ភ្នំពេញ ៖ ក្រុមអ្នកវិនិយោគិនចិនបានបង្កើតសមាគមន៍សភាសហគ្រាសវាយនភ័ណ្ឌចិនឡើងនៅក្នុងប្រទេសកម្ពុជា ដើម្បីជួយការពារវិនិយោគិនចិននៅកម្ពុជា និងទាក់ទាញលំហូរវិនិយោគពីបណ្ដាប្រទេសមានអំណាចឲ្យមកធ្វើការវិនិយោគកាន់តែច្រើនឡើងនៅក្នុងប្រទេសកម្ពុជា។ ពិធីប្រកាសជាផ្លូវការនៃការបង្កើតសមាគមន៍នេះបានធ្វើឡើងកាលពីថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៥ នៅរាជធានីភ្នំពេញ ក្រោមការចូលរួមពីមន្ត្រីរាជរដ្ឋាភិបាលកម្ពុជា ឯកអគ្គរាជទូតចិនប្រចាំកម្ពុជា និងពាណិជ្ជកម្មចិននៅប្រទេសកម្ពុជាជាច្រើននាក់។
លោក HE ENJIA ប្រធានសមាគមន៍សភាសហគ្រាសវាយនភ័ណ្ឌនៃសមាគមន៍ពាណិជ្ជកម្មចិននៅប្រទេសកម្ពុជាបានឲ្យដឹងថា សភាសហគ្រាសវាយនភ័ណ្ឌនៃសភាពាណិជ្ជកម្មចិននៅប្រទេសកម្ពុជាគឺជាសភាសហគ្រាសឧស្សាហកម្មដែលស្ថិតក្រោមសភាពាណិជ្ជកម្មចិន។ សភាសហគ្រាសវាយនភ័ណ្ឌនៅកម្ពុជានេះ បង្កើតឡើងដោយសហគ្រាសកាត់ដេរ ដែលមានផលិតផល និងធ្វើអាជីវកម្មវាយនភ័ណ្ឌរបស់ចិនដែលវិនិយោគស្របច្បាប់នៅប្រទេសកម្ពុជា និងសភាសហគ្រាសវាយនភ័ណ្ឌស្វ័យភាព។ លោកបញ្ជាក់ថា សភាសហគ្រាសនេះបានអនុវត្តសកម្មភាពការងាររបស់ខ្លួនក្រោមការណែនាំរបស់ស្ថានទូតនៃសាធារណរដ្ឋចិនប្រជាមានិតចិនប្រចាំកម្ពុជា និងក្រោមការដឹកនាំរបស់សភាពាណិជ្ជកម្មចិននៅកម្ពុជា។
សមាគមន៍នេះបង្កើតឡើង ដើម្បីផ្ដល់សេវាកម្មកាន់តែប្រសើរដល់សហគ្រាសវាយនភ័ណ្ឌចិនដែលវិនិយោគនៅប្រទេសកម្ពុជា និងធានាសល់ផលប្រយោជន៏ជូនសហគ្រាសវាយនភ័ណ្ឌចិននៅកម្ពុជាព្រមទាំងទាក់ទាញវិនិយោគិនពីប្រទេសចិនមកប្រទេសកម្ពុជាឱ្យកាន់តែមានចំនួនច្រើន។មួយវិញទៀតក៏ដើម្បីសហការជាមួយក្រសួងការងាររបស់ប្រទេសកម្ពុជាលើផ្នែកទំនាក់ទំនងការងារ និងសហប្រតិបត្តិការ។
លោកជា វុទ្ធីអគ្គលេខាធិការរងនៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ( CDC ) បានគាំទ្រគំនិតផ្ដួចផ្ដើម ឲ្យមានសមាគមន៍សភាសហគ្រាសវាយនភ័ណ្ឌនេះឡើង។ លោកមានប្រសាសន៍ថា ថ្វីត្បិតតែយើង មានសមាគមន៍ពាណិជ្ជកម្មចិនប្រចាំនៅកម្ពុជាមែន ក៏ប៉ុន្តែសមាគមន៍នេះបានគ្របដណ្ដប់លើគ្រប់វិស័យទាំងអស់ដែលធ្វើឲ្យការសិក្សាទៅលើវិស័យនីមួយៗមិនអាចមានលក្ខណៈហ្មត់ចត់ និងគ្រប់ជ្រុងជ្រោយនោះឡើយ។ ការបង្កើតឲ្យមានសមគមសភាសហគ្រាសវាយនភ័ណ្ឌចិននៅកម្ពុជានេះគឺជាយន្តការមួយបំពេញបន្ថែមទៅឲ្យម្ចាស់ក្រុមហ៊ុនវាយនភ័ណ្ឌទទួលការវិនិយោគនៅកម្ពុជាធ្វើការ ពិគ្រោះយោបល់ ពិភាក្សាគ្នា រកដំណោះស្រាយគិតគូរយ៉ាងណា ដើម្បីធានាថា វិស័យវាយនភ័ណ្ឌរបស់អ្នកវិនិយោគចិនដែលមានវិនិយោគនៅកម្ពុជាធានាបាននៅភាពប្រកួតប្រជែង និងមាននិរន្តរភាពក្នុងការវិនិយោគនៅកម្ពុជា ហើយនឹងខិតខំប្រឹងប្រែងយ៉ាងណាមានលទ្ធភាពក្នុងការចូលរួមជាមួយនឹងដៃគូនានាទាំងផ្នែករដ្ឋាភិបាល អង្គការអន្តរជាតិ និងកម្មករ និយោជិកទាំងអស់ក្នុងការចរាចរគ្នា ពិភាក្សាគ្នារកដំណោះស្រាយរួមគ្នាក្នុងទិសដៅ ដើម្បីធ្វើឲ្យវិស័យនេះរីកចម្រើនទៅមុខជាលំដាប់ និងទាក់ទាញនូវឧស្សាហកម្មប្រភេទនេះមកកម្ពុជាយើងបាន។ របាយការណ៍ពីសមាគមន៍រោងចក្រកាត់ដេរនៅកម្ពុជា ( GMAC ) បានឲ្យដឹងថា វិស័យឧស្សាហកម្មកាត់ដេរសម្លៀកបំពាក់ និងស្បែកជើងនៅកម្ពុជាមានអ្នកវិនិយោគចម្រុះជាតិសាសន៍មកពី២៦ប្រទេស ក្នុងនោះប្រទេសចិនជាប់លំដាប់លេខ១ដែលមានរោងចក្រកំពុងដំណើរការចំនួន២១០ក្រុមហ៊ុន។
លោកស្រីពួ ជៀងគួ ( Bu Jianguo ) ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជាមានប្រសាសន៍ថា ទំនាក់ទំនងពាណិជ្ជកម្មរវាងប្រទេសចិន និងប្រទេសកម្ពុជាមានសញ្ញាវិជ្ជមានជាលំដាប់ក្នុងនោះបើគិតត្រឹមឆ្នាំ១៩៩២ គឺមានតែជាង ១២,៩ពាន់លានដុល្លារអាមេរិកប៉ុណ្ណោះ ប៉ុន្តែមកដល់ឆ្នាំ២០១៤ បានកើនឡើងដល់ ៣.៧៥២លានដុល្លារអាមេរិក ហើយថ្នាក់ដឹកនាំប្រទេសទាំងពីរបានដាក់ផែនការអនុវត្តពាណិជ្ជកម្មទ្វេភាគីឲ្យដល់ទំហំទឹកប្រាក់៥.០០០លានដុល្លារអាមេរិកនៅឆ្នាំ២០១៧ខាងមុខ៕
សមាគមន៍សភាសហគ្រាសវាយនភ័ណ្ឌចិន ត្រូវបានបង្កើតឡើងនៅកម្ពុជា
0 Comments