ប្រទេសក្រូអាត និងប្រទេសស៊ែប៊ីបានរិះគន់គ្នាទៅវិញទៅមកចំពោះការរឹតបន្តឹងតាមព្រំដែន ខណៈដែលប្រទេសហុងគ្រីបានចាប់ផ្តើមសាងសង់របងបន្លាលួសមួយទៀតនៅជាប់ព្រំដែនប្រទេសស្លូវើនៀដើម្បីទប់ស្កាត់ជនភៀសខ្លួន។
ការប្រឈមមុខដាក់គ្នារវាងរដ្ឋាភិបាលទីក្រុងហ្សាក្រេប និងទីក្រុងបែលក្រាតដែលមានភាពអាក្រក់បំផុតចាប់តាំងពីពួកគេបានប្រយុទ្ធគ្នាក្នុងសង្គ្រាមទសវត្សរ៍ឆ្នាំ១៩៩០នោះបានកើតឡើងនៅពេលជនចំណាកស្រុករាប់ពាន់នាក់បានបន្តដំណើរតាមរយៈតំបន់បាល់កង់ឆ្ពោះទៅកាន់ភាគខាងជើងទ្វីបអឺរ៉ុប។
លំហូរដែលមិនធ្លាប់មានពីមុនមកនេះបានធ្វើឲ្យគូសត្រូវចាស់ត្រូវប្រឈមមុខដាក់គ្នាបន្ទាប់ពីប្រទេសក្រូអាតបានបិទច្រកព្រំដែនរបស់ខ្លួន និងបានចោទប្រកាន់ប្រទេសស៊ែប៊ីថាបានព្រមព្រៀងមួយជាមួយប្រទេសហុងគ្រី ដើម្បីបញ្ជូនជនចំណាកស្រុកតាមផ្លូវរបស់ខ្លួន។
ជាមួយគ្នានោះទីក្រុងប៊ូដាប៉េសបានបិទព្រំដែនរបស់ខ្លួនជាមួយប្រទេសស៊ែប៊ីសប្ដាហ៍មុន ដែលជំរុញឲ្យជនអន្តោប្រវេសន៍រាប់ពាន់នាក់ចូលទៅក្នុងសហភាពអឺរ៉ុបតាមរយៈប្រទេសក្រូអាតជំនួសវិញ។
ប៉ូលិសហុងគ្រីបាននិយាយថា ជនចំណាកស្រុកក្នុងចំនួនកំណត់ត្រា១០០៤៦នាក់បានមកពីប្រទេសក្រូអាតកាលពីថ្ងៃពុធហើយទីក្រុង ប៊ូដាប៉េស បានប្រកាសថា ខ្លួននឹងសម្រេចចិត្ត “ឆាប់ៗនេះ” ថាតើត្រូវបិទព្រំដែនឬក៏អត់។
ប្រទេសហុងគ្រីបានដាក់រួចទៅហើយនូវរបាំងបន្លាលួសនៅតាមបណ្តោយព្រំដែន៤០គីឡូម៉ែត្រជាមួយក្រូអាត ហើយក្រសួងការបរទេសស្លូវើនៀកាលពីថ្ងៃព្រហស្បតិ៍បាននិយាយថា ប្រទេសហុងគ្រីក៏បានចាប់ផ្តើមសាងសង់របាំងផងដែរនៅតាមបណ្តោយព្រំដែនជាមួយខ្លួន។
នាយករដ្ឋមន្ត្រីស៊ែប៊ី Aleksandar Vucic បានចោទប្រកាន់ក្រូអាតពីការរំលោភឈ្លានពានសេដ្ឋកិច្ចប្រឆាំងនឹងប្រទេសស៊ែប៊ី ខណៈដែលក្រសួងការបរទេសបានប្រៀបធៀបពីវិធានការណ៍នានាដែលធ្វើឡើងដោយទីក្រុង ហ្សាក្រេប ទៅនឹងរបបហ្វាស៊ីសក្នុងប្រទេសក្រូអាត អំឡុងពេលសង្គ្រាមលោកលើកទីពីរ។
ដោយឡែកលោកនាយករដ្ឋមន្ត្រីក្រូអាត Zoran Milanovic បានចោទប្រកាន់ទីក្រុង បែលក្រាតថាបានព្រមព្រៀងជាមួយទីក្រុងប៊ូដាប៉េស ដើម្បីបញ្ជូនជនចំណាកស្រុកទាំងអស់ទៅក្រូអាតដែលលោកបានព្រមានថា មិនអាចដោះស្រាយជាមួយនឹងចំនួនដ៏ធំបែបនេះទេ។
លោក Milanovic គឺជាមនុស្សម្នាក់នៃមេដឹកនាំទាំង ២៨ របស់សហភាពអឺរ៉ុបដែលបានចូលរួមក្នុងកិច្ចប្រជុំកំពូលជាបន្ទាន់មួយនៅទីក្រុងប្រ៊ុចសែលកាលពីថ្ងៃពុធក្នុងអំឡុងពេលដែលពួកគេបានព្រមព្រៀងគ្នាដើម្បីជំរុញការផ្តល់ជំនួយសម្រាប់ប្រទេសជិតខាងរបស់ស៊ីរី ដើម្បីបញ្ឈប់ពួកគេមិនឲ្យចូលមកដល់ទ្វីបអឺរ៉ុប។
ប្រធានសហភាពអឺរ៉ុបលោក Donald Tusk បាននិយាយថា ពួកគេក៏បានព្រមព្រៀងគ្នាផងដែរដើម្បីពង្រឹងព្រំដែនរបស់ប្លុកនេះដោយមាននាវាចម្បាំងត្រូវបានប្រើប្រាស់ដើម្បីប្រឆាំងនឹងការជួញដូរនៅក្នុងដែនទឹកអន្តរជាតិក្នុងសមុទ្រមេឌីទែរ៉ាណេចាប់ពីថ្ងៃទី៧ ខែតុលាទៅ៕
AFP
ក្រូអាតនិងស៊ែប៊ីរិះគន់គ្នាទៅវិញទៅមកខណៈហុងគ្រីសាងសង់របងថ្មីការពារជនអន្តោប្រវេសន៍
0 Comments