បន្ទាយមានជ័យ ៖ នៅល្ងាចថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៥នៅសាលប្រជុំសាលាខេត្តបន្ទាយមានជ័យ លោកនាយឧត្តមសេនីយ៍ខេង សុមេធបាននិយាយថា នគរបាលចាស់ដែលបានចូលនិវត្តន៍ គឺជាស្ពានសម្រាប់ចម្លងដល់មនុស្សជំនាន់ក្រោយព្រោះថា មន្ត្រីចាស់ៗ ទាំងនោះជាធនធានមនុស្សដ៏មានសារៈសំខាន់ សម្រាប់សង្គមជាតិ។
លោកខេង សុមេធ បានមានប្រសាសន៍ថា នគរបាលចាស់ដែលបានចូលនិវត្តន៍ទាំងអស់រយៈពេលកន្លងមកបានបូជា សាច់ស្រស់ឈាមស្រស់ទាំង កម្លាំងកាយ កម្លាំងចិត្ត លះបង់អ្វីៗគ្រប់បែបយ៉ាង នៅក្នុងជីវិតការងាររបស់ខ្លួនដើម្បីបំពេញតួនាទីជាមន្ត្រី ហើយបានរួមចំណែកកសាងនូវស្ពានសន្តិភាពចម្លងជោគវាសនាប្រទេសជាតិ ឆ្ពោះទៅដល់ដំណាក់កាលនៃការអភិវឌ្ឍ។
លោកខេង សុមេធបានបញ្ជាក់ទៀតថា នគរបាលចាស់ៗ ដែលបានចូលនិវត្តន៍នេះគឺជាវីរកម្មមិនអាចបំភ្លេចបានឡើយព្រោះថា ពួកគាត់ជាទ្រព្យដ៏មហាសាលសម្រាប់ចម្លងដល់មនុស្សជំនាន់ក្រោយ ដែលបាននឹងកំពុងបន្តវេនដើម្បីសង្គមមួយមាននីតិរដ្ឋ នគរបាលដែលបានចូលនិវត្តន៍ទាំងអស់នេះជាឪពុក ជាម្តាយ ជាបង ជាពូ ជាមីង មិនត្រូវមើលរំលងឡើង ព្រោះពូកគាត់បាន សាងគុណសម្បត្តិ កសាងសង្គមឲ្យមានការរីកចំរើន ជាមួយរាជរដ្ឋាភិបាលកម្ពុជាបច្ចុប្បន្នផងដែរ។ ដើម្បីជាការឆ្លើយតបទៅនឹងគុណបំណាច់នេះ លោកខេង សុមេធ បាននាំយកថវិកាទៅឧបត្ថម្ភដល់នគរបាលដែលបានចូលនិវត្តន៍ជិត៥០នាក់ ម្នាក់ៗ ទទួលបានថវិកាចំនួន៥០ ម៉ឺនរៀល ហើយលោកសន្យាថា នឹងបន្តជួបមុខគ្នាបន្តបន្ទាប់ទៀតនៅពេលក្រោយផងដែរ៕
លោកខេង សុមេធកោតសសើរដល់នគរបាលចូលនិវត្តន៍ថា ជាស្ពានចម្លងសម្រាប់មនុស្សជំនាន់ក្រោយ
0 Comments