អ្នកធ្វើធម្មយាត្រាយ៉ាងហោចណាស់៧១៧នាក់បានស្លាប់ ដោយការរត់ជាន់គ្នា និងរងរបួសជាច្រើនរយនាក់នៅថ្ងៃព្រហស្បតិ៍ នៅជាយក្រុង Meccaដ៏វិសុទ្ធនៅក្នុងប្រទេសអារ៉ាប៊ីសាអ៊ូឌីត ហើយនេះជាសោកនាដកម្ម ដែលបណ្ដាលឲ្យមនុស្សស្លាប់ និងរបួសយ៉ាងច្រើនបំផុតនៅក្នុងការធ្វើធម្មយាត្រាប្រចាំឆ្នាំក្នុងរយៈពេលជាង២ទសវត្សរ៍មកនេះ។
នៅថ្ងៃនេះផងដែរ គឺឆ្នាំ២០១៥: មនុស្ស១០៧នាក់ស្លាប់ ក្រោយបាក់ដងស្ទួចមកលើវិហាហ្គ្រែន, នៅឆ្នាំ២០០៦: អ្នកធម្មយាត្រា៣៦៤នាក់ ស្លាប់ដោយសារកិនគ្នា អំឡុងពិធីចោលដុំថ្ម, ឆ្នាំ១៩៩៧: មនុស្ស៣៤៣ស្លាប់ដោយសាររត់ជាន់គ្នា និង១៥០០នាក់ ស្លាប់ដោយសារអគ្គីភ័យ, ឆ្នាំ១៩៩៤: មនុស្ស២៧០នាក់ ស្លាប់ដោយសាររត់ជាន់គ្នា, ឆ្នាំ១៩៩០: អ្នកធម្មយាត្រា១៤២៦នាក់ស្លាប់ដោយសារការរត់ជាន់គ្នានៅក្នុងផ្លូវរូងឆ្ពោះទៅកាន់ទីសក្ការបូជា, នៅឆ្នាំ១៩៨៧ មនុស្ស៤០០នាក់ស្លាប់ នៅពេលដែលក្រុមអាជ្ញាធរអារ៉ាប៊ីសាអ៊ូឌីតប៉ះទង្គិចជាមួយហ្វូងបាតុករគាំទ្រអ៊ីរ៉ង់កាលពីឆ្នាំ១៩៨៧។ ទាំងនេះពិតជាសោកនាដកម្មមួយដ៏អាក្រក់បំផុត ដែលវាបានកើតឡើងចំថ្ងៃតែមួយ គ្រាន់តែខុសឆ្នាំគ្នានោះ។
ចំណែកហេតុការណ៍នៅថ្ងៃនេះវិញគឺ អ្នកធ្វើធម្មយាត្រាយ៉ាងហោចណាស់ចំនួន៨៦៣នាក់បានរងរបួសនៅក្នុងការរត់ជាន់គ្នា ហើយអ្នកស្លាប់បានកើនឡើងដល់៧១៧នាក់។ នេះបើតាមនាយកការពារជនស៊ីវិលអារ៉ាប៊ីសាអ៊ូឌីត ដែលបានផ្ដល់នូវចំនួនអ្នកស្លាប់។ សោកនាដកម្មនេះបានកើតឡើងខណៈដែលជនមូស្លីមជុំវិញពិភពលោកចាប់ផ្ដើមពិធីបុណ្យ Eid al-Adha។
វាជាមហន្តរាយលើកទី២ហើយក្នុងរដូវ ធម្មយាត្រាប្រចាំឆ្នាំ ដោយបានចោទជាសំណួរអំពីភាពគ្រប់គ្រាន់របស់អាជ្ញាធរអារ៉ាប៊ីសាអ៊ូឌីតដើម្បីធានាសុវត្ថិភាពជូនជនមូស្លីមប្រហែល២លាននាក់ ដែលបានចូលរួម។ រីឯការដួលរំលំម៉ាស៊ីនស្ទូចនៅទីក្រុង Meccaជិត២សប្ដាហ៍មុនបានបន្សល់ទុកមនុស្ស១១១នាក់បានស្លាប់ផងដែរ៕
អ្នកស្លាប់ដោយសារការរត់ជាន់គ្នាជាច្រើនកើតឡើងនៅថ្ងៃនេះ
0 Comments