាយបានឲ្យដឹងថា តាមការពិនិត្យសពតាមលក្ខណៈបច្ចេកទេសវិទ្យាសាស្ត្រឃើញថាឈ្មោះសាម សីហាពិតជាស្លាប់ដោយការឆក់ប្រាកដមែនព្រោះពុំមានលក្ខណៈសម្គាល់អ្វីប្លែកឡើយ។ ពេលនេះសពជនរងគ្រោះត្រូវបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។
លោកអធិការបានអំពាវនាវ និងធ្លាប់អប់រំណែនាំឲ្យប្រជាពលរដ្ឋបញ្ឈប់ការនេសាទត្រីនៅរដូវបិទនេសាទពិសេសការប្រើឧឧបករណ៍ខុសច្បាប់ដូចជា ឧបករណ៍ឆក់ត្រី លូស្បៃមុង ជាដើមបើមិនដូច្នេះទេពេលសមត្ថកិច្ចចាប់បាននឹងត្រូវផ្ដន្ទាទោសតាមច្បាប់៕
ប្រើឧបករណ៍ឆក់ត្រីបែរជាឆក់ស្លាប់ខ្លួនឯងទៅវិញ
0 Comments