Ad Code

គ្រូបង្វឹកភ្នំពេញក្រោន និយាយអ្វីខ្លះក្រោយចាញ់ក្រុម បាតតារាង គីរីវង់សុខសែនជ័យ ២ទល់១?

ម្ចាស់ផ្ទះ​ភ្នំពេញ​ក្រោ​ន បាន​ប្រកួត​ចាញ់​ក្រុម​គីរីវង់​សុខ​សែន​ជ័យ ដោយ​លទ្ធផល ២ ទល់ ១ លើទឹក​ដី RSN Stadium របស់ខ្លួន កាលពី​ល្ងាច​ថ្ងៃ​ព្រ​ហ​ស្ប​ត្តិ៍​កន្លង​ទៅក្នុង​វគ្គ​សន្សំ​ពិន្ទុ​សប្ដាហ៍​ទី ១៨ នៃ​ពានរង្វាន់​បាល់ទាត់​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​ក​រដូវ​កាល២០១៥ (Metfone Cambodian League 2015)។


សូមបញ្ជាក់ថា កីឡាករ Ayoyinka របស់​គីរីវង់​សុខ​សែន​ជ័យ បា​នរក​គ្រាប់​បាល់​នាំមុខ​ម្ចាស់ផ្ទះ​នៅ​នាទី ៣២ ស្របពេល​កីឡាករ កែវ សុខ​ផេង របស់​ភ្នំពេញ​ក្រោ​ន តាម​បាន​ស្មើ​វិញ នៅ​នាទី ៦។ ប៉ុន្ដែ​កីឡាករ ឯម ផាន់​ណា របស់​គីរីវង់​សុខ​សែន​ជ័យ បា​នរក​គ្រាប់​បាល់​ជ័យជម្នះ​នៅ​នាទី ៩០+៧ មុន​បញ្ចប់​ការប្រកួត។


ចប់​ការប្រកួត​លោកគ្រូ​បង្វឹក របស់​ក្លិប​ភ្នំពេញ​ក្រោ​ន Sam Schweigruber បាន​សរសើរ​ដល់​គូប្រកួត​គិរីវង់​សុខ​សែន​ជ័យ បន្ទាប់ពី​ក្រុម​លោក​ចាញ់​ក្រុម​បាត​តារាង​មួយ​នេះ។ «ខ្ញុំ​បាន​ទៅ​មើល​ការប្រកួត​រវាង​ក្លិប​គិរីវង់ ជាមួយ​ក្លិប​ក្រសួងការពារជាតិ ជាមួយ​ក្លិប​បឹងកេត និង អគ្គស្នងការដ្ឋាន​នគ​របាល​ជាតិ ដោយ​ក្នុង​ការប្រកួតនីមួយៗក្លិប​គិរីវង់​លេង​បានល្អ​ជាង។ ខ្ញុំ​ពិតជា​មិន​យល់​ហេតុអ្វី​បានជា​ពួកគេ​ស្ថិតនៅ​តំបន់​បាត​តារាង​ហើយ​មានតែ ៥ ពិន្ទុ»។ នេះ​ជាការ​លើកឡើង​របស់លោក Sam។


លោក​បន្ថែមថា៖« យើង​មិនបាន​ក្តាប់​ឱកាស​ដែល​យើង​មាន​ហើយ​បានផ្តល់​ឱកាស​ឲ្យ​ពួកគេ​រកបាន​គ្រាប់​បាល់​ជ័យជម្នះ​នៅ​ចុង​ម៉ោង។ យើង​សំណាង​ដែល​គ្រាប់​បាល់​ត្រូវបាន​ប៉ះ​កីឡាករ​គិរីវង់​ចូល​ទី​ប៉ុន្តែ​ខ្ញុំ​គិតថា​វា​ពិតជា​ពេលវេលា​ដ៏​សាក​សម​ក្នុងការ​រកបាន​គ្រាប់​បាល់​នោះ។ ខ្ញុំ​គិតថា​យើង​មាន​គោលដៅ​ក្រោយ​សម្រាក​តង់​ទី១ ហើយ ពួកគេ​ស្ទើរតែ​គ្មាន​ឱកាស​សោះ​រហូតដល់​នាទី​ទី ៩៧ នៅពេលដែល​ពួកគេ​រកបាន​គ្រាប់​បាល់​ក្រោយ​ការបញ្ជូន​ពី​ជ្រុង​មក។ យើង​មានឱកាស​មួយចំនួន យើង​អាចនឹងទទួល​បាន​បាល់​ពិន័យ ១១ ម៉ែត្រ​ដោយ​បាល់​ប៉ះ​ដៃ ការ​ស៊ុត​របស់​កីឡាករ Booysen Shane និង ឱកាស​ផ្សេងទៀត​យើង​គួរតែ​ធ្វើបាន​ល្អ​ជាង​នេះ យើង​គ្រប់គ្រង​បាល់​ក្នុង​តំបន់​គ្រោះថ្នាក់​ច្រើនតែ​ធ្វើ​មិន​សម្រេច»។


លោកគ្រូ​បង្វឹក​ជនជាតិ​ស្វី​សរូប​នេះ​បន្តទៀតថា​បច្ចុប្បន្ននេះ​ក្រុម​លោក​ដូច​ជាមាន​អ្វី​មិនធម្មតា​ហើយ​មិនអាច​ទៅរួច​នោះទេ​ដែល​ចាញ់​ក្រសួង​ការពារ ៣-០ ហើយ​ឈ្នះ​ស៊ីម៉ាក់ ១០-១ បន្ទាប់មក​ចាញ់​ក្រុម​បាត​តារាង។ លោក​សង្ឃឹមថានឹង​អាច​លេង​បានល្អ​សម្រាប់​ការប្រកួត​នៅ​ថ្ងៃ​សៅរ៍​នេះ​ជាមួយ​ក្លិប​វេ​ស្ទើ​ន ហើយ​ជ័យជម្នះ​នេះ​អាចដាក់​សម្ពាធ​ទៅលើ​ក្លិប​បឹងកេត​អង្គរ​បាន។


គិត​ត្រឹម​សប្ដាហ៍​ទី១៨ នៃ​ពានរង្វាន់ MCL 2015 ក្រុម​ភ្នំពេញ​ក្រោ​ន ឈរ​ចំណាត់ថ្នាក់​លេខ ២ ក្រោយ​ឈ្នះ ១៣ លើក​ស្មើ ៣ លើក និង​ចាញ់ ២ លើក​មាន ៤២ ពិន្ទុ​ស្មើគ្នា​ជាមួយ​ក្រុម​លេខ១ បឹងកេត​អង្គរ តែ​ខុស​ត្រង់​គ្រាប់​បាល់​ចំណេញ៕



គ្រូបង្វឹកភ្នំពេញក្រោន និយាយអ្វីខ្លះក្រោយចាញ់ក្រុម បាតតារាង គីរីវង់សុខសែនជ័យ ២ទល់១?

Post a Comment

0 Comments

Close Menu