Ad Code

ផល​ប្រយោជន៍​នៃ​ការ​កែទម្រង់​ការបង្រៀន និងការ​រៀន

អ្វីៗ ទាំង​អស់​តែងមាន​ការប្រែប្រួល​ ឬមាន​ការ​ផ្លាស់​ប្តូរ​ និងមាន​ការវិវត្ត​ជាបន្ត​បន្ទាប់។ ជា​ពិសេស​បញ្ហា​វប្បធម៌​ដែល​ជាការនិយម​របស់​មនុស្ស​ប្រចាំ​សង្គម​នីមួយៗ នោះ​ក៏​មាន​ការផ្លាស់​ប្តូរ​ឆ្ពោះទៅរក​ការរីក​ចម្រើន​តាម​ជំហាន​នៃ​វិទ្យា​សាស្ត្រ​ដែល​កំពុង​តែ​ដើរ​លឿន​យ៉ាង​ក្រៃ​លែង​ហួស​​ពីការ​ស្មាន​ទៅទៀត។ ទន្ទឹម​នេះ​ដែរ​គ្រប់​ស្ថាប័ន​ ឬគ្រប់​ផ្នែក​ និងគ្រប់​វិស័យ​ទាំង​អស់​មិន​​អាច​នៅទ្រឹង​តែ​មួយ​កន្លែង​នោះ​ទេ គឺ​ត្រូវ​តែ​មាន​ការ​​អភិវឌ្ឍ​ខ្លួន​សម្របទៅ​តាម​ការរីក​ចម្រើន​នា​ពេល​បច្ចុប្បន្ន​នេះ។ ជាក់ស្តែង​វិស័យ​អប់រំ​គ្រប់​កម្រិត​ថ្នាក់​នៃ​ការបង្រៀន​របស់​គ្រូ​ និង​ការរៀន​របស់​សិស្ស​ក៏​ត្រូវ​តែមាន​ការ​កែទម្រង់​ឲ្យ​ដើរ​តាម​ទាន់​វិស័យ​អប់រំ​នៃ​ប្រទេស​ជឿន​លឿន​លើ​លោក​ផងដែរ​ទើប​ទៅ​រួច។


កន្លងមក​នេះ​តាមប្រសាសន៍​របស់លោក​ហង់ ជួនណារ៉ុន​រដ្ឋមន្ត្រី​ក្រសួង​អប់រំ​បាន​បញ្ជាក់​ជាសាធារណៈ​ថា មិនមែន​ត្រឹមតែ​ជាការកែ​ទម្រង់​​នៃ​ការ​ប្រឡង​​បាក់ឌុប​នោះទេ គឺ​ជា​ការកែ​ទម្រង់​គ្រប់​កម្រិត​សិក្សា​ទាំង​អស់​សំដៅ​ធ្វើ​ឲ្យសិស្ស​មាន​គុណភាព​ និងសមត្ថភាព​ស្របទៅតាម​តម្រូវ​ការ​​នៃ​ទីផ្សារ។ មាន​ន័យ​ថា ជាការកែទម្រង់​នៃ​វិស័យ​អប់រំ​ទាំងមូល​ដើម្បី​ធ្វើ​ឲ្យ​សិស្ស​មាន​ចំណេះ​ដឹង​មាន​ចំណេះ​ធ្វើ និងមាន​សីលធម៌​ចេះ​រស់នៅ​ និង​ធ្វើការ​ជាមួយគ្នា​ប្រកប​ដោយ​ការរីក​ចម្រើន​ និងមាន​ភាព​សុខសាន្ត។ ឯអ្វីដែល​ហៅថា ជាការកែ​ទម្រង់​នៃ​វិស័យ​អប់រំ​នោះគឺ​វាទាក់ទង​នឹង​ការបង្រៀន​របស់គ្រូ​ជាចម្បង​បំផុត​ព្រោះ​បើការ​បង្រៀន​​មាន​ការកែទម្រង់​នោះក៏​មាន​ន័យ​បន្ត​មក​ជាមួយ​គ្នាថា ការរៀន​របស់​សិស្ស​នោះក៏​មាន​ការកែ​ទម្រង់ទៅតាម​ការបង្ហាត់​បង្រៀន​ និងការណែនាំ​ពន្យល់ពីគ្រូ​នោះដែរ។ ជាបន្ត​ទៅ​ទៀត​បើការ​បង្រៀន​ និងការ​រៀន​មាន​ការ​កែ​ទម្រង់​ហើយ​នោះ​ប្រាកដ​ជាគេ​សង្ឃឹម​ថា គ្រប់តែ​ការប្រឡង​ទាំង​អស់​នឹងនាំមក​នូវ​ការកែ​ទម្រង់​ទៅតាម​នោះជាមិន​ខាន។ ដូចនេះ​គេសួរ​ថា តើការកែទម្រង់​នៃ​ការបង្រៀន​នោះ​ត្រូវ​ធ្វើ​ដូច​ម្តេច? ហើយ​​គេសួរ​បន្ត​ទៀតថា កាលពី​មិន​ទាន់​មាន​ការកែ​ទម្រង់​នោះ តើ​ស្ថាន​ភាព​នៃ​ការបង្រៀន​​របស់គ្រូ​ប្រព្រឹត្ត​ទៅយ៉ាង​ណាដែរ?


បើយើង​និយាយ​អំពី​អ្វី​ដែល​ជា​វត្ថុ​បំណង​នៃ​ការ​បង្រៀន​នោះគឺ គេឃើញ​គ្រូ​បង្រៀន​បានសរសេរ​នៅខាង​ដើម​បង្អស់​នៃ​កិច្ច​តែង​​ការបង្រៀន​ដែល​គេ​បានដឹងថា ទី១​ចង់​ឲ្យ​សិស្សចេះ ទី២ ចង់​ឲ្យ​សិស្ស​ចេះធ្វើ​​ ឬចេះ​អនុវត្ត​ និង​ទី៣ ដើម្បី​ឲ្យ​សិស្ស​មាន​ការ​អភិវឌ្ឍ​បុគ្គលិក​លក្ខណសម្បត្តិ​ប្រកប​ដោយ​សីលធម៌​របស់​ខ្លួន​ក្នុងការ​រួ​មរស់​ និង​ធ្វើ​ការ​ជាមួយគ្នា។ អ៊ីចឹង​ទោះ​ជា​មាន​ការ​កែទម្រង់​ក្នុងការ​បង្រៀន​នោះក៏​មិន​ខុស​ពីគោល​បំណង​នៃ​ការបង្រៀន​ដែល​បាន​គ្រោង​ទុក​នោះដែរ។ ប៉ុន្តែ​អ្វីដែល​ត្រូវ​កែ​លម្អ​នោះ​គឺ ការបង្រៀន​ដើម្បី​ឲ្យ​បាន​សម្រេច​នូវវវត្ថុបំណង​នោះតែម្តង។ បានសេចក្តីថា គ្រូ​បង្រៀន​តែង​រិះ​រក​មធ្យោបាយ​ក្នុងការ​បង្រៀន​របស់​ខ្លួន​ដោយ​ធ្វើឲ្យ​សិស្ស​បាន​ចេះ​បានយល់​នូវ​មេរៀន​ដែល​គ្រូ​បាន​បង្រៀន​។ ហេតុអ្វី​បានជានិយាយ​យ៉ាង​នេះ? តើការ​បង្រៀន​កន្លង​មក​សិស្ស​មិនចេះ​ ឬមិន​យល់​មេរៀន​ទេឬ? តាម​ធម្មតារាល់​តែ​ការបង្រៀន​ទាំង​អស់​​តែងមាន​សិស្ស​ចេះ និង​យល់​ផង​ហើយ​ក៏​មាន​សិស្ស​មិន​ចេះ​ និង​មិន​យល់​ផងដែរ។ ប៉ុន្តែ​ចំពោះ​ការងារ​កែទម្រង់​នៃ​​ការងារ​អប់រំ​នាពេលនេះ​ក៏ដូច​ជា​ការងារ​កែលម្អ​ការអប់រំ​ដែរ​ពោលគឺ ធ្វើ​ឲ្យ​ស៊ី​ជំរៅ​ដល់​សិស្ស​តាម​រយៈសិស្ស​មាន​ការ​ស្រាវជ្រាវ​​ស្វែង​យល់​ផ្ទាល់​ខ្លួន​​ហៅថា ការសិក្សា​​​ដោយ​មាន​គោល​វិធី​សិស្ស​ជា​មជ្ឈមណ្ឌល​។ នេះ​ក៏​ជាមេរៀន​​នៃ​ការ​បង្រៀន​របស់គ្រូ​កន្លង​មក​ដែរ តែ​គ្រូ​បង្រៀន​ភាគ​ច្រើន​មិន​សូវ​បាន​ប្រើប្រាស់​នោះទេ​ ព្រោះ​ជា​ការ​បង្រៀន​ដែល​គ្រូ​បានយល​ចិត្ត​ទុក​ដាក់​យ៉ាង​ច្រើន​ ដែល​រាប់​តាំង​ពី​ការប្រើ​ប្រាស់​ពេល​វេលា​ឲ្យ​ទៀង​ទាត់​ជាដើម​ទៀត​ផង។ ជាង​នេះ​ទៅទៀត​ចំពោះ​ការងារ​​ដឹកនាំ​សិស្ស​តាមរយៈ​ការដាក់​កិច្ច​ការ​ និងការ​វាស់​ស្ទង់​ហៅថា សំណួរ​ត្រួតពិនិត្យ​​ប្រចាំខែ​ និង​ការប្រឡង​ឆមាស​នោះ​ក៏​ត្រូវ​តែ​ប្រព្រឹត្ត​ឡើង​ដោយ​​ការម៉ាត់​ប្រែ​ទៅតាម​បទបញ្ជា​ដើម្បី​បង្កើត​នូវ​ទម្លាប់​ល្អ​ដល់​សិស្ស​តាំងពី​ថ្នាក់​តូច​ឡើង​ទៅ​។ ដោយ​ឡែក​ចំពោះ​អ្វី​ដែល​ហៅថា គ្រូស៊ីលុយ​សិស្ស​ ឬគ្រូ​មាន​ការប្រព្រឹត្ត​នូវ​អំពើ​ពុករលួយ​ពីសិស្ស​នោះ​គប្បី​កុំ​ឲ្យ​មានឡើយ។


ទាំង​អស់​នេះ​ក៏​មាន​ន័យថា ជា​ការកែ​ទម្រង់​នៃ​ការសិក្សា​គឺ កែលម្អ​ទាំង​ការ​បង្រៀន​ផង និង​ក៏​មាន​ការកែលម្អ​ការរៀន​របស់​សិស្សផង។ ឯ​កត្តា​សំខាន់​ដែល​ពិបាក​កែលម្អ​នោះវានៅ​លើ​បញ្ហា​គ្រូ​បង្រៀន​តែម្តង ដែល​មានបញ្ហា​ជីវភាព​ខ្វះ​ខាត​វាទាមទារ​ឲ្យ​មានការ​ផ្សាភ្ជាប់​ជាមួយ​សិស្ស​ប្រកប​ដោយ​ការ​យោគ​យល់​តាមរយៈ​ការ​ទទួល​ផល​ប្រយោជន៍​ពីសិស្ស​ដើម្បី​បានរស់​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការគិត​គូរ​ពីរឿង​គុណ​ភាព​សិស្ស​មួយ​ចំណែក​ធំផងដែរ៕



ផល​ប្រយោជន៍​នៃ​ការ​កែទម្រង់​ការបង្រៀន និងការ​រៀន

Post a Comment

0 Comments

Close Menu