ភ្នំពេញ ៖ ទីតាំងកត់កន្ទុយលេខ និងកត់ចាក់បាល់ដុះស្លែមួយកន្លែង ស្ថិតក្នុងផ្សារតូចផ្លាហ្សា សង្កាត់ស្រះចក ខណ្ឌដូនពេញ ត្រូវបានគណៈបញ្ជាការឯកភាពខណ្ឌដូនពេញ ដឹកនាំកម្លាំងចម្រុះបង្ក្រាប ជាលទ្ធផលឃាត់ខ្លួនមនុស្ស២នាក់ និងដកហូតវត្ថុតាងជាក់ស្ដែងផងដែរ។
ករណីបង្ក្រាបល្បែងកន្ទុយលេខដុះស្លែមួយនេះបានធ្វើឡើងកាលពីវេលាម៉ោង៤រសៀល ថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១៥ នៅចំណុចក្នុងផ្សារផ្លាហ្សា ផ្លូវលេខ៦៨ ភូមិ១៧ សង្កាត់ស្រះចក ខណ្ឌដូនពេញ។
ប្រតិបត្តិការនេះបានដឹកនាំដោយលោក ហោ លីណា ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ និងមានបញ្ជាក់ផ្ទាល់ពីលោក គួច ចំរើន អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ បានចាត់កម្លាំងគណៈកម្មការចម្រុះខណ្ឌដឹកនាំដោយលោក ថន ផល ក្រឡាបញ្ជី និងលោក ចាន់ បណ្ឌិត នាយករងរដ្ឋបាលខណ្ឌ។ ជាលទ្ធផលបានចុះបង្ក្រាបទីតាំងកត់កន្ទុយលេខដុះស្លែមួយកន្លែងនៅទីតាំងតូបគ្មាន ស្ថិតក្នុងផ្សារផ្លាហ្សានេះ ដោយឃាត់ខ្លួនបានអ្នកកត់ឆ្នោតឈ្មោះ ផល សុភា ភេទប្រុស អាយុ២៩ឆ្នាំ ស្នាក់នៅផ្ទះលេខ 2340 Eoz ផ្លូវលេខ៥៤ ភូមិ១៨ សង្កាត់ស្រះចក ខណ្ឌដូនពេញ និងម្នាក់ទៀតជាអ្នកមកចាក់ឈ្មោះ ជា ហួត ភេទប្រុស អាយុ៦១ឆ្នាំ ជនជាតិខ្មែរកាត់វៀតណាម អាសយដ្ឋានមិនច្បាស់លាស់។
វត្ថុតាងដកហូតបានមានខាងក្រោម ៖
១/-ក្រដាសកត់ឆ្នោត ចំនួន៤ច្បាប់ ( សរសេរលេខរួច២ច្បាប់ ចុះថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១៥ )
២/-សៀវភៅកត់ត្រាឆ្នោតចេញរួច១ក្បាល
៣/-វិក្កយបត្រចំនួន៣ក្បាល
៤/-ម៉ាស៊ីនគិតលេខ១គ្រឿង
៥/-លទ្ធផលឆ្នោតចេញរួច១១សន្លឹក បូកនឹងក្រដាសសំខាន់កត់ឆ្នោត១ដុំ
៦/-ទូរស័ព្ទម៉ាក Samsung ១គ្រឿង
៧/-ប្រាក់រៀលចំនួន១.១៨៥.០០០រៀល
៨/-ប្រាក់ដុល្លារចំនួន៧៨ដុល្លារ រួមនឹងកាបូបស្ពាយខ្មៅ១។ ក្រៅពីសម្ភារៈ កម្លាំងចម្រុះមិនបានប៉ះពាល់អ្វីឡើយ។ បច្ចុប្បន្នជនសង្ស័យទាំង២នាក់ រួមនឹងវត្ថុតាង បានបញ្ជូនទៅអធិការនគរបាលខណ្ឌ ដើម្បីចាត់វិធានការតាមច្បាប់៕
គណៈបញ្ជាការឯកភាពខណ្ឌដូនពេញបង្ក្រាបទីតាំងកត់កន្ទុយលេខដុះស្លែមួយកន្លែង ស្ថិតក្នុងផ្សារផ្លាហ្សា
0 Comments